អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ស្តូបរំលឹកវិញ្ញាណក្ខន្ធទាហានបារាំង-ខ្មែរជិត២០០នាក់ អំឡុងសង្គ្រាមលោកលើកទី១ត្រូវបានសម្ពោធជាថ្មីនៅភ្នំពេញ

 វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឬ«រូបពីរ» ដែលរបបខ្មែរក្រហមបានកំទេចចោលនោះនៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានសម្ពោធជាផ្លូវការឡើងវិញ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង ដែលបានពលីជីវិតនៅអំឡុងសង្គ្រាមលោកលើកទី១(១៩១៤-១៩១៨)។ ការសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធទាហានបារាំង-ខ្មែរ ឡើងវិញនៅចំពីមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញនាពេលនេះ គឺផ្តើមចេញពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅនៅទីក្រុងប៉ារីស។ 

វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឬ«រូបពីរ» ដែលរបបខ្មែរក្រហមបានកំទេចចោលនោះ ត្រូវបានសម្ពោធជាផ្លូវការឡើងវិញ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង ដែលបានពលីជីវិតនៅអំឡុងសង្គ្រាមលោកលើកទី១(១៩១៤-១៩១៨)។
វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឬ«រូបពីរ» ដែលរបបខ្មែរក្រហមបានកំទេចចោលនោះ ត្រូវបានសម្ពោធជាផ្លូវការឡើងវិញ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង ដែលបានពលីជីវិតនៅអំឡុងសង្គ្រាមលោកលើកទី១(១៩១៤-១៩១៨)។ KT - Pierre Roussel - Pierre Roussel
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពីជំនួបរវាងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អំឡុងពេលទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសបារាំងកាលពីថ្ងៃតី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ដែលរបបខ្មែរក្រហមបានបំផ្លាញចោល ត្រូវបានកសាងឡើងវិញ ដោយអនុលោមទៅតាមទម្រង់ដើម និងតម្កល់នៅកន្លែងដដែល មុខស្ថានទូតបារាំងប្រចាំកម្ពុជា។

ស្តូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំងជំនាន់សង្គ្រាមលោកលើកទី១ ដែលបានពលីជីវិតចំនួន១៩៨នាក់ ក្នុងនោះបារាំង៣៣នាក់ មានកម្ពស់សរុបជាង១២ម៉ែត្រ ធ្វើពីបេតុង ស្ពាន់ និងថ្មក្រានីតនេះ ត្រូវបានសម្ពោធយ៉ាងគគ្រឹកគគ្រេងក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Pellet និងមានការចូលរួមពីមន្ត្រី និងអង្គទូតបរទេសនានាផងដែរ។​

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការសាងសង់វិមាននេះឡើង គឺធ្វើឲ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្តប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឲ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់ លោកថា វាជាសក្ខីភាពនៃសាមគ្គីភាពខ្មែរ-បារាំង ដែលកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ពិសេសនៅក្នុងអំឡុងសង្គ្រាមលោកលើកទី១។

ជាមួយគ្នានេះ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានចាត់ទុកថាការសាងសង់វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១​នេះឡើងវិញ គឺជាវិមានប្រវត្តិសាស្ត្រប្រកមដោយអត្ថន័យនៃរាជធានីភ្នំពេញ ដែលថ្ងៃនេះត្រូវបានប្រគល់សារជាថ្មីដល់អ្នកភ្នំពេញ។ តាមលោកឯកអគ្គរដ្ឋទូត គឺជាការបង្ហាញនូវឆន្ទៈនៃការមិនបំភ្លេច និងមិនលុបបំបាត់ចោលនូវការចងចាំអតីតកាល និងជាការឆ្លើយតបទៅនឹងខ្មែរក្រហមដ៏ឆ្កួតលីលា ដែលចង់លុបបំបាត់អតីតកាល រួមនឹងការចងចាំជានិច្ចនូភាពស្អប់ខ្ពើមនៃសង្គ្រាម។

សូមរំលឹកថា វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ នេះត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ម្តងហើយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រស៊ីសុវត្ថិ។ ក៏ប៉ុន្តែវិមាននេះ ត្រូវបានពួកខ្មែរក្រហមបំផ្លិចបំផ្លាញចោល អំឡុងនៃការគ្រប់គ្រងរបស់របបនេះ ដោយបន្សល់ទុកនូវបំណែកមួយចំនួន ដែលរដ្ឋអំណាចកម្ពុជាបានយកទៅរក្សាទុក ក្រោយខ្មែរក្រហមដួលរលំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ