អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

គ្រួសារបុរសដែលស្លាប់ បន្ទោសមន្ត្រីពន្ធនាគារថាយឺតយ៉ាវក្នុងការបញ្ជូនជនរងគ្រោះទៅព្យាបាល

អ្នកនាំពាក្យ​អគ្គនាយដ្ឋាន​ពន្ធនាគារ​ទទួលស្គាល់​ពីភាពយឺយ៉ាវ​នៃការ​ជូនដំណឹង​ទៅ​កាន់​ក្រុម​គ្រួសារ​ ករណី​ដែល​អ្នក​ជាប់​ឃុំ​ម្នាក់​មានជំងឺ ​ហើយដែល​បានស្លាប់​ក្រោយពីបញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ​បាន២ថ្ងៃ។ ​ការបកស្រាយរបស់​មន្ត្រីពន្ធនាគារ​បែបនេះ ​គឺជាការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​គ្រួសារជន​រងគ្រោះ ដែល​ថា​ខាងពន្ធនាគារ​មិនអនុញ្ញាតឲ្យ​យក​អ្នកជំងឺទៅព្យាបាល​ក្រៅពន្ធនាគារ ​ដោយ​ទុករហូត​ដល់អ្នកជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​មិនអាចសង្គ្រោះបាន។

អ្នកទោសដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ)
អ្នកទោសដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ) © Internet
ផ្សាយពាណិជ្ជកម្ម

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFIថា ​លទ្ធផល​នៃការធ្វើ​កោសល្យវិច្ច័យ​របស់​ក្រុម​គ្រូពេទ្យបញ្ជាក់ថាការ​ស្លាប់​របស់​ឈ្មោះ ប៊ុន ចាន់សិដ្ឋ គឺដោយសារគាំងបេះដូង។ បើតាមលោកដឹង​ បុរសរូបនេះមានជំងឺប្រចាំកាយតាំងពីមុនពេល​ជាប់​ឃុំ​មកម៉្លេះ ដោយមានលើសជាតិអាស៊ីត អាលែកហ្ស៊ី ហើយចុងក្រោយ​មានការ​តឹងទ្រូងពិបាក​ដក​ដង្ហើម។ លោកថា​​ខាង​ពន្ធនាគារ​បាន​អនុញ្ញាតឲ្យអ្នកជាប់ឃុំរូបនេះ ទៅសម្រាកនៅមណ្ឌលសុខភាពក្នុងពន្ធនាគារជាច្រើនថ្ងៃ តែចុង​ក្រោយ​អ្នកជំងឺ​មានអាការៈ​ធ្ងន់​ក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះបានតែ២ថ្ងៃក៏ស្លាប់។

ប៉ុន្តែភរិយាសកម្មជនដីធ្លី​រូប​នេះ និយាយថា កន្លងមក​គាត់​តែងតែ​ព្រួយបារម្ភ​ពី​សុខភាពរបស់​ប្តី និង​បាន​ស្នើ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យយក​ប្តី​ចេញ​ទៅព្យាបាល​ជំងឺ​ខាងក្រៅ​ពន្ធនាគារ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារតែងតែ​បដិសេធ​ដោយ​លើកឡើង​ថា ខាង​ពន្ធនាគារ​មាន​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​ហើយ​។ លោក នុត សវនាការ ​ទទួលស្គាល់ថា​ ខាង​ពន្ធនាគារ«​មានកំហុស»ត្រង់ការយឺតយ៉ាវនៃការជូនដំណឹង​ទៅ​កាន់​ក្រុម​គ្រួសារ ដោយសារមានការមមាញឹក​​ច្រើន។ ប៉ុន្តែលោកចាត់​ទុក​ការលើកឡើងរបស់​ក្រុមគ្រួសារសពថា មានលក្ខណៈលំអៀង។

​សូមបញ្ជាក់ថា លោក ប៊ុន ចាន់សិដ្ឋ គឺ​ពលរដ្ឋម្នាក់​ក្នុងចំណោមអ្នក​មាន​បញ្ហា​ដីធ្លី​២នាក់​ផ្សេងទៀត ​ដែល​សមត្ថកិច្ច​ខេត្ត​កណ្តាលចាប់​ខ្លួនកាលពី​ថ្ងៃទី​២ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​មួយ​កន្លែង នៅ​ស្រុក​ស្អាង បន្ទាប់ពី​ពួកគាត់​ចេញមុខ​ការពារ​ដីស្រែ​ពលរដ្ឋ​សរុប​ទំហំ ១៧៥​ហិកតា កាលពី​ចុងខែ​មិថុនា​ ដែល​មាន​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណបាន​រំលោភ​យក​ដី​នោះ​។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​ បានសម្រេច​ឃុំខ្លួន​ពលរដ្ឋទាំង៣​នាក់នោះ ក្រោម​បទ​ចោទ​​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ដោយឡែក អ្នកការពារសិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត គូសបញ្ជាក់ថា អ្នក​ជាប់ឃុំ​មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ដូច​ពលរដ្ឋ​ធម្មតា​ដែរ ដោយ​គ្មាន​នរណា​ដកហូត​សិទ្ធិ​នេះ​បានទេ​។ ការ​បណ្តោយឲ្យ​អ្នក​ជាប់ឃុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នៅក្នុង​ពន្ធនាគារ ហើយ​ទើប​បញ្ជូន​ទៅ​ព្យាបាល គឺជា​ការបំពាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នក​ជាប់ឃុំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ