អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក កើត រិទ្ធ៖ បើជនណាប្រព្រឹត្តបទល្មើសមិនធ្ងន់ធ្ងរ តុលាការគួរដាក់ជននោះ នៅក្រៅឃុំបណ្តោះអាសន្ន

បើជនណា​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម ​ដែលមិនធ្ងន់ធ្ងរ​ តុលាការ​ គួរជ្រើសរើស​យកការដាក់​ជននោះ ឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន ​ជាជាង​ការជ្រើសរើស​យកការឃុំខ្លួន។​ នេះជាការ​ណែនាំ​របស់រដ្ឋមន្រ្តី​យុត្តិធម៌ ​ទៅគ្រប់​តុលាការជាន់​ទាប តាមរយៈ​សេចក្តី​ណែនាំ ​ចុះថ្ងៃទី២៥ ​ខែតុលា​ ឆ្នាំ២០២១​។ ​បើតាម ​លោក កើត រិទ្ធ​ ការដាក់ជន​ល្មើសក្នុង​បទមជ្ឈិម​កម្រិតស្រាល ​ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ​គឺជាការរួមចំណែក​ដ៏សំខាន់​ដល់ការ​កាត់បន្ថយ​ភាពចង្អៀត​ណែនក្នុងពន្ធនាគារ​ផងដែរ​។

ប្រជាពលរដ្ឋនៅមុខក្រសួងយុត្តិធម៌
ប្រជាពលរដ្ឋនៅមុខក្រសួងយុត្តិធម៌ © សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តីណែនាំបែបនេះរបស់​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវបានផ្ញើទៅគ្រប់ប្រធានតុលាការរាជធានី-ខេត្ត និងគ្រប់ព្រះរាជអាជ្ញា ដែលជាប្រធានស្ថាប័ន​អយ្យការអមតុលាការរាជធានី-ខេត្ត។ ដើម្បីពន្លឿនចំណាត់ការលើសំណុំរឿង និងដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងក្នុងដំណាក់កាលស៊ើបសួរ លោក កើត រិទ្ធ ស្នើឲ្យស្ថាប័នអយ្យការ ផ្តល់អាទិភាពលើការប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិម «តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់» ដោយផ្អែកតាមអង្គហេតុក្នុងសំណុំរឿងនីមួយៗ។

បើតាម​ក្រសួង​យុត្តិធម៌ កន្លងមក​ វិធានការ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យតាម​ផ្លូវ​​តុលាការ​ មិន​សូវ​បាន​ប្រើឲ្យ​ទូលំទូលាយ​ តាម​ស្រប​តាម​ស្មារតី​នៃក្រម​ព្រហ្ម​ទណ្ឌ​នៅឡើយ​។ ជាទូទៅ​​ចៅក្រម​ស៊ើប​សួរ​បាន​ប្រើ​ឆន្ទា​នុសិទ្ធិ​​របស់ខ្លួន​ក្នុង​ការ​សម្រេច​ជ្រើសរើស​យក​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្នជា​វិធានការ«និរន្តរាយ» ដើម្បី​ធានាដល់​ដំណើរ​ការ​ស៊ើបសួរ​ ដែល​ជាកត្តារួម​ចំណែក​នាំឲ្យ​មានការ​កើនឡើង​នៃជនជាប់​ឃុំ​នៅតាម​ពន្ធនាគារ។​

ដូច្នេះ ដើម្បីជំរុញឲ្យតុលាការ ដំណើរការសំណុំរឿងនីមួយៗឲ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព ដែលជាហេតុនាំឲ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ ទទួលបានជោគជ័យ ក្រសួងយុត្តិធម៌ ណែនាំ​ឲ្យ​អនុវត្តនូវវិធានការ«និរន្តរាយ»​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ។ ចៅក្រម​ស៊ើប​សួរ​ គប្បី​យក​ចិត្ត​ទុកដាក់​ពន្លឿន​នីតិវិធី​ស៊ើប​សួរ​ឲ្យ​បានឆាប់​រហ័ស​ដោយ​ស្មារតីទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លើសពីនេះទៀត ចៅក្រម​ស៊ើប​សួរ ​គប្បី​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​មាត្រា​២០៣ និង​មាត្រា​ដែល​ពាក់​ព័ន្ធ​នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ពិសេសគោលករណ៍​សេរី​ភាព​ជាចម្បង និងគោលការណ៍គ្មានទោស។

ក្រសួង​យុត្តិធម៌បានគូសបញ្ជាក់ទៀតថា ការឃុំ​ខ្លួន​បណ្តោះអាសន្ន គឺគប្បីអនុវត្ត​តែចំពោះ​បទឧក្រិដ្ឋ ឬបទ​មជ្ឈិម​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​ធ្ងន់​ធ្ងរ ហើយ​មាន​ចែង​ក្នុង​នីតិវីធី​ព្រហ្មទណ្ឌ ពិសេស​ការឃុំ​ខ្លួន​នោះ គឺក្នុង​មធ្យោបាយ​តែមួយគត់​ដើម្បី​ធានាដល់​ដំណើរការ​នៃការ​ស៊ើបសួរប៉ុណ្ណោះ។

ក្រៅពីណែនាំឲ្យតុលាការ​​គួរជ្រើសរើស​ការ​ដាក់​ជនល្មើស​ឲ្យនៅក្រៅឃុំ​សម្រាប់​បទល្មើសមិនធ្ងន់ធ្ងរ ក្រសួង​យុត្តិធម៌​ក៏បានណែនាំផងដែរ ឲ្យតុលាការ​ពន្លឿន​បើក​សវនាការ និង​ចេញ​សាលក្រម​ឲ្យបាន​ឆាប់​រហ័ស​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ