អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេដឹកនាំនយោបាយលើកឡើងស្រដៀងគ្នាពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែខ្លះថាកម្ពុជាមិនបានធ្វើតាមកិច្ចព្រមព្រៀង

នៅក្នុង​ឱកាស​ខួប​ទី​៣០​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​២៣​តុលា​នេះ ​អ្នក​នយោបាយ​​ខ្មែរដែលមាន​និន្នាការ​នយោបាយ​ផ្សេង​ៗ​គ្នា ​និង​​ព្រះ​បរមរាជវាំង​ បាន​សរសេរ​សារ​រំឭក​ដល់​ទិវា​នេះ ​នៅ​លើ​​​បណ្តាញ​សង្គមហ្វេសប៊ុក​រៀង​ៗ​ខ្លួន​។ ភ្ជាប់​នឹង​ការរំឭកខួប​នេះ សារ​របស់ពួក​គេ​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​អំពាវនាវ​អោយ​​បន្ត​មាន​ការ​​រួបរួមជាតិ។ ​ចំណែក​លោក ​សម​ រង្ស៊ី​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​វិញ​​ថា ​កម្ពុជា​មិន​បាន​ធ្វើ​​តាម​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ​។

ថ្ងៃទី២៣ ខែតុលានេះ គឺជាគម្រប់ខួប២៩ឆ្នាំនៃការកកើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១
ថ្ងៃទី២៣ ខែតុលានេះ គឺជាគម្រប់ខួប២៩ឆ្នាំនៃការកកើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ © Internet
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី២៣ តុលានេះ ព្រះបរមរាជវាំងតាមរយៈទំព័រហ្វេសប៊ុក Royal du Cambodge បានអបអរសាទរខួប​អនុស្សាវរីយ៍លើក​ទី ​៣០​ឆ្នាំ​ ​នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២១។

បើតាម ព្រះបរមរាជវាំង ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាថ្ងៃដែលប្រទេសកម្ពុជាទទួល​បាន​បានសន្តិភាព ការបង្រួបបង្រួមជាតិ និងការស្ដារអធិបតេយ្យភាពរបស់ខ្លួនជូនប្រទេសឡើងវិញ ដោយ​មាន​ការ​​រួម​ចំណែក​ដ៏​សំខាន់​ពី​សំណាក់​ សម្តេចព្រះ នរោត្តម សីហនុ។ សម្ដេច​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ ដែល​មានព្រះ​រាជតួនាទីដ៏ឧត្តុង្គឧត្តម​ ក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា។

ចំណែក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញ ក៏បានសម្តែងការអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ។ លោកហ៊ុន សែន បានសរសេរថា ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោក​នាយករដ្ឋមន្ត្រី តំណាងឲ្យ​រដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច តំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយ លោក សឺន សាន, និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យតំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

លោក ហ៊ុន សែនបានបន្តថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីសក៏ដោយ ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅតែបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ  ហើយសង្គ្រាមនេះក៏បានបញ្ចប់ទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញមកដល់សព្វថ្ងៃ។

ដោយ​ឡែក លោក កឹម សុខា ដែលជាប្រធានអតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរត្រូវតែផ្តល់តម្លៃនិងគោរពដល់ស្មារតីនៃកិច្ចព្រមព្រៀងនេះ។ តាម​រយៈ​ការផ្តល់តម្លៃ និងគោរពដល់ស្មារតីនៃកិច្ចព្រមព្រៀង​នេះ​ ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍បាន​ជាច្រើន មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែប្រទេសមួយនោះដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះ អាចជួយធានាការពារនូវអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដី និង ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។ នេះ​បើ​តាម​លោក កឹម សុខា​។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ, លោកយល់​ឃើញ​ថា កម្ពុជាមិនបានធ្វើតាមកិច្ចព្រមព្រៀងនេះនៅឡើយទេ។ ក្នុង​ន័យ​នេះ លោក​ធ្លាប់បានចេញសារអំពាវនាវដល់​ពិភពលោកទាំងមូល កុំឲ្យ​ទទួលស្គាល់ការបោះឆ្នោតរបស់កម្ពុជានា​ពេល​ខាងមុខ ប្រសិន​បើការបោះឆ្នោត នោះ មិនស្របទៅនឹងការ​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ