អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការមិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន ចេញទៅប្រជុំសហជីពអន្តរជាតិនៅអូស្ត្រាលី

ប្រធានសហភាពសហជីពកម្ពុជា(CCU) និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មិនត្រូវបានអនុញ្ញាតឲ្យចាកចេញទៅក្រៅប្រទេសទេ ដើម្បីចូលរួមសមាជលើកទី៥ របស់សហជីពអន្តរជាតិ(ITUC) ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅប្រទេសអូស្ត្រាលី។ ការរារាំងដំណើរចាកចេញទៅក្រៅប្រទេសរបស់តុលាការដូច្នេះ ត្រូវគេមើលឃើញថា ក៏ដោយសារតែ លោក រ៉ុង ឈុន កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
ឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ © FB
ផ្សាយពាណិជ្ជកម្ម

សហភាពសហជីពកម្ពុជា(CCU) បានសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធការស្នើសុំរបស់មេធាវី ដើម្បីអាចឲ្យលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញទៅប្រទេសអូស្ត្រាលីដើម្បីចូលរួមសមាជលើកទី៥ របស់សហភាពសហជីពអន្តរជាតិ(ITUC)។

តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ សហភាពសហជីពកម្ពុជាបានលើកឡើងថាតុលាការមិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន បានទៅចូលរួមកិច្ចប្រជុំនេះទេ បើទោះណាជាមានលិខិតអញ្ជើញរបស់សហភាពសហជីពអន្តរជាតិ និងការធានាអះអាងរបស់មេធាវីថាលោក រ៉ុង ឈុន​ នឹងវិលត្រលប់មកប្រទេសកម្ពុជាវិញក៏ដោយ ក្រោយចប់មហាសន្និបាត។

ជាងនេះទៅទៀត សហភាពសហជីពកម្ពុជា បានហៅទង្វើរបស់តុលាការថាជាការគាបសង្កត់សិទ្ធិសេរីភាពលោក រ៉ុង ឈុន និងមិនឲ្យតម្លៃទៅលើសហជីពអន្តរជាតិ ដែលមានសមាជិកជាង៤០០លាននាក់នៅទូទាំងពិភពលោក។ នេះបើតាមសេចក្តីថ្លែងការណ៍។ សហជីពដែលមិនមាននិន្នាការរដ្ឋាភិបាលមួយនេះ បញ្ជាក់ថាការហាមឃាត់នេះ មិនមានផលចំណេញដល់កម្ពុជាទេ មានតែធ្វើឲ្យខូចឈ្មោះប្រទេស ខណៈដែលសហជីពអន្តរជាតិលើកឡើងពីករណីលោក រ៉ុង ឈុន នៅក្នុងមហាសន្និបាត។

ដោយឡែក សាលាដំបូងរាជធានីភ្នំពេញមិនមានការបញ្ជាក់យ៉ាងណានៅឡើយទេ ក៏ប៉ុន្តែតាមសេចក្តីថ្លែងការណ៍របស់សហជីព តុលាការគ្រាន់តែប្រើពាក្យថា«មិនឯកភាព» ហើយមិនបានលើកហេតុផល និងអះអាងពីមូលហេតុច្បាស់លាស់ឡើយ។

សូមរំលឹកថា លោក រ៉ុង ឈុន ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ ​

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន​ ឱ្យជាប់​ពន្ធនា​គារ២​ឆ្នាំ ពីបទ ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីលោកធ្វើការរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០២០។ ក៏ប៉ុន្តែកាលពីឆ្នាំ ២០២១ កន្លងទៅសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសមក​នៅ​តែ​១ឆ្នាំ៣ខែ និង​១១​ថ្ងៃ គិតចាប់ពីថ្ងៃឃុំខ្លួន និងដាក់​ក្រោម​ការ​ត្រួតពិនិត្យតាមផ្លូវតុលាការ​រយៈ​ពេល ៣ឆ្នាំ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ