អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថានភាពភ្នែកស្តាំលោករ៉ុង ឈុន មើលឃើញឡើងវិញបាន៥០% ក្រោយទទួលការវះកាត់ដោយជោគជ័យ

ស្ថានភាព​ភ្នែកស្តាំលោក ​រ៉ុង ឈុន ​អាចមើលឃើញ​ឡើងវិញ៥០%ហើយ ​បន្ទាប់ពី​ទទួល​បានការវះកាត់ដោ​យជោគជ័យ​ កាលពីថ្ងៃ​ពុធសប្តាហ៍​កន្លងទៅ ​នៅឯមន្ទីរ​ពេទ្យរុស្ស៊ី។​ នេះបើតាម​ការបញ្ជាក់​ពីលោកស្រី ​អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃពុធ​ទី២២កញ្ញានេះ។​ បើទោះបី​ជាវះកាត់​ដោយជោគជ័យ​ពិតមែន​ តែបើតាម​លោកស្រី​អ៊ុក ឆាយ៉ាវី ​លោកស្រី ​និងក្រុមគ្រួសារ​លោករ៉ុង ឈុន​ នៅតែព្រួយ​បារម្ភ​ពីបញ្ហា​ចំពោះមុខ​ ដ្បិតថាលោក​រ៉ុង ឈុន ​ត្រូវបាន​បញ្ជូនទៅ​សម្រាកនៅ​ពន្ធនាគារវិញ​ ក្រោយការវះកាត់​។ ​តែយ៉ាងណា ​អ្នកនាំពាក្យ​ពន្ធនាគារ​បានបញ្ជាក់ថា​ មិនមានអ្វី​ត្រូវព្រួយបារម្ភ​នោះទេ ​ព្រោះពន្ធនាគារ​មានមន្រ្តី​សុខាភិបាល​មើលថែ​ដិតដល់​។

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន © Internet
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាការវះកាត់ទទួលបានជោគជ័យ ហើយភ្នែកស្តាំលោករ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចាប់ផ្តើមមើលឃើញឡើងវិញជាបណ្តើរៗក្តី ក៏ប៉ុន្តែសម្រាប់លោកស្រីអ៊ុក ឆាយ៉ាវី និងក្រុមគ្រួសារលោករ៉ុង ឈុន នៅតែដាក់ការព្រួយបារម្ភពីបញ្ហាដែលអាចកើតមាននៅពេលខាងមុខ ដោយហេតុថាលោករ៉ុង ឈុន មិនអាចបន្តទទួលបានសេវាថែទាំពីមន្ទីរពេទ្យខាងក្រៅ ហើយត្រូវបញ្ជូនទៅកាន់ពន្ធនាគារវិញភ្លាមៗ ក្រោយការវះកាត់បានជោគជ័យ។

សម្រាប់លោកស្រីអ៊ុក ឆាយ៉ាវី នេះក៏ព្រោះតែនៅក្នុងពន្ធនាគារ លោករ៉ុង ឈុន មិនអាចទទួលបានការមើលថែដិតដល់ ហើយបញ្ហាបរិយាកាសនិងអនាម័យក្នុងពន្ធនាគារ ក៏ជាក្តីកង្វល់មួយទៀតដែរ ព្រោះបើតាមលោកស្រីអ៊ុក ឆាយ៉ាវី អ្នកដែលទទួលការវះកាត់ភ្នែក ត្រូវតែមានអ្នកមើលថែដិតដល់ និងធ្វើអនាម័យខ្ពស់។ ក្រៅពីសុខភាពភ្នែក លោកស្រីអ៊ុក ឆាយ៉ាវី អះអាងថាសុខភាពលោករ៉ុង ឈុន ក៏មានសភាពទ្រុឌទ្រោមខ្លះដែរ ដោយលោករ៉ុង ឈុន មានសភាពស្លេកស្លាំង ខុសពីពេលដែលលោកស្រី ធ្លាប់បានឃើញកាលពីតុលាការប្រកាសសាលក្រម នៅពាក់កណ្តាលខែសីហាកន្លងទៅ។

ក៏ប៉ុន្តែ លោកនុត សាវនា អ្នកនាំពាក្យពន្ធនាគារ បានគូសបញ្ជាក់ថា បច្ចុប្បន្នលោករ៉ុង ឈុន បានដាក់ឲ្យសម្រាកក្នុងប៉ុស្ត៍សុខភាពនៃពន្ធនាគារ ជាមួយអ្នកជំងឺផ្សេងៗទៀត ដោយមានការរក្សាគម្លាតត្រឹមត្រូវ។ តាមលោកនុត សាវនា ក្នុងប៉ុស្ត៍សុខភាពគឺមានទាំងមន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល មើលថែយ៉ាងដិតដល់ ហើយបើនិយាយពីលក្ខខណ្ឌសុវត្ថិភាព ក៏ប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារមានសុវត្ថិភាពដែរ ដោយហេតុថាមិនសូវមានមនុស្សប្លែកចេញចូលប្រាស្រ័យទាក់ទង ខុសគ្នាពីមន្ទីរពេទ្យខាងក្រៅ។

អ្នកនាំពាក្យពន្ធនាគាររូបនេះ បានបន្តទៀតថា មន្ត្រីសុខាភិបាលក្នុងពន្ធនាគារ បានយកចិត្តទុកដាក់ថែទាំលោករ៉ុង ឈុន ជាជាងពួកគេថែទាំខ្លួនឯងទៅទៀត។ ក៏ប៉ុន្តែលោករ៉ុង ឈុន បានលួចអានសៀវភៅជាញឹកញយ ខុសពីការណែនាំរបស់ក្រុមមន្ត្រីជំនាញ ក្រោយទទួលបានការវះកាត់ ហើយនិយាយដល់ត្រង់ចំណុចអនាម័យវិញ លោកនុត សាវនា អះអាងថា គឺលោករ៉ុង ឈុន ខ្លួនឯងមិនសូវប្រតិបត្តិអនាម័យបានល្អប៉ុន្មាននោះទេ។

គួរជម្រាបថា លោករ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨សីហា២០២១ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំនិង​ពិន័យ​ជាប្រាក់​ចូលរដ្ឋ​២លាន ព្រមទាំង​បង្គាប់​ឲ្យរួមគ្នាសង​ជំងឺចិត្ត​ទៅ​គណៈ​កម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​ចំនួន៤០០លាន​រៀលឬប្រហាក់​ប្រហែលនឹង​១០ម៉ឺនដុល្លារ ជុំវិញការរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឯខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០២០កន្លងទៅ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ