អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធភាពសកលនៃអង្គការសង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ

CIVICUS ដែល​ជា​សម្ព័ន្ធ​សង្គ​មស៊ីវិល​ពិភ​ពលោក បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុ​ក្ខបុកម្នេញ​លើសកម្មជន សកម្មជន​សហជីព គណបក្សប្រ​ឆាំង និង​បញ្ចប់​ការ​រឹត​បន្តឹ​ងលើ​សេរីភាព​ជា​មូល​ដ្ឋាន​។ នេះ​បើ​តាមរបាយ​ការណ៍ចេ​ញផ្សាយ កាល​ពី​សប្តាហ៍​មុន ដោយ​អង្គការ​​នេះ ​​ក៏​អំពាវនាវ​​ឲ្យ​​សហគមន៍​​អន្តរជាតិ​​បង្កើន​​សម្ពាធ​​​លើ​​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​គោរព​​និង​​ការពារ​​សិទ្ធិម​នុស្ស​ មុន​​កា​របោះឆ្នោត​​ឆ្នាំ​២០២៣​។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ © សហការី
ផ្សាយពាណិជ្ជកម្ម

របាយការណ៍សង្ខេបថ្មីរបស់ CIVICUS ស្តីពីការរឹតត្បិតសេរីភាពពលរដ្ឋនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា បង្ហាញថា បន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានអនុម័ត កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ មិនមានការកែលម្អសិទ្ធិមនុស្សជាក់ស្តែងនៅលើមូលដ្ឋាននោះទេ។ ទោះបីជាមានសេចក្តីរាយការណ៍ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការអំពាវនាវជាច្រើននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអនុសាសន៍របស់អង្គការសហប្រជាជាតិក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញឆន្ទៈនយោបាយក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬកំណែទម្រង់លំហស៊ីវិលនោះទេ។

តាមរយៈរបាយការណ៍របស់ខ្លួន CIVICUS បានលើកឡើងថា អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​កម្ពុជា បន្ត​ប្រឈម​នឹង​ការ​គាប​សង្កត់។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ការ​ចោទ​ប្រកាន់​ដោយ​មិន​ច្បាស់​ ក្រោមពាក្យថា 'ញុះញង់' ត្រូវ​បាន​ប្រើ​ជា​ប្រព័ន្ធ​ដើម្បី​យាយី និង​ផ្ដន្ទាទោស​ពួក​គេ។ អ្នកដែលត្រូវបានឃុំខ្លួន និងចោទប្រកាន់តាមអំពើចិត្ត ជារឿយៗត្រូវបានឃុំខ្លួនក្នុងរយៈពេលយូរ ក្រោមហេតុផលឃុំខ្លួនបណ្តោះអាសន្ន ហើយគ្មានឱកាសទទួលបានការកាត់ក្តីដោយយុត្តិធម៌នោះទេ។ នេះបើតាម CIVICUS។

របាយការណ៍ CIVICUS បានលើកឡើងសង្ខេបពីករណីកើតឡើងថ្មីៗនេះ ដែលត្រូវបានចាត់ទុកថាជាសកម្មភាពធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ។​ ករណីទាំងនោះរួមមានការកាត់ទោសលើសមាជិក៤នាក់នៃអង្គការសិទ្ធិមនុស្សក្នុងស្រុក ADHOC ការបន្តប្រឈមមុខនឹងការគាបសង្កត់របស់សមាជិកសហជីពណាហ្គាវើលដ៍(LRSU)។ បញ្ហាផ្សេងទៀតរួមមាន បញ្ហាសេរីភាពសារព័ត៌មាន ច្បាប់អង្គការសង្គមស៊ីវិល ការចោទប្រកាន់តាមប្រព័ន្ធតុលាការប្រឆាំងសមាជិកអតីតបក្សជំទាស់ជាដើម។

កិច្ចសន្ទនាអន្តរកម្មមួយនឹងធ្វើឡើងជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៥ ខែតុលា បន្ទាប់ពីអ្នករាយការណ៍ពិសេសទើបបានដាក់ចេញនូវរបៀបវារៈ ១០ចំណុច ដើម្បីលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការបើកទូលាយលំហស៊ីវិល និងនយោបាយ និងបញ្ចប់ការកាត់ទោសអ្នកប្រឆាំងនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស។ CIVICUS ក៏បានអំពាវនាវ​ឱ្យ​រដ្ឋដ៏ទៃទៀត​លើក​ឡើង​ពី​កង្វល់​ទាក់ទងនឹងបញ្ហាខាង​លើសម្រាប់​កិច្ច​សន្ទនានេះ។

ជារៀងរាល់ពេលដែលមានការចេញរបាយការណ៍ ឬការអំពាវនាវពីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល​ កម្ពុជាតែងតែឆ្លើយតបដោយអះអាងថារបាយការណ៍ទាំងនោះមិនពិត ឬចងក្រងឡើង ដោយមានភាពលម្អៀង និងមានចរឹតនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ