អានតួអត្ថបទ
កម្ពុជា-សង្គម

នាយករដ្ឋមន្ត្រីបញ្ជាឲ្យប្រែក្លាយតំបន់ព្រៃភ្នំតាម៉ៅទៅជាឧទ្យានព្រៃឈើ ក្រោយបញ្ឈប់ការឈូសឆាយ

ខ្ញុំបញ្ជាឲ្យតំបន់នេះ ប្រែក្លាយទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើ និងសួនដាំឈើ ដែលមុននេះ តំបន់នេះគ្រាន់តែជាតំបន់ព្រៃរបោះ”។ នេះគឺជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែសីហា ដោយបញ្ជាក់បន្ថែមថា កូនឈើមានតម្លៃនឹងត្រូវដាំនៅក្នុងតំបន់ព្រៃភ្នំតាម៉ៅ។ បញ្ជារបស់នាយករដ្ឋមន្ត្រីធ្លាក់មក បន្ទាប់ពីព្រៃឈើនៅក្បែរសួនសត្វភ្នំតាម៉ៅជាង ៥០០ហិកតា ត្រូវឈូសឆាយជិតរួចរាល់មុនពេលមានបញ្ជាឲ្យឈប់។

តំបន់ព្រៃភ្នំតាម៉ៅ
តំបន់ព្រៃភ្នំតាម៉ៅ © សហការី
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការដាំកូនឈើឡើងវិញនៅក្នុងព្រៃភ្នំតាម៉ៅមិនមែនជាការលំបាកទេ ដោយសារមានកូនឈើជាង ១០ម៉ឺនដើមរួចទៅហើយ ប៉ុន្តែដើម្បីដាំបាន ត្រូវរៀបចំដីឲ្យស្អាតជាមុនសិន ហើយត្រូវប្រើគ្រឿងចក្រ ១១៣គ្រឿង និងកម្លាំងកងអង្គរក្សជាង ១ពាន់នាក់។​ លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាថ្ងៃទី១៧ ខែសីហា។

បើតាមលោក ហ៊ុន សែន ប្រភេទឈើ ដែលត្រូវយកមកដាំឡើងវិញ គឺមានឈើបេង ធ្នុង់ និងនាងនួនជាដើម ពោលគឺជាប្រភេទឈើប្រណិត ដែលត្រូវដាំឲ្យត្រូវខ្នាត និងត្រូវមានការថែទាំ ហើយក្រុមហ៊ុនឈូសឆាយជាអ្នកទទួលបន្ទុកថែរក្សាមុនផ្តល់ទៅឲ្យរដ្ឋបាលព្រៃឈើ។ លោកបន្តថា ការដាំកូនឈើនាពេលនេះ គឺជាការល្អព្រោះស្ថិតក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការរៀបចំតំបន់នេះ ប្រែក្លាយទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើ និងសួនដាំដើមឈើ ដែលពីមុនតំបន់នេះ គ្រាន់តែជាព្រៃរបោះ មិនមែនជាឈើទទួលផលទេ តែនាពេលខាងមុខនឹងមានប្រភេទឈើមានតម្លៃ។

លោក ហេង គឹមហុង ប្រធានផ្នែកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៧ ខែសីហានេះថា ការបញ្ជាក់បន្ថែមពីលោកនាយករដ្ឋមន្ត្រី ជុំវិញការអភិរក្សព្រៃភ្នំតាម៉ៅ គឺជារឿងល្អ ពោលគឺធ្វើឲ្យពលរដ្ឋលែងមានការព្រួយបារម្ភ។​ ប៉ុន្តែលោកថា ដើម្បីកុំឲ្យមានប្រតិកម្មពីមហាជនទៀត រដ្ឋាភិបាលគួរតែបញ្ជាក់ជាមុនដល់ពលរដ្ឋដោយតម្លាភាព ព្រោះករណីភ្នំតាម៉ៅមានការចាប់អារម្មណ៍ច្រើនពីសាធារណជន។

លោក ហេង គឹមហុង បន្តថា គួរតែមានការបង្ហាញដោយតម្លាភាពពាក់ព័ន្ធនឹងចំណូល ដែលបានមកពីការគាស់ដើមឈើនៅព្រៃភ្នំតាម៉ៅ ជាពិសេសប្រភេទឈើប្រណិត ហើយត្រូវយកប្រភពចំណូលទាំងនោះមកផ្សំជាមួយការទទួលខុសត្រូវរបស់ក្រុមហ៊ុននិងស្ថាប័នរដ្ឋ មកប្រើប្រាស់ជាប្រយោជន៍​សម្រាប់ការថែទាំព្រៃភ្នំតាម៉ៅរយៈពេលវែង។

ក្រោយពីមានប្រតិកម្មពីមហាជនជំទាស់ទៅនឹងការឈូសឆាយដីព្រៃភ្នំតាម៉ៅ ដោយក្រុមហ៊ុនឯកជនពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាបឲ្យញ្ឈប់ការឈូសឆាយ ហើយដាំឡើងវិញ។ នៅថ្ងៃទី១៦​ ខែសីហា លោក ហ៊ុន សែន ក៏បញ្ជាក់ថា រដ្ឋាភិបាលសម្រេចទុកព្រៃនេះទាំងមូល ហើយដើម្បីធានាអះអាងថានឹងមិនមានការបាត់បង់នៅពេលក្រោយ រដ្ឋាភិបាលនឹងដាក់សួតសត្វភ្នំតាម៉ៅ និងព្រៃជុំវិញ ជាតំបន់អភិរក្សដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

សូមបញ្ជាក់ថា ភ្នំតាម៉ៅមានផ្ទៃដីសួនសត្វ ៤០០ហិកតា ខណៈផ្ទៃដីទំហំ ២ ៣០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញ​។ ប៉ុន្តែក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ ហិកតា នេះ គឺក្រុមហ៊ុនបានឈូសឆាយអស់ ៥៣០ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ