អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

CambodJA ស្នើឲ្យមានវិធានការអប់រំសមត្ថកិច្ចឲ្យយល់ពីតួនាទីអ្នកកាសែត និងបញ្ឈប់ការគំរាមកំហែង

សមាគម​អ្នកកាសែត​កម្ពុជា(CamboJA) ​នៅថ្ងៃទី០៦​ ខែកញ្ញានេះ ​បានសម្តែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ ដែលអ្នកសារព័ត៌មាន​ពីររូប​ បានរងនូវ​ការបំភិតបំភ័យ ​ក្នុងពេលពួកគាត់​ចុះយកព័ត៌មាន​ពីករណីជម្លោះ​ដីធ្លីព្រលានយន្តហោះ​អន្តរជាតិថ្មី​ក្នុងខេត្តកណ្ដាល។​ ​ការថ្លែងរបស់ ​CambodJA ​ដូច្នេះ គឺបន្ទាប់​ពីអ្នកកាសែត​ហាត់ការ​ម្នាក់នៃស្ថាប័ន​ VOD ​និងអ្នករាយការណ៍​ទូរទស្សន៍​អនឡាញម្នាក់ទៀត​ ត្រូវបានអាជ្ញាធរ​ព្រមានមិនឲ្យ​យកព័ត៌មាន​ និងរារាំងមិន​ឲ្យផ្សាយ​។

អ្នកសារព័ត៌មាន (រូបតំណាង)
អ្នកសារព័ត៌មាន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់ CambodJA ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនេះ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) បានចុះទៅយកព័ត៌មាននៅកន្លែងមានជម្លោះដីធ្លីក្នុងតំបន់ព្រលាន​យន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនៅទីនោះ ក្រុមប្រជាពលរដ្ឋបានធ្វើសន្និសីទកាសែត ឆ្លើយតបនឹងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលស្តីពីការបិទទ្វារទឹក និងកាយផ្តាច់ផ្លូវទំនប់៥៤ ដែលស្ថិតនៅក្នុងភូមិកំពង់តាឡុង។

តាមការរៀបរាប់ប្រាប់ សមាគមកាសែត លោក ពក ខឺយ ត្រូវបានកម្លាំងសន្តិសុខ ដែលយាមការពារនៅតំបន់ ដែលប្រជាពលរដ្ឋធ្វើសន្និសីទកាសែត ឯកសណ្ឋានស៊ីវិល ប្រដាប់ដោយវិទ្យុទាក់ទង ជិះម៉ូតូដេញតាមពីក្រោយ ពេលដែលលោកធ្វើបទសម្ភាសជាមួយអ្នកតវ៉ា ហើយត្រលប់មកការិយាល័យព័ត៌មានវិញ។ ទីបំផុត អ្នកកាសែតហាត់ការរូបនេះ មិនត្រូវបានឃាត់ខ្លួនអ្វីឡើយ ខណៈដែលអ្នកគ្រប់គ្រងទូរទស្សន៍អនឡាញម្នាក់ទៀត ត្រូវបានគេប្រាប់ដំណឹងនៃការរារាំងជាមុន ជាហេតុធ្វើឲ្យលោកបារម្ភ និងមិនបានទៅយកព័ត៌មានកន្លែងនោះឡើយ។

អាជ្ញធរខេត្តកណ្តាលមិនទាន់មានប្រតិកម្មតបត ដូចដែលអ្នកកាសែតទាំងពីបានលើកឡើងតាមរយៈ CamboJA នៅឡើយ។

លោក ណុប វី មាននាយកប្រតិបត្តិ CambodJA បានថ្លែងថា ការរារាំង ការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗមកលើអ្នកសារព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេរីភាពរបស់អ្នកសារព័ត៌មាន ស្ថានភាពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន និងរបស់ប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ដើមខែកញ្ញា ឆ្នាំ ២០២១នេះ CamboJA បានកត់ត្រាករណីបៀតបៀនមកលើអ្នកសារព័ត៌មានចំនួន៣៨ករណី ដែលកើតមានលើអ្នកសារព័ត៌មានចំនួន៥៦នាក់ (ក្នុងនោះមានស្រ្តីចំនួន៤នាក់) ដែលភាគច្រើនជាករណីចាប់ឃុំខ្លួន និងការប្រើអំពើហិង្សា។

សមាគម CambodJA ទទូចឲ្យមន្រ្តីថ្នាក់លើនៃក្រសួងជំនាញរបស់សមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃជាដើម ណែនាំទៅដល់មន្រ្តីនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីតួនាទីភារកិច្ច​របស់អ្នកសារព័ត៌មាន គោលការណ៍សិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន ព្រមទាំងទទូចឲ្យ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃស្រាវជ្រាវ​រក​សមត្ថកិច្ច ​ដែលបាន​រារាំង​ និង​បង្ករូបភាព​គំរាមកំហែង បំភិត​បំភ័យ​អ្នក​សារព័ត៌មាន​ យក​មក​អប់រំ​ណែនាំ​ឲ្យ​ពួកគេឈប់ប្រពឹត្តសកម្មភាពខុសច្បាប់​ទាំងអស់នោះទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ