អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកនយោបាយខ្មែរផ្ញើសារជូនពរឆ្នាំថ្មីក្នុងន័យនយោបាយ

សារជូនពរឆ្នាំថ្មីពីអ្នកនយោបាយខ្មែរបានធ្លាក់មកជាបន្តបន្ទាប់។ ទាំងអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយបក្សជំទាស់សុទ្ធតែចង់ឃើញប្រជាជនខ្មែរ​មានសេចក្តីសុខ និងសុភមង្គលក្នុង​ឆ្នាំ​ថ្មីនេះ។ ប៉ុន្តែ​ឆ្លៀត​ក្នុងឱកាសនេះ អ្នកនយោបាយជើងចាស់ទាំងនោះក៏មិនភ្លេច​ឡើយ​សារជូនពរ​ក្នុងនយោបាយ។

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (រូបតំណាង)
បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ដូចរៀងរាល់ឆ្នាំដែរ អ្នកនយោបាយជើងចាស់ខ្មែរមួយចំនួនបាន​ផ្ញើសារ​ជូនពរឆ្នាំ​ថ្មី​ទៅដល់​ប្រជាជន​ទូទាំងប្រទេសដោយឆ្លៀត​ភ្ជាប់នឹងអត្ថន័យនយោបាយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅតែឆ្លៀត​ប្រើពាក្យអរគុណសន្តិភាព​ នៅពីក្រោម​សារជូនពរឆ្នាំថ្មីប្រកបដោយការ​ក្រើនរំឭក កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាព។ លើសពីនេះលោកក៏ប្រាប់ឲ្យអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ ឲ្យបានល្អនៅតាមទីអារាម និងកន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។

ក្នុងន័យនយោបាយវិញ លោក ហ៊ុន សែន សូមឲ្យប្រជាជនខ្មែរគ្រប់រូប រួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរ ក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ។

ចំណែក លោក កឹម សុខា បានផ្ញើសារឲ្យមាតុភូមិកម្ពុជាអមតៈជារបស់ខ្មែរគ្រប់គ្នា ដោយធានាបាននូវ ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ និងឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់លើជោគវាសនាអនាគតខ្លួន មានឱកាសក្នុងការរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាព និងទទួលបាន នូវផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងនយោបាយ ប្រកបដោយសមធម៌និងយុត្តិធម៌ ដែលជាគ្រឹះនៃសន្តិភាពដ៏រឹងមាំ។

ក្នុងន័យនយោបាយ ប្រធានអតីតបក្សជំទាស់រូបនេះ បួងសូងឲ្យប្រជាជនខ្មែរចៀសផុតពីគ្រោះថ្នាក់នៃជម្លោះក្នុងពិភពលោក និងក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។

រីឯ លោក សម រង្ស៊ី តាមរយៈសារជាសំឡេងនៅលើហ្វេសប៊ុករបស់ខ្លួន អតីតប្រមុខបក្សប្រឆាំងរូបនេះសូមឲ្យប្រជាជនរក្សាជីវិតឲ្យបាន និងមានសុខភាពរឹងម៉ាំ នោះហើយគឺមានក្តីសង្ឃឹមក្នុងការទទួលបានជោគជ័យ។ លោក សម រង្ស៊ី ក៏ចង់ឲ្យប្រជាពលរដ្ឋខ្មែរបានស្គាល់នូវសេរីភាព និងយុត្តិធម៌ ពិតប្រាកដ។ យុត្តិធម៌ពិតប្រាកដ ដែលលោក សម រង្ស៊ី ក៏សំដៅផងដែរ ដល់ករណីគប់គ្រាប់បែកកាលពី២៥ឆ្នាំមុននៅជិតអតីតរដ្ឋសភា ខណៈដែលតុលាការ​ប្រទេស​បារាំង​ចេញដីកាចាប់ខ្លួនជនជាប់ពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ