អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ទៀ បាញ់ ត្រូវចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ក្រោមវត្តមានប្រមុខការពារជាតិចិន និងអាមេរិក

រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី ចំនួន២ថ្ងៃ។ ជាកិច្ចប្រជុំក្រោមវត្តមាននៃបណ្តាប្រមុខការពារប្រទេសមហាអំណាចធំៗ រួមទាំងចិន និងអាមេរិក កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នឹងត្រូវលើកយកបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក និងការអភិវឌ្ឍសមត្ថភាពយោធាក្នុងតំបន់ មកជជែក។ 

មន្ត្រីប៉ូលីស Gurkha ដើរល្បាតនៅជិតច្រកចូលសណ្ឋាគារ Shangri-La ដែលជាកន្លែងសម្រាប់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រលើកទី 20 (IISS) Shangri-La Dialogue ដែលជាវេទិកាការពារជាតិ និងសន្តិសុខប្រចាំឆ្នាំរបស់អាស៊ី នៅប្រទេសសិង្ហបុរី ថ្ងៃសុក្រ ទី 2 ខែមិថុនា ឆ្នាំ 2023។
មន្ត្រីប៉ូលីស Gurkha ដើរល្បាតនៅជិតច្រកចូលសណ្ឋាគារ Shangri-La ដែលជាកន្លែងសម្រាប់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រលើកទី 20 (IISS) Shangri-La Dialogue ដែលជាវេទិកាការពារជាតិ និងសន្តិសុខប្រចាំឆ្នាំរបស់អាស៊ី នៅប្រទេសសិង្ហបុរី ថ្ងៃសុក្រ ទី 2 ខែមិថុនា ឆ្នាំ 2023។ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ឬហៅថា កិច្ចសន្ទនាសាំងហ្គីឡា នៅប្រទសសិង្ហបុរី ពីថ្ងៃទី០២ដល់ថ្ងៃទី០៤មិថុនា។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិកម្ពុជា។ សម្រាប់កិច្ចសន្ទនាសាំងហ្គីឡាឆ្នាំ២០២៣នេះ បណ្តាប្រមុខការពារជាតិនៃប្រទេសដែលចូលរួម នឹងជជែកគ្នាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍន៍គំរូសម្រាប់សន្តិសុខជាដើម។

បើតាមសេចក្តីប្រកាស វត្តមានរបស់លោក ទៀ បាញ់ នៅក្នុងកិច្ចសន្ទនាសាំងហ្គីឡា គឺលោកនឹងធ្វើជាវាគ្មិនមួយរូប ដែលត្រូវឡើងថ្លែងពីការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិ។ ជាប្រធានបទ ដែលលោក ទៀ បាញ់ នឹងផ្តោតលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាក្នុងតំបន់ និងមុខងារដែលអាចដើរតួនាទីរក្សាតុល្យភាពស្ថិរភាពតំបន់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា បញ្ហាប្រឈមដែលលោក ទៀ បាញ់ និងបណ្តាប្រមុខការពារជាតិផ្សេងទៀត ត្រូវលើកគឺ ការប្រឈមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលក្លាយជាវិបត្តិនាំឲ្យបណ្តាប្រទេសមហាអំណាចមួយចំនួន ត្រូវដំឡើងកញ្ចប់ថវិការជាតិ ដើម្បីអភិវឌ្ឍវិស័យយោធា។ តាមលោកបណ្ឌិត គិន ភា កិច្ចសន្ទនាសាំងហ្គីឡា គឺជាវេទិកាចាំបាច់ ដើម្បីរកវិធីសាស្ត្រថែរក្សាស្ថេរភាព និងសន្តិសុខក្នុងតំបន់។

គួរកត់សម្គាល់ថា​ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ឬកិច្ចសន្ទនាសាំងហ្គីឡា២០២៣នេះ នឹងមានវត្តមានរបស់បណ្តាប្រមុខការពារជាតិនៃបណ្តាប្រទេសចំនួន២០ ដែលក្នុងនោះរួមមានទាំង លោក Lloyd J. Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Li Shangfu ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន រួមទាំងបណ្តារដ្ឋមន្រ្តីមកពីអូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ជប៉ុន កូរ៉េ ជាដើម។

យ៉ាងណាមិញ វត្តមានរបស់ប្រមុខការពារជាតិចិន និងអាមេរិក នៅក្នុងកិច្ចសន្ទនាសាំងហ្គីឡាលើកនេះ ត្រូវបានអ្នកតាមដានបញ្ហាអន្តរជាតិ យល់ថា នឹងអាចក្លាយជាប្រឈមទល់មុខគ្នានឹងគ្នា ទៅលើប្រធានបទខ្លះ តួយ៉ាង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាច្រកសមុទ្រតៃវ៉ាន់ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ