អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន ម៉ាណែត៖ «កុំថាឡើយរត់ការដី១ពាន់ហិចតារបស់រដ្ឋ សូម្បីដី១ការ៉េ ខ្ញុំមិនប៉ះពាល់ទេ»

កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលមានតំណែងជាមន្ត្រីយោធាជាន់ខ្ពស់ផងនោះ បានអះអាងថាលោកមិនបានជាប់ពាក់ព័ន្ធនឹងដីអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនោះទេ​។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងការធ្វើអត្ថាធិប្បាយពីសកម្មជនបរិស្ថានបរទេសថា លោកបាននៅពីក្រោយក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលបានឈូសឆាយអភិវឌ្ឍដីព្រៃនៅតំបន់ភ្នំតាម៉ៅ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក © FB/HMN
ផ្សាយពាណិជ្ជកម្ម

នៅពីមុខមន្ត្រីយោធា និងយុទ្ធជននៅឯខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៨ សីហា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកយកពីរចំណុចមកបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទេ ហើយក៏មិនមែនជាអ្នករត់ការដីអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅដែរ។

លោក ហ៊ុន ម៉ាណែត បានពន្យល់តាមរយៈវីដេអូឃ្លីបជិត២០នាទី ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា លោកស្គាល់ឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែពេលដែលលោកចាប់ផ្តើមធ្វើការងារយុវជនប៉ុន្មានឆ្នាំចុងក្រោយនេះ តែ លោក ឡេង ណាវ៉ាត្រា បានក្លាយជាអ្នកមានមុននេះទៅទៀត ហើយទើបតែបានចូលរួមនៅក្នុងក្រុមនេះ។ ជាមួយនឹងការទទួលស្គាល់ថាមានឧកញ៉ាខ្លះបានធ្វើឲ្យប៉ះពាល់ដក់សង្គម លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកបានដាក់លក្ខខណ្ឌច្បាស់លាស់ថា មិនអនុញ្ញាតឲ្យយកការងារយុវជនទៅពាក់ព័ន្ធនឹងការងារឯកជននោះទេ។

 បេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះ បញ្ជាក់ចំណុចទី២ថា លោកមិនពាក់ព័ន្ធនឹងដីរដ្ឋសូម្បី១ម៉ែត្រការ៉េកុំថាឡើយរត់ការដី១ពាន់ហិចតា។ លោក ហ៊ុន ម៉ាណែត ថាអ្នកដែលធ្លាប់រត់ការរកស៊ីមិនដែលមកជួបលោកទេ ថែមទាំងគេនិយាយថាខ្លួនលោកជាជនកុម្មុយនីស្តផងដែរ។ 

សូមបញ្ជាក់ថា ផ្ទៃដីព្រៃចំនួនជាង៥០០ហិចតា ត្រូវបានឈូសឆាយកាលពីដើមខែសីហានេះ ដោយក្រុមហ៊ុនឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត ដែលទទួលបានសិទ្ធិវិនិយោគតំបន់នោះ។ ក៏ប៉ុន្តែការវិនិយោគនេះ បានរងនូវការជំទាស់ពីសាធារណជនយ៉ាងខ្លាំង រហូតដល់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចលុបចោលកិច្ចសន្យានៃការអភិវឌ្ឍន៍តំបន់នោះទាំងអស់។

ជាមួយគ្នានេះ ការប៉ះទង្គិចផ្នែកវោហាសាស្ត្រ ក៏បានកើតឡើងកាន់តែខ្លាំងជុំវិញការទទួលខុសត្រូវនៃការដាំកូនឈើឡើងវិញលើផ្ទៃដីដែលបានឈូសឆាយទាំងនោះ ខណៈដែលរដ្ឋាភិបាលបានចាត់ទុកតំបន់នោះជាតំបន់អភិរក្ស។

ទោះយ៉ាងនេះក្តី បញ្ហាភ្នំតាម៉ៅនេះ នៅតែជាកំដៅ និងការឌឺដងគ្នាតាមបណ្តាញសង្គមនៅឡើយ រវាងអាជ្ញាធររដ្ឋាភិបាល និងក្រុមអ្នករិះគន់ ជាពិសេសសង្គមស៊ីវិល និងសកម្មជនបរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ