អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ស្ថានតំណាងកម្ពុជានៅUNថា ការចោទប្រកាន់កូនប្រុសអតីតសកម្មជនCNRPគឺស្របទៅតាមច្បាប់

ក្រុមអ្នកជំនាញ​ផ្នែកសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បង្ហាញក្តី​ព្រួយបារម្ភ​ពីការឃុំខ្លួន​កូនប្រុសអតីត​សកម្មជន​CNRP​ ដែលជាអនីតិជន​ជាង២ខែមកនេះ។​ នេះបើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​កាលពីថ្ងៃទី​០២កញ្ញា​ម្សិលមិញ​។​ ជាការឆ្លើយតប​ ស្ថានតំណាង​កម្ពុជានៅអង្គការ​សហប្រជាជាតិ​បានបញ្ជាក់ថា ​រាល់ការចោទប្រកាន់​ និងការអនុវត្ត​និតិវិធី គឺ​អនុលោម​ស្របទៅតាមផ្លូវ​ច្បាប់របស់​កម្ពុជា។

ក្មេងប្រុសម្នាក់អាយុ១៧ឆ្នាំ ដែលជាកូនរបស់ លោក កាក់ កុម្ភា សកម្មជនបក្សប្រឆាំង
ក្មេងប្រុសម្នាក់អាយុ១៧ឆ្នាំ ដែលជាកូនរបស់ លោក កាក់ កុម្ភា សកម្មជនបក្សប្រឆាំង © សហការី
ផ្សាយពាណិជ្ជកម្ម

មាត្រា៤៩៤ ៤៩៥ និង ៥០២ គឺជាបទល្មើសដែលតុលាការសម្រេចចោទប្រកាន់ទៅលើកុមារម្នាក់ដែលជាកូនប្រុសរបស់អតីតសកម្មជនCNRP។  មាត្រាទាំងនោះរូមមាន បទល្មើសនៃការញុះញង់ឲ្យប្រព្រឹត្តបទល្មើស ការប្រមាថ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។ ហើយក៏ជាការអះអាងរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាថាការចោទប្រកាន់ និងការអនុវត្តនិតិវិធីទាំងនេះគឺស្របទៅតាមច្បាប់ទាំងស្រុង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទីសុក្រនេះ។

បើតាមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ការអនុវត្តនីតិវិធីគឺស្របទៅតាមច្បាប់មាត្រា ២១៤ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្ដោះអាសន្នចំពោះអនីតិជន។ លើសពីនេះ ការទាមទារឲ្យមានការដោះលែងបុគ្គលណាម្នាក់គឺស្មើនឹងការប្រមាថលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពរបស់តុលាការកម្ពុជាផងដែរ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ទី០២កញ្ញា ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន​ ពីទីក្រុងហ្សឺណែវ ទទូចឲ្យមានការដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ ដោយធានាថាកុមារារូបនោះត្រូវបានការពារទៅតាមអនុលោមនៃសិទ្ធិកុមារ ខណៈដែលក្រុមសិទ្ធិមនុស្សថាកុមាររូបនោះ មានជំងឺអូទីស្សឹម។ តែស្ថានតំណាងកម្ពុជាថា តុលាការមាននូវលិខិតបញ្ជាក់វេជ្ជសាស្ត្រដែលអះអាងពីស្ថានភាពសុខភាពជាក់ស្ដែងរបស់អនីតិជនរូបនោះ។

គួរបញ្ជាក់ថា កុមារកាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួន ជាលើកទី២ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់​ពីការ​ចាប់​ខ្លួន​លើកទី១ កាល​ពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ខណៈ​រូប​គេ​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ នៅអតីត​ទីស្នាក់​ការ​កណ្ដាលក្នុង​សង្កាត់​ចាក់​អង្រែ។ រូបគេជាកូនប្រុសរបស់លោក កាក់ កុម្ភារ ជាសមាជិកអតីតបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ និងអ្នកស្រី ព្រំ ចន្ថាដែលជាអតីតសមាជិកសកម្មជននៃក្រុមអ្នកការពារសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ