អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជនបរិស្ថានម្នាក់ទៀតបានដោះលែង ខណៈកូនប្រុសសកម្មជនអតីតបក្សប្រឆាំងត្រូវលើកពេលដោះលែង

កញ្ញា​ អេង​ ម៉ាឡៃ​ ហៅ សូ មេត្តា ​ដែលជា​សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ នៅល្ងាចថ្ងៃ​៨​តុលានេះ​។​ កញ្ញា សូ មេត្តា​ គឺជាមនុស្ស​ទី៨ហើយ​ ដែលត្រូវ​បានដោះលែង​នៅ​ក្នុងសំណុំ​រឿង​«ញុះញង់»​រាប់ចាប់តាំង​ពីដើម​ខែតុលា​រហូតមក​ដល់ថ្ងៃ​ទី៨វិច្ឆិកា​នេះ​ ដែល​តុលា​ការផ្ដើមដោះលែង​សកម្មជន​បរិស្ថាន-សង្គម​ និងនយោបាយ​។  ​រីឯកុមារា​ កាក់​ សុវណ្ណច្ឆ័យ​ អាយុ១៧​ឆ្នាំ​ ដែលគ្រោង​ដោះលែង​ចេញពី​ពន្ធនាគារ​នៅថ្ងៃទី៨​វិច្ឆិកានេះ​ បែរត្រូវ​លើកពេល​ទៅនៅថ្ងៃ​ទី១០វិច្ឆិកា​វិញ​។

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជាសមាជិកយុវជនខ្មែរថាវរៈ
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជាសមាជិកយុវជនខ្មែរថាវរៈ © សហការី
ផ្សាយពាណិជ្ជកម្ម

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា បានថ្លែងបញ្ជាក់ក្រោយដើរចេញពីខ្លោងទ្វារមណ្ឌលកែប្រែ (ម២)នៅរសៀលនេះថា ទោះជាក្រុមគ្រួសារមានស្ថានភាពលំបាក តែកញ្ញានៅតែបន្តធ្វើការងារសង្គមរហូតដល់នាងបាត់បង់ជីវិត ខណៈដែលសៀវភៅកំណត់ហេតុជាង១០ក្បាល ដែលនាងបានកត់ត្រាពីសកម្មភាពគ្រប់យ៉ាងនៅក្នុងពន្ធនាគារត្រូវបានមន្ត្រីពន្ធនាគារឆែកឆេរយកអស់។

កញ្ញា សូ មេត្តា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៧ កញ្ញា នៅ​​ខណ្ឌ​ច្បារ​អំពៅ ហើយ​បញ្ជូន​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម​។ ការ​ចាប់​ខ្លួន​នេះ ​ក្រោយ​ពេល​នាង ​និង​យុវជន​ដទៃ​ទៀត ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ នៅឆ្នាំ២០២០។ ប៉ុន្តែ​កាលណោះគម្រោង​នេះ​បាន​បរាជ័យ​ ដោយសារ​ការ​រារាំង​ពី​អាជ្ញាធរ។

ចំណែកសំណុំរឿងរបស់យុវជនមាតាធម្មជាតិចំនួនបីនាក់ដែលរួមមានៈ ថុន រដ្ឋា ភួន កែវរស្មី និង ឡុង គន្ធា ត្រូវបានតុលាបង្គាប់ឲ្យឃុំខ្លួននៅក្នុងសំណុំរឿង«រួមគំនិតក្បត់»មួយករណីទៀត។

នៅថ្ងៃទី៨វិច្ឆិកានេះ អង្គការលីកាដូក៏បានចេញកំណត់ហេតុខ្លីដោយបរិយាយពីការបន្តឃុំខ្លួនសកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​នាក់ នៅក្នុងសំណុំរឿងរួមគំនិតក្បត់មួយករណីទៀត ដែលជាហេតុធ្វើឲ្យការដោះលែងអ្នកទាំងបីពីពន្ធនាគារត្រូវបានបន្លាយពេល។  ហើយសវតានៃការចាប់ខ្លួនលោក ថុន  រដ្ឋា  កញ្ញាឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ធ្វើឡើងក្រោយពួកគេរៀបចំគម្រោងដើរតវ៉ាដោយស្រ្តីម្នាក់ ឆ្ពោះទៅកាន់គេហដ្ឋានរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាពីការលុបបឹងតាមោក នៅក្នុងរាជធានីភ្នំពេញ។

​រាប់ចាប់តាំងពីចុងខែតុលារហូតមកដល់ថ្ងៃទី៨វិច្ឆិកានេះ មានសកម្មជនបរិស្ថាន និងនយោបាយ៨នាក់ហើយ រាប់ទាំងកញ្ញា សូ មេត្តា ត្រូវបានដោះលែងចេញពីពន្ធនាគារនៅក្នុងសំណុំរឿងញុះញង់ នៅថ្ងៃទី៨វិច្ឆិកានេះ។  ក្រៅពី សូ មេត្តា អ្នកផ្សេងទៀតរួមមាន៖ អ្នកស្រី សាត ផា ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជន១០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីនាំគ្នាទៅតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។  បន្ទាប់មកលោក កើត សារ៉ាយ, លោក ថា ឡាវី ដែលជាសមាជិករបស់ក្រុមខ្មែរថាវរៈ និង លោក មាន ព្រហ្មមុនី ជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមនឹងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ទៀត គឺលោក ជុំ ពុទ្ធី និងលោក ឈួរ ផេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ