អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក រ៉ុង ឈុន និងសកម្មជន២នាក់ នឹងត្រូវដោះលែង បន្ទាប់ពីឧទ្ធរណ៍កាត់តម្រឹមទោសនៅថ្ងៃនេះ

លោក រ៉ុង ឈុន​ និង​សកម្មជន​២នាក់​ទៀត​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​ ដោយ​កាត់​តម្រឹម​ទោស​ នៅ​ថ្ងៃសុក្រ​នេះ​ ខណៈទោស​ដែលនៅសល់​ត្រូវព្យូ។ នេះបើតាមការបញ្ជាក់​របស់​មេធាវីការពារក្តី។ ប៉ុន្តែ​លោក សំ សុគង់ នៅតែចាត់ទុកថា ការ​កាត់​តម្រឹមទោស​កូនក្តី​របស់លោក​បែបនេះ គឺមិន​មានយុត្តិធម៌ឡើយ ពីព្រោះ​កូនក្តី​របស់លោក​ត្រូវបន្ត​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ៣ឆ្នាំទៀត។

លោក រ៉ុង ឈុន មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា
លោក រ៉ុង ឈុន មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

បើតាម​សាលដីការបស់​សាលាឧទ្ធរណ៍ លោក រ៉ុង ឈុន ត្រូវបាន​កាត់តម្រឹមទោសមក​នៅ​តែ​១ឆ្នាំ៣ខែ និង​១១​ថ្ងៃ គិតចាប់ពីថ្ងៃឃុំខ្លួន ខណៈ​ដែល​សាលាដំបូង​បានកាត់ទោស ​អ្នក​រិះគន់​បញ្ហាព្រំដែនរូបនេះ​ចំនួន​២ឆ្នាំ។

នៅក្នុង​សំណុំរឿង​ជាមួយគ្នានេះដែរ កញ្ញា សរ កណិការ ដែលត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវបានសាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​មកនៅតែ​១ឆ្នាំ៣ និង​៥​ថ្ងៃ ខណៈ​លោក តុន និមល ត្រូវកាត់​ទោសមកនៅត្រឹម​តែ១ឆ្នាំ២ខែ​និង២៤​ថ្ងៃ។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។

​ផ្អែក​តាម​សាលដីនេះ​ អ្នកទាំង៣ គឺត្រូវដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃ​ទី១២​វិច្ឆិកា​នេះ។ ប៉ុន្តែ​សម្រាប់​ លោក តុន និមល គឺនៅមានជាប់​បណ្តឹង​ក្នុង​សំណុំរឿង​មួយទៀតពាក់​ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ចិន ដែល​សំណុំរឿងនេះ ​សាលាដំបូងរាជធានីភ្នំពេញ​ត្រូវ​បើក​សវនាការ​នៅរសៀល​ថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់របស់​លោកមេធាវី​ សំ សុគង់។

លោក សំ សុគង់ នៅតែចាត់ទុកថា ការ​កាត់​តម្រឹមទោស​កូនក្តី​របស់លោក​បែបនេះ គឺមិន​មានយុត្តិធម៌ឡើយ ពីព្រោះ​កូនក្តី​របស់លោក​ត្រូវបន្ត​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​៣ឆ្នាំបន្តទៀត នៅក្រោម​បទចោទប្រកាន់​“ញុះញង់បង្កឱ្យមានភាពចលាចលសង្គម”។

​ដោយ​ចាត់ទុកថា​​ ទាំងការចោទ​ និងការកាត់ទោស​ ដោយ​សាលាដំបូង មានភាពអយុត្តិធម៌ លោក សំ សុគង់ អះអាងថាកូនក្តី​របស់​លោក​នឹង​ប្តឹង​សារទុក្ខ​ទៅ​កាន់​តុលាការកំពូល​បន្តទៀត។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​សកម្មជន​មួយ​ចំនួន ហើយក៏មាន​មនុស្ស​ជាង​១០​នាក់​ទៀត ត្រូវ​បាន​ចាប់ឃុំ​ខ្លួនជាបន្តបន្ទាប់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ