អានតួអត្ថបទ
កម្ពុជា សង្គម

របាយការណ៍៖ លំហសិទ្ធិពលរដ្ឋនៅកម្ពុជាធ្លាក់ចុះ ដោយការអនុវត្តច្បាប់បែបគាបសង្កត់របស់អាជ្ញាធរ

អង្គការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ ហៅ​កាត់​ថា ​CIVICUS​ បាន​វាយ​តម្លៃ​ជា​អវិជ្ជមាន​លើ​ស្ថានភាព​លំហ​សិទ្ធិ​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ ពិសេស​សិទ្ធិ​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើល៍​ និង​សិទ្ធិ​របស់​សកម្មជន​នយោបាយ។​ នេះ​បើ​តាម​របាយការណ៍​សង្ខេប​ចុង​ក្រោយ​របស់​ CIVICUS​ ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​នេះ។​

បាតុកម្ម​អហិង្សា​ជា​ការ​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។
បាតុកម្ម​អហិង្សា​ជា​ការ​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

CIVICUS ​ដែល​ជា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ពិភព​លោក​ទើប​បាន​ចេញ​របាយការណ៍​ថ្មី​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី៤​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​ វាយ​តម្លៃ​ថា ​ស្ថាន​ភាព​លំហ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​ កំពុង​រង​ការ​គាប​សង្កត់​ តាម​រយៈ​ការអនុវត្ត​ច្បាប់​មិន​ត្រឹម​ត្រូវ​របស់​អាជ្ញាធរ។​

របាយការណ៍​ CIVICUS បង្ហាញថា ច្បាប់ក្នុងទម្រង់គាបសង្កត់ទាំងនោះត្រូវបានអាជ្ញាធរកម្ពុជា​អនុវត្ត​​ជាប្រចាំ ​យកមក​​រិតបន្តឹងសេរីភាពពលរដ្ឋ ដោយ​ការ​ដាក់ទោសទណ្ឌ​ ចំពោះការ​អនុវត្តសិទ្ធិសេរីភាព​បញ្ចេញមតិ​ និងការជួបជុំដោយសន្តិវិធី​ជាដើម។

CIVICUS បានចងក្រងរាល់សកម្មភាព​ចុះបង្ក្រាបរបស់អាជ្ញាធរ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មកលើ​ក្រុមសហជីពតវ៉ាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើល ការយាយីនយោបាយ​ជុំវិញការបោះឆ្នោតឃុំសង្កាត់​ ការដោះស្រាយ​ជម្លោះដីធ្លីយាយីសិទ្ធិពលរដ្ឋតវ៉ា​​ និងការកាត់ទោសសកម្មជន​គណបក្សប្រឆាំង សកម្មជនព្រៃឈើ​ សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានជាដើម។ ទន្ទឹមគ្នានេះ ​នៅកម្ពុជា​សេរីភាព​សារព័ត៌មាន​ នៅ​តែ​មាន​ហានិភ័យ ខណៈ​​ដំណើរ​ការ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានមានភាព​យឺតយ៉ាវ។ នេះបើតាមរបាយការណ៍សង្ខេបរបស់​សម្ព័ន្ធ​សង្គ​មស៊ីវិល​ពិភ​ពលោក CIVICUS។

គួរជ្រាបថា កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ អង្គការ CIVICUS បានចេញផ្សាយ​​នូវសេចក្តីសង្ខេបមួយចោទរដ្ឋាភិបាលកម្ពុជាថា ​គ្មានឆន្ទៈ​​អនុវត្តលទ្ធិប្រជាពលរដ្ឋ​និងកំណែទម្រង់លំហសិទ្ធិ​ពលរដ្ឋ។ ហើយក៏បានរំលេចនូវ​កំណែទម្រង់ស្តារ​​លំហសិទ្ធិ​ពលរដ្ឋនៅកម្ពុជា ក្រោយ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​អនុម័ត​​។

ទន្ទឹមគ្នានេះដែរ លោក  Vitit Muntarbhorn ​អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានដាក់ចេញនូវរបៀបវារៈ ១០ចំណុច ដើម្បីលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការបើកទូលាយលំហស៊ីវិល និងនយោបាយ និងបញ្ចប់ការកាត់ទោសអ្នកប្រឆាំងនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស។

តែយ៉ាងណាក៏ដោយ របាយការណ៍និងការអំពាវនាវរបស់​អង្គការក្រៅរដ្ឋាភិបាលក្រៅស្រុក ឬក្នុងស្រុក មិនដែល​ត្រូវបានរដ្ឋាភិបាលកម្ពុជា ​ឆ្លើយតបជាសកម្មភាពដោះស្រាយ​នោះឡើយ​ ជំនួសមកវិញ រដ្ឋាភិបាល​កម្ពុជាតែងធ្វើការច្រានចោល​និង​បកស្រាយ​វិញថា​ ជារបាយការណ៍និងជា​ការអំពាវនាវ​​លម្អៀង និងមានចរិតនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ