អានតួអត្ថបទ
កម្ពុជា-សង្គម

វេទិកាពលរដ្ឋត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូល មុនកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ

អង្គការ​ សមាគម ​និង​សហគមន៍​មូលដ្ឋាន ​បាន​ជួបជុំ​គ្នារៀប​ចំ​វេទិកា​ប្រជាពលរដ្ឋ​កម្ពុជា​រយៈពេល​២ថ្ងៃ ​នៅភ្នំពេញ​ក្នុង​គោលបំណង​ស្ដាប់​នូវ​បញ្ហាផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង។ ​ វេទិកា​នេះ​ដើម្បី​ចង​ក្រង​ជាឯកសារ​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​រដ្ឋាភិបាល​អាស៊ាន​ ពិចារណា​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ប្រជាពល​រដ្ឋ​ ដូចជា​ បញ្ហា​សិទ្ធិ​មនុស្ស ​ប្រជាធិបតេយ្យ ​បញ្ហា​ពាណិជ្ជកម្ម ​និង​កសិកម្ម​ជាដើម។​

អង្គការ សមាគម និងសហគមន៍មូលដ្ឋាន បានជួបជុំគ្នារៀបចំ «វេទិកាប្រជាពលរដ្ឋកម្ពុជា»
អង្គការ សមាគម និងសហគមន៍មូលដ្ឋាន បានជួបជុំគ្នារៀបចំ «វេទិកាប្រជាពលរដ្ឋកម្ពុជា» © FB
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី ព្រៃឈើ នេសាទ កសិករ ជនជាតិដើមភាគតិច អ្នកការពារបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស សមាគម អង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀន មន្រ្តីរាជការ សហជីព កម្មករ កម្មការិនី សកម្មជនស្រ្តី អ្នកប្រកបរបរផ្លូវភេទ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកមានពិការភាព យុវជន សិល្បករ អ្នកសម្តែង អ្នកកសាងសន្តិភាពនិងប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៤០០នាក់បានធ្វើការជួបជុំរៀបចំវេទិការប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ រយ:ពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧តុលានេះ ក្រោមប្រធានបទ “កិច្ចការពារលំហ សេរីភាព  ប្រជាពលរដ្ឋ លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឆ្ពោះទៅកាន់សង្គមប្រកបដោយសមធម៌ និងយុត្តិធម៌នៅកម្ពុជា។

វេទិកានេះបានផ្តោតលើបញ្ហាតម្រូវការ និងក្ដីកង្វល់ជាច្រើនរួមមានសិទ្ធិមនុស្ស សន្តិភាព សន្តិសុខ លំហសេរីភាពប្រជាពលរដ្ឋ និងសុចរិតភាពធុរកិច្ចនៅកម្ពុជា បរិស្ថាន ពាណិជ្ជកម្ម និងសន្តិសុខស្បៀងជាដើម។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ ដែលចូលរួមក្នុងវេទិការនេះ បានបញ្ជាក់បន្ថែមប្រាប់វិទ្យុបារាំង RFI ថា វេទិកានេះ រៀបចំក្នុងគោលបំណងប្រមូលនូវបញ្ហា ដំណោះស្រាយនិងអនុសាសន៍ ដាក់ជូនរដ្ឋាភិបាលនិងរដ្ឋាភិបាលអាស៊ានទាំងមូល នៅក្នុងបរិបទអាស៊ាន និងដោយឡែកសម្រាប់កម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលពិចារណាស្វែងរកគោលនយោបាយ យន្តការឬក៏ដំណោះស្រាយជូនប្រជាពលរដ្ឋដែលជួបនូវបញ្ហាប្រឈមនានាដែលកើតឡើងកន្លងមក។

បើតាម លោក អំ សំអាត ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិជួបជុំសម្ដែងមតិ បញ្ហាដីធ្លី បញ្ហាបរិស្ថាន បញ្ហាពាណិជ្ជកម្ម និងបញ្ហាវិស័យកសិកម្មជាដើម។ បញ្ហាទាំងនេះ បាននិងកំពុងកើតមាននៅកម្ពុជា ដែលប្រជាពលរដ្ឋបានត្អូញត្អែរនិងបានលើកឡើងក្នុងវេទិកា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។

ជាការកត់សម្គាល់ វេទិកាប្រជាពលរដ្ឋកម្ពុជា ដែលផ្តួចផ្តើមដោយក្រុមអង្គការ សមាគម និងសហគមន៍នេះ គឺធ្វើឡើងមុនកិច្ចប្រជុំកំពូលអាស៊ានដែលមកដល់នៅខែវិច្ឆិកាខាងមុខនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ក៏ដូចជាមេដឹកនាំប្រទេសអាស៊ានផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ