អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការលីកាដូ៖ ច្បាប់កូវីដបានប្រើជាយុទ្ធសាស្ត្រប្រឆាំងអ្នកតវ៉ាសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិការងារ

អង្គការលីកាដូបានចេញផ្សាយសេចក្តីសង្ខេបផ្នែកច្បាប់មួយ​នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ ដោយ​ធ្វើការ​រិះគន់ច្បាប់ស្តីពីការទប់ស្កាត់ជំងឺ​កូវីដ១៩របស់រដ្ឋាភិបាលថា ត្រូវបាន​ប្រើប្រាស់​ជាយុទ្ធសាស្ត្រ​ប្រឆាំងនឹង​​អ្នកតវ៉ា​សិទ្ធិដីធ្លីនិងសកម្មជនសិទ្ធិ​ការងារ ក្នុងចំណោមអ្នកការពារ​សិទ្ធិមនុស្សផ្សេងទៀត ទោះស្ថានភាពកូវីដធូរស្រាល។ សម្រាប់អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ច្បាប់នេះត្រូវបានអនុវត្ត​ក្រោមរូបភាពរឹតត្បិតដោយឈរលើច្បាប់​ត្រឹមត្រូវ​ ​ព្រោះ​ដើម្បីការពារ​ជិវិតប្រជាពលរដ្ឋ។

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ជាច្បាប់ដែលមានលក្ខណៈ​រឹតត្បិត រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​លើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិ​ដីធ្លី សហជីព និងប្រជាពលរដ្ឋ ក្រោមការអនុវត្ត​បែបរើសអើសរបស់​អ្នកអនុវត្តច្បាប់​ ជាមួយនឹងការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរហួសហេតុក្នុងរយៈកាល១ឆ្នាំមកនេះ​។ នេះ​ជាការលើកឡើង​របស់​អង្គការសម្ព័ន្ធខ្មែរ​ជំរឿន​និងការពារសិទ្ធិមនុស្ស ឬលីកាដូ នៅក្នុង​សេចក្តីសង្ខេបផ្នែក​ច្បាប់មួយ​ ចេញផ្សាយនៅថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២។

តាមសេចក្តីសង្ខេបផ្នែកច្បាប់របស់អង្គការលីកាដូខាងលើ ក្នុង​របាយការណ៍ឆ្នាំ២០២១របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺ​មាន​មនុស្សយ៉ាងតិច ៧២៩នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់កូវីដ១៩ នៅចន្លោះពាក់កណ្តាលខែមេសា ដល់ចុងខែឧសភា ឆ្នាំ២០២១ ហើយជាង ១០០នាក់ត្រូវបានឃុំខ្លួន ដែលជាតួលេខរដ្ឋាភិបាលបានបដិសេធ។ សម្រាប់លីកាដូ ​ទោះកម្ពុជាមាន​ករណីកូវីដធ្លាក់ចុះ​​​​ ច្បាប់នេះ​ត្រូវបានប្រើជាយុទ្ធសាស្ត្រ​ប្រឆាំងអ្នកតវ៉ា​សិទ្ធីដីធ្លី​ និងសកម្មជន​សិទ្ធិ​ការងារ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស​ផ្សេងទៀត។

តាមរយៈវិទ្យុបារាំងអន្តរជាតិrfi នៅថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ២០២២ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌បកស្រាយថា ច្បាប់ស្តីពីការទប់ស្កាត់កូវីដ១៩ ដែលអនុម័តកាលពីថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ គឺជាច្បាប់​ដែលត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​​ក្រោមភាពចាំបាច់ ក្នុងការ​ធានា​សុខភាព​ និង​អាយុ​ជីវិត​ពលរដ្ឋ​ ពោល​គឺ​មិនមែនជា​ការ​បង្កើតឡើង ​ដើម្បី​កម្រិត​សិទ្ធិ​សេរីភាព​​លើក្រុមចង្កោមមនុស្សណា​​នោះ​ទេ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ត​អះអាងថា ច្បាប់ស្តីពីកូវីដ​គឺ​មានភាពរឹតត្បិត តែធ្វើឡើងជារួម ​ដើម្បីប្រយោជន៍សាធារណៈ ដែលត្រូវបាន​អនុញ្ញាតិ​ដោយ​ច្បាប់កាតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋនិងសិទ្ធនយោបាយ។ ហើយបើធៀបនឹងប្រទេសផ្សេង កម្ពុជា មានភាព​រិតត្បិតធូរស្រាលជាងគេឆ្ងាយណាស់។

គួរជម្រាបជូនថា ​អង្គការលីកាដូទទូច​ឱ្យ​​មាន​​វិសោធនកម្មច្បាប់លើ​មាត្រាជាច្រើន (មាត្រា១-មាត្រា​៥ មាត្រា៧-មាត្រា​១៥) ដោយមានការពិគ្រោះយោបល់​ពី​ភាគីចម្រុះ​, ធ្វើវិសោធនកម្មអនុក្រិត​ស្តីពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល​ សម្រាប់ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺកាចសាហាវនិងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អោយ​អនុលោម​​តាមស្តង់ដារច្បាប់ជាតិនិងអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ