អានតួអត្ថបទ
កម្ពុជា-នយោបាយ

មុនកិច្ចប្រជុំអាស៊ាន៖ ក្រុមយុវជនខ្មែរថាវរៈធ្វើយុទ្ធនាការបង្អត់អាហារខ្លួនឯង១សប្ដាហ៍ស្នើឲ្យដោះលែងកញ្ញា សេង ធារី

ក្រុមយុវជនខ្មែរថាវរៈ បានធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឲ្យតុលា​ការដោះលែងកញ្ញា សេង ធារី មេធាវីអន្តរជាតិសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ ឲ្យមានសេរីភាពឡើងវិញ។ យុទ្ធ​នាការរបស់ក្រុមយុវជនខ្មែរថាវរៈត្រូវគេមើលឃើញថា ធ្វើឡើង១សប្តាហ៍មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

ក្រុមយុវជនខ្មែរថាវរៈ បានធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឲ្យតុលាការដោះលែងកញ្ញា សេង ធារី
ក្រុមយុវជនខ្មែរថាវរៈ បានធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឲ្យតុលាការដោះលែងកញ្ញា សេង ធារី © សហការី
ផ្សាយពាណិជ្ជកម្ម

កញ្ញា ឈឿន ដារ៉ាវី សមាជិកក្រុមខ្មែរថាវរៈមួយរូប បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI តាមបណ្ដាញសង្គមនៅថ្ងៃនេះថា បើយុទ្ធនាការបង្អត់អាហារនេះ នៅតែមិនមានដំដោះស្រាយទេ គឺពួកគេនឹងបន្តយុទ្ធនាការផ្សេងៗទៀត។ ប៉ុន្តែអ្វីដែលកញ្ញាចង់បាន គឺចង់ឲ្យតុលាការឯករាជ្យ ហើយធ្វើការតាមវិជា្ជជីវៈរបស់ខ្លួន ទើបអាចរកយុត្តិធម៌បាន។

ការថ្លែងរបស់កញ្ញា ឈឿន ដារ៉ាវី ដូច្នេះគឺបន្ទាប់ពី​ក្រុមយុវជនខ្មែរថាវរៈ បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០២ ខែវិច្ឆិកា អមដោយរូបភាពយុវជនចំនួន៦នាក់ នាំគ្នាលើក​រូបភាពកញ្ញា សេង ធារី និងយកស្កុតបិទមាត់របស់ពួកគេ បញ្ជាក់ពី​យុទ្ធនាការពហិការបង្អត់អាហារ។

យុទ្ធនាការរបស់ពួកគេចាប់ផ្ដើមបង្អត់អាហាររយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ​ដើម្បីស្នើសុំទៅតុលាការឲ្យដោះលែងកញ្ញា សេង ធារី មេ​ធា​វីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិកកាំង។ បើតាមការបញ្ជាក់របស់ក្រុមយុវជនខ្មែរថាវរៈ ការធ្វើយុទ្ធនាការរបស់ពួកគេគឺក្រោយពួកគេបារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពរបស់កញ្ញា សេង ធារី ក្រោយពីជាប់ពន្ធនាគារយៈពេលជាច្រើនខែកន្លងមក។

គួររំលឹកថា កញ្ញា សេង ធារី មេធាវីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិកាំង ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញសាលក្រមកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍ ៩វិច្ឆិការបស់លោក សម រង្ស៊ី។ កញ្ញា សេង ធាវី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ពន្ធនា​គារព្រៃសកាលពីថ្ងៃទី១៤ ខែមិថុនា បន្ទាប់មកក៏បានបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនា​គារ​ខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែ​​មិថុនា ក្រោមមូលហេតុ បញ្ចៀសកុំឱ្យមានបាតុកម្មតវ៉ានៅខាងក្រៅពន្ធនាគារដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់នៅក្រៅឃុំ។

ការធ្វើយុទ្ធនាការបង្អត់អាហាររយៈពេលមួយសប្ដាហ៍ដើម្បី​​ទាមទារឲ្យតុលាការដោះលែងកញ្ញា សេង ធារី របស់ក្រុមយុវជនខ្មែរថាវរៈនេះ ត្រូវគេកត់សម្គាល់ឃើញថា ធ្វើឡើងនៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសប្ដាហ៍ក្រោយនេះ ពោលចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៣វិច្ឆិកា​។ កិច្ចប្រជុំកំពូលអាស៊ាននេះ នឹងមានថ្នាក់នាំបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោក ដូចជាប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ានជាច្រើនទៀតចូលរួមផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ