អានតួអត្ថបទ
កម្ពុជា-សង្គម

លោករ៉ុង ឈុន៖ ក្រោយរំលាយCNRPសិទ្ធិសេរីភាពនៅកម្ពុជាធ្លាក់ចុះស្ទើរស្មើសូន្យ

អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លោក រ៉ុង​ ឈុន​ បាន​លើកឡើង​ថា ​ក្រោយពី​ចាប់មេដឹកនាំ​ និង​រំលាយ​អតីតគណបក្ស​សង្រ្គោះជាតិ​(CNRP)​ធ្វើឲ្យសិទ្ធិ​សេរីភាព​ផ្សេងៗ​នៅកម្ពុជា​ ធ្លាក់​ចុះស្ទើរស្មើសូន្យ។​ ក៏ប៉ុន្តែ​សម្រាប់​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិកម្ពុជា​ លោក​កត្តា ​អ៊នវិញ ​បាន​ឆ្លើយតបថា​ ការ​លើកឡើងនេះ​ មាន​ចេតនា​មួលបង្កាច់​ដើម្បីកម្មវត្ថុ​នយោបាយ​តែប៉ុណ្ណោះ ​ខណៈសិទ្ធិសេរី​ភាព​ផ្សេងៗ​នៅកម្ពុជា​ បាន​ធានា​ដោយ​ច្បាប់ ​ក្នុង​នោះមាន​រដ្ឋធម្មនុញ្ញជាដើម។​

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងពិធីប្រារព្វទិវាគ្រូបង្រៀនពិភពលោកកាលពីម្សិលមិញ លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានគូសបញ្ជាក់ថា សិទ្ធិសេរីភាពនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុក ក្រោយពីមានការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ។ លោក រ៉ុង ឈុន ហ៊ាន​និយាយថា សិទ្ធិសេរីភាពនៅកម្ពុជាធ្លាក់ចុះស្ទើរស្មើសូន្យ។ សិទ្ធិដែលលោកនិយាយថាធ្លាក់ចុះស្ទើរស្មើសូន្យ គឺសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក៏ប៉ុន្តែលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការលើកឡើងនេះថា មានចេតនាមួលបង្កាច់លាបពណ៌ឲ្យខូចមុខមាត់កម្ពុជា ដើម្បីកម្មវត្ថុនយោបាយតែប៉ុណ្ណោះ។ សម្រាប់កម្ពុជា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគាំពារដោយច្បាប់ជាតិ និងអន្តរជាតិ។ ក្នុងនោះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាដើម ដូចជាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិមូលដ្ឋានផ្សេងៗទៀត ដែលកម្ពុជាបើកទូលាយឱ្យប្រជាពលរដ្ឋប្រើប្រាស់។

គួររំលឹកថា គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលប្រកាសសាលដីការំលាយនៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សនេះ ដោយចោទប្រកាន់ថាមានការឃុបឃិតជាមួយរដ្ឋបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល។ ក្រោយពីចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិ គេកត់សម្គាល់ឃើញថា សហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប បានរិះគន់យ៉ាងខ្លាំងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ខណៈអ្នកនយោបាយគណបក្សប្រឆាំងមួយនេះចំនួន ១១៨នាក់ ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ សហគមន៍អឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុ​គ្រោះពន្ធ (EBA) ២០% ពីកម្ពុជាលើគ្រប់មុខទំនិញដែលនាំចូលទីផ្សារអឺរ៉ុប។ ការដកប្រព័ន្ធអនុ​គ្រោះ​ពន្ធ ២០%​ពីកម្ពុជា ក៏ដោយសារតែកម្ពុជាមិនបានធ្វើតាមសំណើរបស់សហគមន៍អឺរ៉ុប ដែលចង់ឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព និងឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ។  ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាតែងប្រតិកម្មជាច្រើនដងហើយថា កម្ពុជាមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយនឹងភាពអនុគ្រោះពន្ធនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ