អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងមន្ត្រីអាដហុក៖ តុលាការកំពូលគ្រោងប្រកាសសាលក្រមបណ្តឹងសារទុក្ខនៅពាក់កណ្តាលខែ

តុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់មន្ត្រីអាដហុក៥នាក់ នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងតាំងពីឆ្នាំ២០១៨។ ការបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីអាដហុក បានប្តឹងសារទុក្ខ ក្រោយពួកគេយល់ថា ការសម្រេចក្តីនៅតុលាការកន្លងមក មិនទទួលបានយុត្តិធម៌។ 

មន្ត្រីអាដហុក៥នាក់ នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងតាំងពីឆ្នាំ២០១៨
មន្ត្រីអាដហុក៥នាក់ នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងតាំងពីឆ្នាំ២០១៨ © សហការី
ផ្សាយពាណិជ្ជកម្ម

 

នៅមិនទាន់មានការសម្រេចណាមួយនៅឡើយនោះទេ ដោយសវនាការនៅព្រឹកនេះ ធ្វើឡើងដោយជជែកពីអង្គច្បាប់តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលជាជនជាប់ចោទនៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី។ បើតាមលោក នី សុខា គឺតុលាការកំពូលនឹងប្រកាសសាលក្រមលើបណ្តឹងសារទុក្ខនេះ នៅថ្ងៃទី១៨វិច្ឆិកាខាងមុខ។

នៅក្នុងការជំនុំជម្រះរយៈពេលមួយព្រឹក លោក នី សុខា កត់សម្គាល់ថា ភាគីតំណាងអយ្យការមិនបានជជែកអ្វីច្រើននោះទេ។ ក៏ប៉ុន្តែពីភាគីមេធាវីការពារក្រុមមន្ត្រីអាដហុកវិញ មានការលើកឡើងពីការមិនសុខចិត្តរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស អំពីការប្តឹងសារទុក្ខមកតុលាការកំពូល បន្ទាប់ពីសាលាដំបូង និងសាលាឧទ្ធរណ៍ សម្រេចឲ្យពួកគេចាញ់ក្តី ដែលជាការបំភ្លៃអង្គហេតុ។ នេះបើតាមលោក នី សុខា។

យ៉ាងណាមិញ សវនាការនៅតុលាការកំពូល ក្រុមអ្នកការពារសិទ្ធិមនុស្សរបស់អង្គការអាដហុកសង្ឃឹមថា ពួកគេនឹងទទួលបានយុត្តិធម៌ពេញលេញ។ លោក នី សុខា អះអាងថា ជំហរបស់មេធាវីការពារពួកលោក មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការការពារនិងច្រានចោលការចោទប្រកាន់ ដែលថាក្រុមមន្ត្រីអាដហុកបានសូកប៉ាន់សាក្សី អ្នកនាង ខុម ចាន់តារាទី ក្នុងសំណុំរឿងលោក កឹម សុខា។

លោកស្រី​ ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ក្រុមមន្ត្រីអាដហុកទាំង៥រូប គួរតែទទួលបានយុត្តិធម៌ ដោយមិនគួរត្រូវបានចាប់ខ្លួន និងឃុំនៅពន្ធនាគារជាង១ឆ្នាំនោះទេ។ លោកស្រី ចក់ សុភាព សង្ឃឹមថា​តុលាការកំពូលនឹងទម្លាក់ចោលការចោទប្រកាន់ ខណៈដែលក្រុមមន្ត្រីអាដហុកទាំង៥រូប អនុវត្តការងាររបស់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា មន្ដ្រី​អាដហុកទាំង៥​រូបគឺ លោក យី សុខសាន្ត, លោក ណៃ វង់ដា, លោក នី សុខា, ​លោក​ស្រី លឹម មុន្នី, និង​លោក នី ចរិយា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​បទ​សូក​ប៉ាន់​សាក្សី ដែល​ចោទ​ឡើង​ដោយ​នាង ខុម ចាន់​តារាទី ហៅ​ស្រីមុំ នៅក្នុងសំណុំរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ