អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

របាយការណ៍ខេមបូចា៖ អ្នកកាសែត៨នាក់រងការគំរាមកំហែង និងម្នាក់ជាប់ពន្ធនាគារ ក្នុងរយៈពេលត្រីមាសទី៣នេះ

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេមបូចា)​នាព្រឹកថ្ងៃទី​១៩តុលានេះ ​បានចេញ​របាយការណ៍​ថ្មីប្រចាំត្រី​មាសទី៣​ឆ្នាំ​២០២១​ ដោយបាន​បង្ហាញអំពី​ការយាយី​របស់​អ្នកកាសែត​អំឡុងពេល​បម្រើការងារ​​។ ក្នុងនោះ​ អ្នកកាសែត​ចំនួន៨នាក់​ រងការគំរាម​កំហែង ​ការឃាត់ខ្លួន​ និងម្នាក់បញ្ចូន​ទៅកាន់​ពន្ធនាគារ​ពីសំណាក់​អាជ្ញាធរ​។​ ជុំវិញ​របាយការណ៍នេះ ​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជានៅ​តែបន្តស្នើឱ្យ​អាជ្ញាធរ​គោរពសិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​នៅក្នុងប្រទេស​កម្ពុជា​បន្ថែមទៀត​។  ​

ការផ្សព្វផ្សាយព៍ត៌មានប្រចាំថ្ងៃតាមរយៈកាសែតនៅកម្ពុជា
ការផ្សព្វផ្សាយព៍ត៌មានប្រចាំថ្ងៃតាមរយៈកាសែតនៅកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍ថ្មីមួយរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាស្តីអំពីស្ថានភាពអ្នកសារព័ត៌មានកម្ពុជាបានបង្ហាញឱ្យដឹងថា អ្នកសារព័ត៌មានចំនួន៩នាក់ ក្នុងចំណោម ២១នាក់ត្រូវបានរងការគំរាមកំហែង ការរំលោភសិទ្ធបញ្ចេញមតិដោយសេរីរបស់ពួកគេក្នុងអំឡុងពេញបំពេញកិច្ចការងារ ខណៈ៨នាក់ត្រូវបានយាយី និងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។

ក្នុងនោះ បើតាមរបាយការណ៍ដដែល ការយាយី និងធ្វើទុកបុកទម្នេញទៅលើអ្នកសារព័ត៌មានទាំង៩ករណី នោះ ភាគីច្រើន គឺកើតឡើងនៅពេលដែលពួកគេធ្វើការរាយការណ៍អំពីបញ្ហាជម្លោះដីធ្លី រួមទាំងករណីគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាលជាដើម។  

ជាក់ស្តែង អ្នកសារព័ត៌មាន១នាក់ ក្នុងចំណោម៩នាក់ដែលរងការយាយីពីអាជ្ញាធរ នឹងត្រូវបានផ្តន្ទាទោសពីបទញុះញង់ និងសម្រេចដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ដោយពិន័យជាប្រាក់ប្រមាណ៥០០ដុល្លារ ក្រោយអ្នកសារព័ត៌មានរូបនេះផ្សាយព័ត៌មានពាក់ព័ន្ធនិងជម្លោះដីធ្លីនៅឯឧទ្យានជាតិបុទុមសាគរ។ បន្ថែមពីនេះ អ្នកសារព័ត៌មានចំនួន២នាក់ត្រូវបានបញ្ឈប់​ និងរងការគំរាមកំហែងពីសំណាក់ប៉ូលីស និងអាជ្ញាធរតាមមូលដ្ឋាន ក្នុងអំឡុងពេលពួកគេចុះយកព័ត៌មាននៅទីតាំងមានបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងតាមោក។ និងអ្នកសារព័ត៌មាន៣នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរឃាត់ខ្លួនយកទៅសួរចម្លើយ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយនៅទីតាំងដូចគ្នាដដែល។

របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានដដែលក៏បានឱ្យដឹងថែមទៀតថា ចំពោះករណីជម្លោះដីធ្លីនៅព្រលានយន្តហោះអន្តរជាតិថ្មីស្ថិតនៅក្នុងខេត្តកណ្តាលវិញក៏មានករណីយាយីពីអាជ្ញាធរបានកើតឡើងចំនួន៣ករណីផងដែរ។

ជុំវិញ របាយការណ៍ស្តីពីស្ថានភាពអ្នកសារព័ត៌មាននេះ  សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានទទូច និងបន្តស្នើឱ្យអាជ្ញាធរគោរពសេរីភាពសារព័ត៌មាន និងប្រើប្រាស់វិធានការដែលមិនមែនជាបទចោទព្រហ្មទណ្ឌ ក្នុងការកែតម្រូវសេចក្តីរាយការណ៍ណាមួយដែលត្រូវបានចោទថា មិនត្រឹមត្រូវ។

សូមរំលឹកថា កាលពីដើមខែសីហា ក្រសួងព័ត៌មានបានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងដាក់វិន័យទៅលើអ្នកសារព័ត៌មានរូបណាដែលដែលប្រព្រឹត្តខុស ពីក្រមសីលធម៌ វិជ្ជាជីវៈ តាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ប៉ុន្តែ ជាការឆ្លើយតប សម្ព័ន្ធអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ទុកការ​បង្កើតគណៈកម្មការ​នេះឡើងថា​ ខ្វះភាពឯករាជ្យ​ តម្លាភាព ​និងការទទួល​ខុសត្រូវ​ និងថា ​គណៈកម្មការ​នេះត្រូវបាន​បង្កើតឡើង​ ដើម្បី​ជាយន្តការ​ត្រួតពិនិត្យ​ និងឃ្លាំមើល​ថ្មីមួយ​ទៅលើ​អ្នកកាសែត​នៅកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ