អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួងយុត្តិធម៌ប្រាប់តុលាការឲ្យបន្តអនុវត្តគោលការណ៍មួយចំនួនដើម្បីដោះស្រាយភាពចង្អៀតក្នុងពន្ធនាគារ

ជាថ្មីម្តងទៀត ​ក្រសួង​យុត្តិធម៌ ​កាលពីថ្ងៃទី​២៥តុលា ​បានចេញ​​ណែនាំ​ជាថ្មី ដល់​ប្រធាន​សាលាដំបូង​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ រាជធានី-ខេត្ត​ ឲ្យ​ពន្លឿន​ចំណាត់ការ​នីតិវិធី នៅក្នុង​ដំណាក់កាល​អយ្យការ ​ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ។​ ការណែនាំ​បែបនេះ ​ដើម្បី​រួមចំណែក​ដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ពិសេស​ក្នុង​បរិបទ​កូវីដ​ ១៩​។ ​បើតាម​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​ទោះបីជា​យុទ្ធនាការ​ដោះស្រាយ​ភាព​ចង្អៀត​ណែនក្នុង​ពន្ធនាគារ​ត្រូវបញ្ចប់​ តែសាលាដំបូង​ រាជធានី-ខេត្ត ​នៅតែ​ត្រូវអនុវត្ត​គោលការណ៍​នេះបន្តទៀត​។

អ្នកទោសជាប់ឃុំក្នុងពន្ធនាគារមួយកន្លែង
អ្នកទោសជាប់ឃុំក្នុងពន្ធនាគារមួយកន្លែង © Internet
ផ្សាយពាណិជ្ជកម្ម

គោលការណ៍៣ចំណុចសំខាន់ៗ ដែលដាក់ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌នោះ គឺបើជនណាប្រព្រឹត្តបទល្មើសមជ្ឈិម ដែលមិនធ្ងន់ធ្ងរ តុលាការ គួរជ្រើសរើសយកការដាក់ជននោះ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាជាងការជ្រើសរើសយកការឃុំខ្លួន។

បើតាម​ក្រសួង​យុត្តិធម៌ កន្លងមក​ វិធានការ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យតាម​ផ្លូវ​​តុលាការ​ មិន​សូវ​បាន​ប្រើឲ្យ​ទូលំទូលាយ​ តាម​ស្រប​តាម​ស្មារតី​នៃក្រម​ព្រហ្ម​ទណ្ឌ​នៅឡើយ​។ ជាទូទៅ​​ចៅក្រម​ស៊ើប​សួរ​បាន​ប្រើ​ឆន្ទា​នុសិទ្ធិ​​របស់ខ្លួន​ក្នុង​ការ​សម្រេច​ជ្រើសរើស​យក​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្នជា​វិធានការ«និរន្តរាយ» ដើម្បី​ធានាដល់​ដំណើរ​ការ​ស៊ើបសួរ​ ដែល​ជាកត្តារួម​ចំណែក​នាំឲ្យ​មានការ​កើនឡើង​នៃជនជាប់​ឃុំ​នៅតាម​ពន្ធនាគារ។

លើសពីនេះទៀត ចៅក្រម​ស៊ើប​សួរ ​គប្បី​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​មាត្រា​២០៣ និង​មាត្រា​ដែល​ពាក់​ព័ន្ធ​នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ពិសេសគោលករណ៍​សេរី​ភាព​ជាចម្បង និងគោលការណ៍គ្មានទោស។

ចំណែកគោលការណ៍ទី២ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងក្នុងដំណាក់កាលស៊ើបសួរ លោក កើត រិទ្ធ ស្នើឲ្យស្ថាប័នអយ្យការ ផ្តល់អាទិភាពលើការប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិម «តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់» ដោយផ្អែកតាមអង្គហេតុក្នុងសំណុំរឿងនីមួយៗ។

រីឯគោលការណ៍ទី៣ ក្រសួង​យុត្តិធម៌​ក៏បានណែនាំផងដែរ ឲ្យតុលាការ​ពន្លឿន​បើក​សវនាការ និង​ចេញ​សាលក្រម​ឲ្យបាន​ឆាប់​រហ័ស​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់។

ការណែនាំទាំងនេះរបស់​ក្រសួង​យុត្តិធម៌ ដើម្បី​រួមចំណែក​ដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ពិសេស​ក្នុង​បរិបទ​កូវីដ​ ១៩​នេះ​។ បើតាមអ្នកនាំពាក្យក្រសួង​យុត្តិធម៌ ទោះបីជាយុទ្ធនាការ​ដោះស្រាយ​ភាព​ចង្អៀត​ណែនក្នុង​ពន្ធនាគារត្រូវបញ្ចប់ តែសាលាដំបូង រាជធានី-ខេត្ត នៅតែត្រូវគោលការណ៍​នេះបន្តទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ