អានតួអត្ថបទ
កម្ពុជា-សង្គម

ធនាគារ ABA បើកការស៊ើបអង្កេតករណីបាត់លុយអតិថិជន១០ម៉ឺនដុល្លារ

សុវត្ថិភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ​ត្រូវ​បាន​ចោទ​សួរ​ក្រោយ​ពេល​ដែល​អតិថិជន​ម្នាក់​ប្រើប្រាស់​សេវា​ប្រាក់​បញ្ញើ​របស់​ធនាគារ​ABA​ បាត់​លុយ​១០ម៉ឺន​ដុល្លារ​ តាម​រយៈ​Hack Account​ ដែល​មាន​ជាប់​ទាក់ទង​នឹង​ស៊ីមកាត ​នៅ​ថ្ងៃ​ទី៣១​ខែឧសភា​ឆ្នាំ២០២៣។ ​ប៉ុន្តែ​យ៉ាង​មិញ​ ភាគី​ធនាគារ​ABA​បាន​ចេញ​មុខ​អះអាង​ពី​ភាព​ស្អាតស្អំ​នៃ​សុវត្ថិភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី២​ខែមិថុនា​ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​អតិថិជន​រងគ្រោះ​លើ​ករណី​នេះ។​ ជា​លទ្ធផល​ភាគី​រងគ្រោះ​រងចាំ​ដំណោះស្រាយ​ដោយ​សង្ឃឹម​ទទួល​បាន​ប្រាក់​របស់​ខ្លួន​ត្រឡប់​មក​វិញ ​ខណៈ​ដែល​ធនាគារ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ជា​មួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើ​សបច្ចេកវិទ្យា​និង​ភ្នាក់ងារ​នានា។​

Logo របស់ធនាគារ ABA
Logo របស់ធនាគារ ABA © Internet
ផ្សាយពាណិជ្ជកម្ម

មុនមានជាដំណោះស្រាយនេះ អតិថិជនរងគ្រោះដែលប្រើប្រាស់សេវារបស់ធនាគារABA លោក ឈួន ប៊ុនឡេង បានសសេររៀបរាប់លើបណ្ដាញសង្គមផ្ទាល់ខ្លួនឈ្មោះ (Chhuy Bunleng) នៅថ្ងៃទី១ខែមិថុនាថា កុងធនាគារABA ប្រពន្ធរបស់លោកត្រូវចោរវេរចេញ​១០ម៉ឺនដុល្លារ កាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ដែលផ្ដើមចេញពីស៊ីមទូរសព្ទ។ ជាលេខទូរសព្ទសម្រាប់ប្រើភ្ជាប់ជា​មួយកុងធនាគារABA​​ ដែលលោក ឈួន ប៊ុនឡេង បានដាក់ជាចម្ងល់ថា ហេតុអ្វីមានបុគ្គលផ្សេងបើកលេខទូរសព្ទនោះបាន ដែលករណីបើកស៊ីមទូរសព្ទបានលុះត្រាជាម្ចាស់ដើម? បន្ទាប់មកទៀតលោកបន្តចោទសួរថា ហេតុអ្វីបានអ្នកផ្សេងអាចLog in ABA Appបាន។

មួយថ្ងៃបន្ទាប់ពីបញ្ហានេះត្រូវបានលើកឡើងភាគីធនាគារបានជួបជាមួយ លោក ឈួន ប៊ុនឡេងនិងភរិយា។ ក្រោយជំនួបធនាគារបានបើកការស៊ើបអង្កេតជាមួយអាជ្ញាធរពាក់ព័ន្ធដែលរួមមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។បន្ថែមលើនេះ ABAអះអាងថា​  ស្ថាប័នរបស់ខ្លួនតែងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពគណនីរបស់អតិថិជន ហើយប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញនិងបានរំលឹកដល់អតិថិជនទាំងអស់ទាក់ទងមកធនាគារ ABA ជាមុនសិនប្រសិនបើមានការសង្ស័យឬបានដឹងពីករណីលួចបន្លំណាមួយ។

ជាមួយគ្នានេះ លោក ឈួន ប៊ុនឡេងនិងភរិយាលោកស្រី តុល រ៉ានី បានទទួលយកហេតុផលរបស់ធនាគារនិងជឿថាប្រព័ន្ធសុវត្ថិភាពរបស់ធនាគារពិតជាមានសុវត្ថិភាពបន្ទាប់ពីស្ដាប់ការពន្យល់របស់ធនាគារអំពីដំណើរការនិងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាយល់ថា ប្រព័ន្ធសុវត្ថិភាពហរិញ្ញវត្ថុជារួមនៅកម្ពុជាមានភាពរឹងមាំ ហើយការដោះស្រាយឈរលើភាពច្បាស់លាស់ ដោយមានច្បាប់ហិរញ្ញវត្ថុភ្ជាប់មកជាមួយត្រឹមត្រូវ។

ទន្ទឹមនឹងនេះលោក ង៉ែត ជូរ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា បើនិយាយពីសុច្ចរិតភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាគឺមានភាពល្អប្រសើរ ប៉ុន្តែធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លួនឯងទេត្រូវពង្រឹងសុវត្ថិភាពគណនីអតិថិជនរបស់ខ្លួនកុំឲ្យមានការបាត់បង់សាច់ប្រាក់ដោយប្រការណាមួយ។

ជុំវិញបញ្ហានេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាមានយោបល់ថា កម្ពុជាគួរបង្កើតច្បាប់ការពារអ្នកប្រើប្រាស់ដើម្បីធានាការពារអ្នកប្រើប្រាស់។ នៅពេលគ្មានច្បាប់ដូច្នេះធ្វើឲ្យពលរដ្ឋចាញ់ប្រៀបអ្នកផ្ដល់សេវានៅពេលបញ្ហាណាមួយកើតឡើង។

យ៉ាងណាក៏ដោយទាំងលោក ង៉ែត ជូរ និងលោក ប៉ិច ពិសី យល់ឃើញប្រហែលគ្នាក្នុងករណីនេះ ធនាគារគួរផ្ដល់សំណងណាមួយជូនអតិថិជនរបស់ខ្លួនវិញ ក្នុងលក្ខខណ្ឌសមស្របដើម្បីទំនុកចិត្តអតិថិជន បើពុំដូច្នោះវានឹងក្លាយចម្ងល់របស់អតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារនិងមីក្រូហិរញ្ញវត្ថុអំពីសុច្ចរិតភាពប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ