អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ​សម រង្ស៊ី រំពឹង​ថា រដ្ឋាភិបាល​ថ្មី​អូស្ត្រាលី ​នឹង​ដឹក​ដៃ​កម្ពុជា​ឱ្យ​ដើរ​លើ​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ

មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បង្ហាញ​ក្តី​រំពឹង​ថា​ រដ្ឋាភិបាល​ថ្មី​របស់​អូស្រា្តលី​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ពលករ​នឹង​អាច​ដឹក​ដៃ​កម្ពុជា​ឱ្យ​ដើរ​លើ​គន្លង​មាគ៌ា​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ជា​ពិសេស​ឱ្យ​កម្ពុជា​ឈរ​លើ​គោលជំហរ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​។ ក្តី​រំពឹង​របស់​លោក ​សម​ រង្ស៊ី ​ធ្វើ​ឡើង​បន្ទាប់​ពី​គណ​បក្ស​ពលករ​ដែល​ទើប​តែជាប់​ឆ្នោត ​តែង​តែ​គាំទ្រ​ដល់​អ្នក​តស៊ូ​ដើម្បី​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ ឧសភា លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំង និងបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស បានជួបតំណាងជាប់ឆ្នោតរបស់គណបក្សពលករអូស្រ្តាលីដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសហព័ន្ធកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២២កន្លងទៅ។​

ក្នុងជំនួបពីទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី លោក សម រង្ស៊ី បានថ្លែងទៅកាន់លោក Anthony Albanese មេដឹកនាំគណបក្សពលករថា លោកមានជំនឿខ្ពស់មែនទែន ចំពោះរដ្ឋាភិបាលថ្មីរបស់អូស្រា្តលីមួយនេះ ក្នុងការជំរុញឱ្យកម្ពុជាត្រឡប់មកដើរលើគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ពិសេសការឈរលើគោលជំហររបស់ខ្លួនឯងចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឱ្យបានពេញលេញ។

បើតាមអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហេតុផលដែលលោករំពឹងខ្ពស់ចំពោះគណបក្សថ្មីដែលត្រៀមឡើងកាន់តំណែងនាពេលនេះ ក៏ដោយសារតែបក្សនេះតែងតែគាំទ្ររូបលោកចំពោះការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងមក។

សម្រាប់លោក​ សម រង្ស៊ី កម្ពុជានឹងយកគំរូលទ្ធិប្រជាធិបតេយ្យតាមប្រទេសអូស្រ្តាលី ដើម្បីមកអនុវត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសប្រទេសកម្ពុជាតែម្តង។

តែយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា លោកមិនមានជំនឿអ្វីទាល់តែសោះថា រដ្ឋាភិបាលថ្មីអូស្រា្តលីមកគៀបសង្កត់ ឬដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈការជំរុញរបស់លោក សម រង្ស៊ី នោះឡើយ។

ផ្ទុយទៅវិញ លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលថ្មីអូស្រ្តាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀតជាមួយកម្ពុជា។

ពីជ្រុងអ្នកវិភាគវិញ លោក សាស្ត្រាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមកពីរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា របត់នយោបាយការទូតនឹងអាចល្អប្រសើរច្រើន ហើយរដ្ឋាភិបាលថ្មីអូស្រា្តលីនឹងផ្តល់តម្លៃក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានកាន់តែច្រើនជាងមុន។

បានកាន់តែច្រើនត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យកត់សម្គាល់ថា ដោយសារគណបក្សពលករអូស្រា្តលី បានប្រកាសរួចហើយពីការយកចិត្តទុកដាក់ចំពោះលទ្ធិប្រជាធិបតេយ្យនៅលើសាកលលោក ហើយបក្សនេះ ក៏មានស្និទ្ធស្នាលជាមួយអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ