អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនចង់ឲ្យមេដឹកនាំកម្ពុជា និងមេដឹកនាំដទៃទៀតយកកង្វល់របស់ពួកគេដាក់ក្នុងកិច្ចប្រជុំអាស៊ាន

សកម្ម​ជន​សង្គម​ប្រមាណ​៤០០​នាក់​លើក​ឡើង​ពី​ កង្វល់​របស់​ពួកគេ ​ប្រាប់​ទៅ​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ​និង​មេ​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត​ដែល​នឹង​ត្រូវ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​ កង្វល់​ធំៗ​ដែល​ពួកគេ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ពលរដ្ឋ​កម្ពុជា​ឆ្នាំ​២០២២​ដែល​ធ្វើ​រយៈ​ពេល​២ថ្ងៃ​នោះ​ គឺលំ​ហរ​សេរី​ពលរដ្ឋ សិទ្ធិ​នយោ​បាយ សិទ្ធិ​សហជីព​ បញ្ហា​ពាណិជ្ជ​កម្ម ​កសិកម្ម​ បញ្ហា​ដីធ្លី ​និង​ចំណាក​ស្រុក​ជាដើម។ 

វេទិកាពលរដ្ឋកម្ពុជាឆ្នាំ២០២២
វេទិកាពលរដ្ឋកម្ពុជាឆ្នាំ២០២២ © FB
ផ្សាយពាណិជ្ជកម្ម

វេទិកា​ពលរដ្ឋ​កម្ពុជាឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១៧តុលា ហើយបានប្រកាសពីលទ្ធផលរួម​នៅក្នុង​សន្និសិទសារព័ត៌មាននៅថ្ងៃទី១៨តុលា។ លំហរ​សេរី​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ រួមទាំង​សិទ្ធិ​ដីធ្លី ​និង​សេរីភាព​សហជីព​ បញ្ហាចំណាក គឺជាកង្វល់សំខាន់ៗ ដែលត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិ​កា​នេះ។ ការលើកឡើងបែបនេះ  គឺ​ជា​ការ​បញ្ជូន​សារ​ទៅ​កាន់​មេដឹកនាំ​អាស៊ាន ​ក៏ដូចជា​មេដឹកនាំ​ពិភព​លោក​ឲ្យ​បាន​ដឹង​មុន​ពេល​ពួកគេ​មក​ប្រជុំ​នៅ​កម្ពុជា​នៅខែវិច្ឆិកា។

បើនិយាយពីស្ថានភាពសិទ្ធិមនុស្សជារួមនៅកម្ពុជា គឺស្ថិត​នៅចន្លោះភ្លើងលឿង និង​ភ្លើងក្រហម។ នេះតាមលោក រស់ សុដ្ឋា​ នាយក​ប្រតិបត្តិ​​នៃ​សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា(CHRAC)។

ដោយឡែក​ ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី ព្រៃឈើ នេសាទ កសិករ ជនជាតិដើមភាគតិច អ្នកការពារបរិស្ថាន អ្នកការពារសិទ្ធិមនុស្ស សមាគម អង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀន មន្រ្តីរាជការ សហជីព កម្មករ កម្មការិនី ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកមានពិការភាព ពួកគេបានលើកឡើងពីកង្វល់​រៀងៗខ្លួន ចង់ឲ្យ​មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដទៃទៀត​ជួយដោះស្រាយ។

បើតាម លោក អំ សំអាត នាយកអង្គការលីកាដូ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិជួបជុំសម្ដែងមតិ បញ្ហាដីធ្លី បញ្ហាបរិស្ថាន បញ្ហាពាណិជ្ជកម្ម និងបញ្ហាកសិកម្មជាដើម។ បញ្ហាទាំងនេះ បាននិងកំពុងកើតមាននៅកម្ពុជា ដែលប្រជាពលរដ្ឋបានត្អូញត្អែរនិងបានលើកឡើងក្នុងវេទិកា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។

ជាការកត់សម្គាល់ វេទិកាប្រជាពលរដ្ឋកម្ពុជា ដែលផ្តួចផ្តើមដោយក្រុមអង្គការ សមាគម និងសហគមន៍នេះ គឺធ្វើឡើងមុនកិច្ចប្រជុំកំពូលអាស៊ានដែលមកដល់នៅខែវិច្ឆិកាខាងមុខនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ក៏ដូចជាមេដឹកនាំប្រទេសអាស៊ានផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ