អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីលោក កឹម សុខាត្រៀមរួចរាល់ក្នុងការធ្វើសេចក្តីសន្និដ្ឋានបញ្ជាក់ពីភាពស្អាតស្អំរបស់លោក កឹម សុខា

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការជំនុំជម្រះរឿងក្ដីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២១ខែធ្នូខាងមុខនេះទៀត ក្រោយពីបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលឲ្យមេធាវីទាំងសងខាងចំនួន២ខែ ដើម្បីរៀបចំធ្វើសេចក្តីសន្និ​ដ្ឋានរៀងៗខ្លួនក្នុងសំណុំរឿងនេះ។ សម្រាប់ភាគីមេធាវីលោក កឹម សុខា បានបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ធ្វើសេចក្ដីសន្និដ្ឋានដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក កឹម សុខា។ 

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីមួយរូបរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃអង្គារ៍នេះថា សហមេធាវីលោក កឹម សុខា បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការធ្វើសេចក្ដីសន្និ​​​​ដ្ឋានសម្រាប់សវនាការនាពេលខាងមុខនេះ។ បើតាមលោកស្រី ម៉េង សុភារី សេចក្ដីសន្និដ្ឋាននេះមានជាលាយល័ក្ខអក្សរផង និងផ្ទាល់មាត់ផង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក កឹម សុខា។ តែយ៉ាងណាចំណុចសំខាន់នៃសេចក្ដីសន្និដ្ឋានដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក កឹម សុខា មិនត្រូវបានលោកស្រី ម៉េង សុភារី លាតត្រដាងបានទេនៅពេលនេះ។

មេធាវីរូបនេះ បានបញ្ជាក់ថា តាមនីតិវិធីព្រហ្មទណ្ឌ អ្នកដែលត្រូវធ្វើសេចក្ដីសន្និដ្ឋានមុនគេ គឺតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី បន្ទាប់មកទើបមេធាវីលោក កឹម សុខា ធ្វើសេចក្ដីសន្និដ្ឋានក្រោយគេ។ លោកស្រី ម៉េង សុភារី បានគូសបញ្ជាក់ថា ចំណុចដែលក្រុមសហមេធាវីលោក កឹម សុខា ត្រូវធ្វើសេចក្ដីសន្និដ្ឋាន គឺមានច្រើនដើម្បីបង្ហាញពីភាពស្អាតនិងភាពត្រឹមត្រូវរបស់លោក កឹម សុខា និងមានភស្តុតាងមួយចំនួនក៏ត្រូវលើកក្នុងសេចក្ដីសន្និដ្ឋានដែរ។

តាមរយៈសេចក្ដីសន្និដ្ឋានដើម្បីបង្ហាញពីភាពស្អាតនិងភាពត្រឹមត្រូវរបស់លោក កឹម សុខា ពីសំណាក់មេធាវីនេះ តើនឹងអាចធ្វើឲ្យលោក កឹម សុខា រួចខ្លួនពីការចោទប្រកាន់ និងមានសិទ្ធិធ្វើនយោបាយឡើងវិញដែរឬទេ? ជុំវិញបញ្ហានេះ លោកស្រី ម៉េង សុភារី បានលើកឡើងថា ករណីនេះវាអាស្រ័យលើសេច​ក្ដីសម្រេចរបស់តុលាការ ប៉ុន្តែសម្រាប់មេធាវីលោក កឹម សុខា នៅតែអះអាងថា លោក កឹម សុខា មិនប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ចង់ផ្ដួលរលំរដ្ឋាភិបាល។ ការចោទប្រកាន់នេះ ក្រោយពីមានការបែកធ្លាយវីដេអូដែលលោកបាននិយាយនៅប្រទេសអូស្រ្តាលីប្រាប់អ្នកគាំទ្រនៅទីនោះថា ការធ្វើនយោបាយរបស់លោកកន្លងមកមានការចង្អុលបង្ហាញ និងបង្ហាត់បង្រៀនពីជនបរទេស ក្នុងនោះមានសហរដ្ឋអាមេរិកជាដើម។ តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា បដិសេធច្រាលចោល និងស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ