អានតួអត្ថបទ
កម្ពុជា-សង្គម កម្ពុជា-បរិស្ថាន

នាយករដ្ឋមន្ត្រី​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍ​ជុំវិញ​ភ្នំ​តាម៉ៅ បន្ទាប់ពីមានប្រតិកម្មពីមហាជន

នៅ​ទី​បំផុត​ការតស៊ូ​មតិ​របស់​មហាជន​នៅ​តាម​បណ្តាញ​សង្គម និង​តាម​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​គឺទទួល​បាន​ជោគជ័យ ខណៈ​ដែល​គម្រោង​ការ​ដោះដូរ និង​អភិវឌ្ឍ​ជុំវិញ​សួន​សត្វ​ភ្នំតាម៉ៅ​ត្រូវ​បាន​លោក ហ៊ុន សែន សម្រេច​ចិត្ត​សារ​ជា​ថ្មី​គឺ​លុបចោល​វិញ។ ត្បិត​ការ​សម្រេច​ចិត្ត​នេះ​ទទួល​បាន​ការ​សារទ ប៉ុន្តែសម្រាប់​សកម្មជន​បរិស្ថាន គឺ​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ​គឺ​ត្រូវតែ​ទទួល​ខុស​ត្រូវ​តចំពោះ​មុខ​មហាជនដោយសារ​តែ​ដើម​ឈើ​ជាច្រើន​ត្រូវ​បាន​ឈូសឆាយ​អស់​ទៅ​ហើយ។

ដីព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដែលបានឈូសឆាយ ដោយសារ​គម្រោងការដោះដូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន
ដីព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដែលបានឈូសឆាយ ដោយសារ​គម្រោងការដោះដូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន © BYKTrip
ផ្សាយពាណិជ្ជកម្ម

ការសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍជុំវិញភ្នំតាម៉ៅគឺដោយសារតែមានសំណូមពរជាច្រើនមករដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ នេះជាការលើកឡើងរបស់​លោក ហ៊ុន សែន នៅតាមហ្វេសប៊ុកនៅថ្ងៃអាទិត្យទី​៧ ខែសីហា​នេះ។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា លោកចេញបញ្ជាឲ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ហើយក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

យ៉ាងនេះក្តី មិនអស់ចិត្តឡើយពីសកម្មជនបរិស្ថាន។ លោក អ៊ុល វ៉ា់ន់ ជាប្រធានបណ្តាញយុវជនកម្ពុជាដែលជាអង្គការមួយធ្វើការច្រើន​ផ្តោតលើការតស៊ូមតិ ក្នុងការអភិរក្សធនធានធម្មជាតិ បានសារទការ​ផ្លាស់​ប្តូរ​ចិត្ត​របស់ប្រមុខរដ្ឋាភិបាល​ដែលលុបចោល​រាល់ការអនុញ្ញាត លើការដោះដូរ និងអភិវឌ្ឍជុំវិញសួនសត្វ​ភ្នំតាម៉ៅនេះ។

ប៉ុន្តែសម្រាប់សកម្មជនរូបនេះ បើត្រឹមតែលុបចោលការអនុញ្ញាតនេះ មិនទាន់គ្រប់គ្រាន់ទេ ពោល​ក្រុម​ហ៊ុន​ដែល​បានកាប់បំផ្លាញព្រៃឈើដែលដាំដុះជាច្រើន​ឆ្នាំមកនេះ គឺត្រូវតែទទួលខុស​ត្រូវ​ចំពោះមុខ​​មហាជន គឺដាំឈើឡើងវិញ។

បើតាម លោក អ៊ុល វ៉ាន់ នៅមានករណីកាប់​បំផ្លាញ​ព្រៃឈើ​នៅតំបន់​ផ្សេងទៀត នៅកម្ពុជា ​មិន​ទាន់​ត្រូវ​បាន​ទប់​ស្កាត់​នៅឡើយ ហើយលោកទទួចឲ្យ​រដ្ឋាភិបាល​បើកលំហសេរីភាព​ដល់​សកម្មជន​បរិស្ថាន​ក្នុង​ការចូលរួម​ចំណែក​ការពារព្រៃឈើ។

សូមបញ្ជាក់ថា ភ្នំតាម៉ៅមានផ្ទៃដីសួនសត្វ ៤០០ហិកតា ខណៈផ្ទៃដីទំហំ ២ ៣០០ ហិកតាជាព្រៃដែលព័ទ្ធជុំវិញ​។ ប៉ុន្តែក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ ហិកតា នេះ គឺក្រុមហ៊ុនបានឈូសឆាយអស់១០០ហិកតាហើយលើផ្ទៃដី ១ ៥០០ ហិកតា ដែលកន្លងមក រដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនឯកជន ក្រោមហេតុផលដើម្បីអភិវឌ្ឍលំនៅឋាន និងសាងសង់អគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ