អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការកាត់ទោសលោក សុន ឆ័យ ញ៉ាំងឲ្យមានការរិះគន់ពីបណ្តាអង្គទូត និងអង្គការសង្គមស៊ីវិល

ប្រតិកម្ម​រិះគន់​ពី​សំណាក់​បណ្តា​អង្គទូត​ និង​អង្គការ​សង្គមស៊ីវិល​ បាន​ធ្លាក់​មក​បន្ត​គ្នា ​បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ឲ្យ​លោក​ សុន ឆ័យ​ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ចាញ់​ក្តី​គណបក្ស​ប្រជាជនកម្ពុជា ​និង​គ.ជ.ប។ ​សម្រាប់​អ្នក​ឃ្លាំ​មើល​ ការ​កាត់​ទោស​ដោយ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៧៥ម៉ឺន​ដុល្លារ​«ពី​បទ​បរិហាកេរ្តិ៍»​នោះ ​គឺ​ជា​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់។​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រោយការប្រកាសសាលក្រមប្រឆាំង អនុប្រធានគណបក្សភ្លើងទៀន ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មិនបាននៅស្ងៀមនោះឡើយ ដ្បិត លោក សុន ឆ័យ ក៏មានសញ្ជាតិអូស្ត្រាលីមួយដែរ។ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានសរសេរតាមបណ្តាញសង្គមធ្វីតធ័រ នៅថ្ងៃសុក្រ ដោយសម្តែងក្តីខកចិត្តទៅនឹងការសម្រេចរបស់តុលាការ ខណៈលោក សុន ឆ័យ ត្រូវបានកាត់ទោសពីបទបរិហាកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបន្ថែមថា អូស្ត្រាលីនៅតែបន្តអំពាវនាវឲ្យមានការចូលរួមនយោបាយដោយពិតប្រាកដ បូករួមនឹងសិទ្ធិសេរីភាពផ្នែកនយោបាយសម្រាប់ការឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

រីឯអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏បានចេញមករិះគន់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ នៅក្នុងសំណុំរឿងរបស់លោក សុន ឆ័យ ដែរ។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ យល់ឃើញថា ការសម្រេចផ្តន្ទាទោស លោក សុន ឆ័យ ដែលបង្គាប់ឲ្យ សងជម្ងឺចិត្តរហូតដល់៧៥ម៉ឺនដុល្លារអាមេរិក ហាក់ជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់។ ការណ៍នេះនឹងអាចញ៉ាំងឲ្យមានការរិះគន់ពីបណ្តាសហគមន៍ជាតិ និងអន្តរជាតិ ថាជាសាលក្រមដ៏ធ្ងន់ធ្ងន់ សម្រាប់ លោក សុន ឆ័យ ដែលជាអ្នកនយោបាយបក្សប្រឆាំង។ នេះបើតាមលោក អំ សំអាត។

យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការសម្រេចរបស់តុលាការ ថាបានផ្តល់យុត្តិធម៌សម្រាប់គណបក្សកាន់អំណាច។ ជាយុត្តិធម៌នៅត្រង់គណបក្សប្រជាជនកម្ពុជា បានរងការខូចខាតពីការរិះគន់របស់លោក សុន ឆ័យ ជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ថាមានបន្លំសន្លឹកឆ្នោត។

នៅចំពោះមុខនៃការទាមទារសំណងដ៏ច្រើននេះ លោក សុខ ឥសាន បានថ្លែងការពារជំហររបស់គណបក្សកាន់អំណាចថា នៅមិនទាន់អាចទូទាត់បាននូវផ្លូវចិត្តដែលគណបក្សនេះរងផលប៉ះពាល់ពីការរិះគន់របស់លោក សុន​ ឆ័យ បាននៅឡើយនោះទេ។ លោកថា បក្សប្រជាជនកម្ពុជា បានបាត់បង់សេចក្តីថ្លៃថ្នូរ និងអាចធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការភ្នំពេញសម្រេចឲ្យចាញ់ក្តី ដែល​ប្តឹង​ដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ សាលក្រមដែលប្រកាសនៅថ្ងៃទី០៧តុលា បានសម្រេចឲ្យ លោក សុន ឆ័យ បង់ចូលរដ្ឋចំនួន៩លានរៀល ចំពោះបណ្តឹងគ.ជ.ប ខណៈដែលបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារសំណង១លានដុល្លារអាមេរិក តុលាការបានសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សកាន់អំណាចចំនួន៧៥ម៉ឺនដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ