អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

សំណុំ​រឿង​ភូមា ​ឥណ្ឌូនេស៊ីថា​បើ​គ្មាន​វឌ្ឍនភាពអ្វី​​ទេ​ មិនត្រូវ​ឲ្យ​ភូមា​ចូលរួម​ប្រជុំ​​​អាស៊ានឡើយ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី បញ្ជាក់ថា ប្រសិន​បើ​គ្មាន​វឌ្ឍនភាព​អ្វី​ ជា​ដុំកំភួន ​ពី​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ជាឯកច្ឆន្ទ​ប្រាំចំណុចទេ គឺ​មិនគួរ​ឲ្យ​ របបសឹ​ក​ភូមា ចូលរួម​កិច្ច​ប្រជុំ​កម្រិត​ថ្នាក់​អាស៊ានឡើយ។ នេះ​បើតាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​ដែល​បាន​ស្រង់​ប្រសាសន៍​របស់ប្រធានាធិបតី ចូកូ វីដូដូ  ហើយនេះ​ក៏​ជាសេចក្តីគូសបញ្ជាក់​ ដែល​ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​សន្ទនាតាម​ទូរសព្ទ​ជាង​កន្លះ​ម៉ោង​​ ជាមួយ​លោក​នាយករដ្ឋមន្ត្រីកម្ពុជា​ ហ៊ុន​ សែន។ ទន្ទឹម​នឹង​គ្នា​នេះ​ នៅក្នុងសំណេរផ្សាយក្នុងហ្វេសបុកផ្ទាល់ខ្លួន លោក ហ៊ុន សែន បានគិតឃើញនៅទីបំផុត​ ថា «បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសភូមាទេ។»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ សោកស្តាយ ដែល ភូមា មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលភូមាខ្លួនឯងបានយល់ព្រមជាមួយថ្នាក់ដឹកនាំអាស៊ាន កាលពីឆ្នាំមុន ហើយរបបសឹកភូមាក៏មិនបានគោរពសម្តីដែលបានសន្យាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដែលលោក ហ៊ុន សែន ខំប្រឹងទៅធ្វើទស្សនកិច្ចដោយផ្ទាល់ នៅថ្ងៃទី៧មករា។ ក្រសួងការបរទេសឥណ្ឌូនេស៊ី បញ្ជាក់ប្រសាសន៍ប្រមុខរដ្ឋឥណ្ឌូនេស៊ី  ថា បើគ្មានវឌ្ឍនភាពអ្វី គឺកិច្ចប្រជុំកម្រិតថ្នាក់អាស៊ាន មិនគួរឲ្យ តំណាងនយោបាយភូមា ចូលរួមទេ។ ទន្ទឹមនឹងគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងក្នុងសំឡេងតែមួយ តែរបៀបការទូតថា «ភាពជាតំណាងរបស់ភូមា នឹងត្រូវរក្សាតាមរូបភាព ដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក»។ ក្នុងន័យនេះ គឺបានន័យសេចក្តីថា ការសម្រេចពីមុនមក របស់អាណត្តិប្រទេសព្រុយណេជាប្រធានអាស៊ាននោះ គឺ គេមិនឲ្យថ្នាក់ដឹកនាំរបបសឹកចូលរួមប្រជុំអាស៊ាន តំណាងឲ្យប្រទេសភូមាទេ។ ភូមា សព្វថ្ងៃ មានរដ្ឋាភិបាលពីរ។ មួយជារបបសឹក ដោយក្តោបអំណាចដោយរដ្ឋប្រហារ ហើយមួយទៀត ជារដ្ឋាភិបាលស្រមោល ដឹកនាំដោយបក្សពួករបស់លោកស្រី អ៊ុង សានស៊ូជី។

ដើម្បីរកដំណោះស្រាយទម្លាយភាពទាល់ច្រក ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានស្នើយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ថា ដើម្បីសម្របសម្រួលនិងតាមដានអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច, បើតាមលោក ហ៊ុន សែន, គឺ គួរតែបង្កើតយន្តការ ត្រយការ (Troika) បានន័យថា បង្កើតជាក្រុមការងារថ្មីមួយ មានប្រទេសព្រុយណេ ជាអតីតប្រធានអាស៊ានឆ្នាំចាស់ និងមានកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ហើយនិង ឥណ្ឌូនេស៊ី ជាប្រធានឆ្នាំខាងមុខ ព្រមទាំងអគ្គលេខាធិការអាស៊ាន។ ត្រង់ចំណុចនេះ លោក ចូកូ វីដូដូ មិនទាន់ហ៊ានអារកាត់ថាម្តេចទេ តែលោកជូនមតិទៅដៃគូសន្ទនាថា គួរលើកសំណើនេះ ទៅជជែកក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។

ពាក់ព័ន្ធនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាវិញ ទាំងលោក ហ៊ុន សែន និងទាំងក្រសួងការបរទេសខ្មែរ គឺសុទ្ធតែឲ្យសមភាគីឥណ្ឌូនេស៊ី គិតគូរពីការធ្វើមាតុភូមនិវត្តន៍ ពួករ៉ូហ៊ីងយ៉ា ដែលរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស ឲ្យត្រឡប់ទៅភូមាវិញ។ រឿងនេះ ប្រមុខការទូតខ្មែរលោក ប្រាក់ សុខុន ក៏បាននិយាយទូរសព្ទជាមួយ បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន ( Dr. A. K. Abdul Momen) រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស រួចហើយ កាលពីថ្ងៃទី ១៨មករា។ ត្រង់ចំណុចរឿងនេះ គឺគ្មានចែងក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែ ឥណ្ឌូនេស៊ី បានបង្ហាញការគាំទ្រចំពោះការបង្កើតយន្តការ ធ្វើយ៉ាងណា ផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋភូមា ដោយគ្មានរើសអើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ