អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនមាតាជម្មជាតិ ស្នើឱ្យរដ្ឋាភិបាលដកតំបន់«កោះកុងក្រៅ» មកជាសម្បត្តិរដ្ឋវិញ

សកម្មជនចលនាមាតាធម្មជាតិ នឹងគ្រោងដាក់ញាតិទៅកាន់ក្រសួងបរិស្ថាននៅថ្ងៃស្អែកនេះ ដើម្បីសុំកិច្ចអន្តរាគមន៍ដកហូតនូវតំបន់«កោះកុងក្រៅ»មកធ្វើជាសម្បតិ្តរដ្ឋវិញ។ ការដាក់ញាត្តិនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឈ្មោះកោះកុង SEZ របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវជាស​មាជិក​ព្រឹទ្ធិ​សភាមក​ពី​គណបក្សប្រជាជនកម្ពុជាអាចធ្វើការអភិវឌ្ឍន៍នៅតំបន់កោះកុងក្រៅនេះបាន។ និងដោយហេតុថា ក្រសួងបរិស្ថាននៅមិនទាន់ឆ្លើយតបជាវិជ្ជមានជុំវិញការសម្រេចដាក់តំបន់កោះកុងក្រៅឱ្យទៅជាឧទ្យានជាតិសមុទ្រផងនោះ។ 

តំបន់កោះកុងក្រៅ
តំបន់កោះកុងក្រៅ © Internet
ផ្សាយពាណិជ្ជកម្ម

កញ្ញា ភួង កែវរស្មី សកម្មជនចលនានៃមាតាធម្មជាតិបានឱ្យដឹងថា ក្នុងញាតិដែលត្រៀមដាក់ទៅកាន់ក្រសួងបរិស្ថាននៅថ្ងៃទី២៣ សីហា គឺស្នើឱ្យក្រសួងបង្ហាញនូវលទ្ធផលដែលបានសិក្សាអស់រយៈពេល៦ឆ្នាំកន្លងមកនេះ ជូនសាធារណៈជនបានដឹងអំពីឱ្យលម្អិតនូវស្ថានភាពទាំងមូលក្នុងតំបន់កោះកុងក្រៅ។  និងកម្មវត្ថុមួយទៀត សកម្មជនមាតាធម្មជាតិចង់ឃើញក្រសួងបរិស្ថានបង្ហាញនូវបច្ចុប្បន្នភាពនៃដំណើរការដាក់តំបន់កោះកុងក្រៅឱ្យទៅជាឧទ្យានជាតិសមុទ្រ ខណៈកាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងបានអះអាងថា នឹងដាក់តំបន់នេះឱ្យក្លាយជា«ឧទ្យានជាតិសមុទ្រ»នៅឆ្នាំ២០២១។

កញ្ញា ភួង កែវរស្មី​ បន្តឱ្យដឹងថា ក្នុងញាតិនោះ ក៏នឹងស្នើឱ្យរដ្ឋាភិបាលដកហូតនូវតំបន់កោះកុងក្រៅមកធ្វើជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីតំបន់នេះត្រូវបានក្រុមហ៊ុនរបស់លោកកញ៉ា លី យ៉ុងផាត់ ទទួលបានសិទ្ធិអភិវឌ្ឍន៍។ ការស្នើសុំដកហូតបែបនេះ សកម្មជនបរិស្ថានរូបដដែលអះអាងថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ដូចបើកដៃឱ្យក្រុមហ៊ុននេះទៅបំផ្លាញសម្បត្តិធនធានធម្មជាតិដ៏កម្ររបស់កម្ពុជាដូចគ្នា។

បើតាម កញ្ញា ភួង កែវរស្មី ភាគច្រើនតំបន់ដែលស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន(LYP Group) របស់លោក ឧកញ្ញា លី យ៉ុងផាត់ តែងតែជាប់ឈ្មោះថាជាជំនួញដែលរំលោភដីធ្លីពលរដ្ឋ រំលោភច្បាប់ និងប្រើប្រាស់ពលកម្មកុមារខុសច្បាប់។ ជាការបញ្ជាក់បន្ថែម កញ្ញាធ្វើពហិកាមិនមែនតែក្រុមហ៊ុនកោះកុងSEZ របស់់លោកឧកញ៉ា លី យ៉ុងផាត់តែមួយនោះទេ ពោលរាល់ក្រុមហ៊ុនដែលមកវិនិយោគលើតំបន់កោះកុងក្រៅ ក្រសួងគួរបដិសេធ ហើយលុបសំណើស្នើសុំទាំងអស់នោះចេញ។

វិទ្យុបារាំងអន្តរជាតិRFI មិនអាចសុំការឆ្លើយតបពីលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបាននោះទេនៅព្រឹកថ្ងៃចន្ទ។ តែយ៉ាងណា​ ក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី០៣ មិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានបញ្ចូនមន្ត្រីជំនាញឱ្យចុះស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅ ចាប់តាំងពីឆ្នាំ២០១៦ ដើម្បីដាក់តំបន់នេះឱ្យជា«ឧទ្យានជាតិសមុទ្រ»។ ក្រសួងបរិស្ថានបន្តថា ការបែបនេះ​ព្រោះតំបន់កោះកុងក្រៅសម្បូរទៅដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីៈចម្រុះ  និងមានឆ្នេរខ្សាច់ស្អាត។

ទាក់ទិននឹងរឿងនេះ នាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាតបានថ្លែងថា ការស្នើឱ្យក្រសួងដាក់តំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រគឺជារឿងត្រឹមត្រូវ។ លោកថា តំបន់នេះមិនគួរឱ្យមានក្រុមហ៊ុនឯកជនណាមួយមកអភិវឌ្ឍន៍នោះទេ ពីព្រោះការអភិវឌ្ឍន៍ និងវិនិយោគទាំងអស់នោះ ចង់មិនចង់នឹងប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ជីវៈចម្រុះ និងអេកូទេសចរណ៍នៅលើកោះមួយនេះ។

លោក អំ សំអាត បន្តថា ប្រសិនបើក្រសួងបរិស្ថានមានឆន្ទះក្នុងការអភិរក្សកោះនេះ ក្រសួងមិនគួរមានភាពថ្នាំងថ្នាក់ជាមួយសកម្មជនបរិស្ថានឡើយ ក៏ព្រោះថា ទិសដៅចម្បងគឺដើម្បីចូលរួមការពារធនធានធម្មជាតិ។ ហើយក្រសួងគួរបង្ហាញនូវលទ្ធផលសិក្សាស្រាវជ្រាវនាពេលកន្លងទៅ ដើម្បីឱ្យអង្គការសង្គមស៊ីវិល និងសាធារណជនឈប់មានការសង្ស័យ។

សូមជម្រាបថា តំបន់កោះកុងក្រៅ គឺជាកោះក្នុងដែន​សមុទ្រកម្ពុជា​ធំជាងគេ​ដែល​មាន​ទំហំ​១០៣ គីឡូម៉ែត្រការ៉េ និងមាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ចំនួន៦កន្លែង ​ដែលសុទ្ធសឹង​មាន​សក្ដានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ