អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចូលឆ្នាំថ្មី៖ បក្សភ្លើងទៀនចង់ឃើញការបញ្ចប់នូវជម្លោះនយោបាយតាមរយៈវប្បធម៌សន្ទនា

មិនខុសពីគណបក្សកាន់អំណាចទេ គណបក្សភ្លើងទៀនក៏បានចេញសារជូនពរឆ្នាំថ្មីនេះដែរ។ តាមរយៈលិខិតជូនពរឆ្នាំថ្មី គណបក្សជំទាស់មួយនេះ​ បានបួងសួងឲ្យកម្ពុជាជួបប្រទះសុខសន្តិភាពពិតប្រាកដ បញ្ចប់នូវជម្លោះនយោបាយនានាតាមរយៈវប្បធម៌សន្ទនា។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅ នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅ នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣។ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈលិខិតជូនពរចុះ ថ្ងៃទី១២ ខែមេសា​ ដែលមានហត្ថលេខាប្រធានគណបក្ស លោក ទាវ​ វណ្ណុល គណបក្សភ្លើងទៀន បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ថែរក្សាកម្ពុជា ឲ្យជួបប្រទះនូវសុខសន្តិភាពពិតប្រាកដ បញ្ចប់នូវជម្លោះនយោបាយនានា តាមរយៈវប្បធម៌សន្ទនា និងឆ្ពោះទៅរកឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ។

ការបួងសួងរបស់គណបក្សភ្លើងទៀន ខណៈដែលការបោះឆ្នោតជាតិ នៅក្នុងប្រទេសកម្ពុជា កាន់តែខិតជិតមកដល់ ហើយមានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងអនុប្រធាគណបក្សផង ត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់។ លោក សុន ឆ័យ អនុប្រធានគណបក្សនេះ ត្រូវបានតុលាការកាត់ឲ្យចាញ់ក្តី ក្រោយតតាំងក្នុងវិវាទនយោបាយជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២។

ចំណែកអនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ថាច់​ សេដ្ឋា ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី១៦មករា ពីបទ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ តាម​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និងប្រតិបត្តិ​ការ​ទូទាត់សង។ នេះបើតាមដីកាតុលាការក្រុងភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រព្រឹត្តទៅ នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣។ នៅទូទាំងប្រទេសកម្ពុជា មានការរៀបចំនានា ដើម្បីស្វាគមន៍ឱកាសឆ្នាំថ្មីនេះ ដូចជាសង្រ្កាន្តនៅតាមបណ្តារាជធានី ខេត្ត ជាពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ដែលមានទាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមផង។ 

ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពស្ថិរភាពផ្នែកនយោបាយ គឺជាកត្តាសំខាន់ ដែលបានផ្តល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាជនកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ