អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនមាតាធម្មជាតិ បន្តអំពាវនាវឱ្យតុលាការផ្តល់យុត្តិធម៌ និងទម្លាក់បទចោទមកលើពួកគេ

សកម្មជននៃចលនាមាតាធម្មជាតិចំនួន៣រូប បន្តទទូចឱ្យតុលាការផ្តល់សិទ្ធិសេរីភាព និងភាពស្អាតស្អំពេញលេញ ជាពិសេសទម្លាក់រាល់បទចោទប្រកាន់ទាំងអស់មកលើពួកគេ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយសកម្មជនការពារបរិស្ថានទាំង៣ចេញពីស្តាប់សវនការនៅតុលាការកំពូល និងអយ្យការនាព្រឹកថ្ងៃទី២២ កក្តដានេះ។ បើតាម សកម្មជនមាតាធម្មជាតិ ការបន្តមិនផ្តល់យុត្តិធម៌មកឱ្យពួកគេ ជាពិសេសចោទប្រកាន់ពីបទរួមគំនិតក្បត់ គឺជារូបភាពបាក់ស្មារតីដល់អ្នកការពារបរិស្ថានផ្សេងទៀត។

សកម្មជននៃចលនាមាតាធម្មជាតិចំនួន៣រូប
សកម្មជននៃចលនាមាតាធម្មជាតិចំនួន៣រូប © សហការី
ផ្សាយពាណិជ្ជកម្ម

សវនការនៅព្រឹកនេះ សកម្មជនមាតាធម្មជាតិទាំង៣រូប រួមមាន៖ លោក ថុន រដ្ឋា កញ្ញា ភួង កែវរស្មី និងកញ្ញា ឡុង គន្ធា នៅមិនទាន់មានសេចក្តីសម្រេចអ្វីចេញពីតុលាការនោះទេ ដោយសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តុលាការកំពូលនឹងប្រកាសនៅថ្ងៃទី២៩ កក្តដា ខាងមុខ។  

កញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា សំណុំរឿងរបស់ខ្លួននឹងប្រកាសនៅចុងខែនេះ ដោយហេតុថា ក្នុងដំណើរការសវនការ តុលាការលើកឡើងនូវអង្គហេតុមិនទាន់ច្បាស់លាស់ និងមិនទាន់អាចទទួលយកបានជុំវិញការចោទប្រកាន់អំពីញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 

កញ្ញា ភួង កែវរស្មីបន្តអះអាងថា ការចោទប្រកាន់របស់តុលាការ គឺជារឿងអយុត្តិធម៌ និងបិទភ្នែកដើម្បីកាត់ក្តី ដោយមិនបានមើលអំពីសកម្មភាពការពារបរិស្ថានដែលស្របតាមច្បាប់ ជាពិសេសការទទួលបាននូវពានរង្វាន់អន្តរជាតិពីអង្គការFrontline Defenders។  សកម្មជនរូបនេះ បន្តថា តុលាការគួរតែទម្លាក់បទចោទប្រកាន់ទាំងអស់មកលើខ្លួន ឱ្យសមស្របទៅនឹងប្រទេសដែលតែងនិយាយថា ខ្លួនបានគោរពលទ្ធិប្រជាធិបតេយ្យ និងមានសុខសន្តិភាពពេញលេញ។  

ចំណែក លោក ថុន រដ្ឋា ក្រោយចេញពីស្តាប់សវនការ បានលើកឡើងថា លោកមិនមានជំនឿអ្វីទេថា តុលាការនឹងផ្តល់ឯករាជ្យ សិទ្ធិសេរីភាព​ និងយុត្តិធម៌មកឱ្យខ្លួន រួមទាំងសកម្មជននៃចលនាមាតាធម្មជាតិ២រូបផ្សេងទៀត។ លោកថា ការចូលស្តាប់សវនការលើកនេះ គឺមិនចំណេញអ្វីដល់រូបលោកនោះទេ ដោយហេតុថា លោកគួរយកពេលនេះដើម្បីចំណាយទៅលើការពារបរិស្ថានជំនួសវិញ។

លោករដ្ឋាយល់ថា សកម្មភាពរបស់ខ្លួនមិនគួរណាតុលាការចោទប្រកាន់យ៉ាងព្រៃផ្សៃបែបនេះទេ ដោយគួរជំនួសមកវិញនូវការលើកទឹកចិត្តដល់សកម្មជនដែលចូលរួមគិតគូរអំពីបរិស្ថាន។

តែយ៉ាងណា លោក ថុន រដ្ឋាបញ្ជាក់ថា ក្នុងសេរីភាពដែលលោកកំពុងមានខ្លះៗនេះ លោកនឹងបន្តបេសសកម្មការពារបរិស្ថាន ធនធានធម្មជាតិបន្ថែមទៀត ទោះបីត្រូវរងបទចោទ រឺការចាប់ដាក់គុកយ៉ាងណាក្តី។

សូមរំឭកថា សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួនបីរូប គឺលោក ថុន​ រដ្ឋា កញ្ញាភួង កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារជាង១ឆ្នាំ ​ក្រោមបទប្រកាន់ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និងរងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ផង។ សកម្មជនបរិស្ថានទាំង៣នាក់នេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈសំណុំរឿងរបស់ពួកគេនៅមិនទាន់បិទបញ្ចប់នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ