អានតួអត្ថបទ
កម្ពុជា-នយោបាយ

ហ៊ុន ម៉ាណែត៖ តួអង្គនាយករដ្ឋមន្ត្រីថ្មីដែលសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍ពីការស្តារទំនាក់ទំនងជាមួយបស្ចិមលោក

ការចុះផ្សាយពីលោក ហ៊ុន ម៉ាណែត ដែលត្រៀមកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ឆាប់ៗខាងមុខនេះ កំពុងត្រដែតឡើងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីក្នុងអំណាច៣៨ឆ្នាំ លោក ហ៊ុន សែន ថាលោកចុះចេញពីកៅអីដឹកនាំរដ្ឋាភិបាលកម្ពុជានៅខែក្រោយនេះ។ សារព័ត៌មានអន្តរជាតិធំៗ បានលើកឡើងពីការស្តារទំនាក់ទំនងការទូតរវាងកម្ពុជានិងបស្ចិមលោកឡើងវិញ ខណៈដែលគេកត់សម្គាល់ថា ចិនកំពុងមានប្រៀបក្នុងទំនាក់ទំនងជាមួយកម្ពុជា។  

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយតំណាងកងទ័ពសហរដ្ឋអាមេរិក Brg. ឧត្តមសេនីយ John Goodale (ឆ្វេង) ខណៈ​ពួកគេ​ធ្វើ​ជា​អធិបតី​ក្នុង​សមយុទ្ធ​រក្សា​សន្តិភាព​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា "Angkor Sentinel 2014" នៅ​ទីស្នាក់ការ​បញ្ជាការ​រថក្រោះ​កម្ពុជា​ក្នុង​ខេត្ត​កំពង់ស្ពឺ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយតំណាងកងទ័ពសហរដ្ឋអាមេរិក Brg. ឧត្តមសេនីយ John Goodale (ឆ្វេង) ខណៈ​ពួកគេ​ធ្វើ​ជា​អធិបតី​ក្នុង​សមយុទ្ធ​រក្សា​សន្តិភាព​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា "Angkor Sentinel 2014" នៅ​ទីស្នាក់ការ​បញ្ជាការ​រថក្រោះ​កម្ពុជា​ក្នុង​ខេត្ត​កំពង់ស្ពឺ។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ដោយសារតែលោក ហ៊ុន ម៉ាណែត មានប្រវត្តិសិក្សាចេញពីសាលាហ្វឹកហ្វឺនទាហាន West Point នៃសហរដ្ឋអាមេរិក កាសែត The Washington Post បានឡើងចំណងជើងរបស់ខ្លួនថា «West Point បានបណ្តុះបណ្តាលអ្នកស្នងមរតកនៃប្រព័ន្ធអត្តាធិបតេយ្យនៅកម្ពុជា។ តើ ហ៊ុន ម៉ាណែត ជានរណា?»។

នៅក្នុងសម្រង់ខ្លឹមសារព័ត៌មានរបស់ The Washington Post បានលើកយកករណីស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy អូស្ត្រាលី ដែលបានសិក្សាពីសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បានជួបជាមួយនឹងមេដឹកនាំបរទេសធំៗ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យ៉ាងណា តាម The Washington Post គឺមានការបង្ហាញតិចតួចបំផុត ដែលការអប់រំបែបលោកខាងលិចរបស់លោក ហ៊ុន ម៉ាណែត អាចមានឥទ្ធិពលលើជីវិតនយោបាយរបស់លោក។

រីឯសារព័ត៌មាន BBC របស់អង់គ្លេស បានឡើងចំណងជើងទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ថា «លោក ហ៊ុន សែន លាលែងពីតំណែងក្រោយពេល៤ទសវត្សរ៍ និងតែងតាំងកូនប្រុសជានាយករដ្ឋមន្ត្រី»។ សម្រង់ខ្លឹមសារព័ត៌មានរបស់ BBC បានប្រៀបធៀបពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការតៀមរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងចូលទៅអង្គុយកៅអីនាយករដ្ឋមន្ត្រី ពេលខាងមុខនេះ។

BBC បានចុះផ្សាយថា បើប្រៀបធៀបទៅនឹងឪពុករបស់លោក ដែលគ្រប់គ្រងដោយកណ្តាប់ដៃដែក គឺមានការរំពឹងទុកខ្លះថា លោក ហ៊ុន ម៉ាណែត ដែលបានសិក្សាពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ Bristol ផងនោះ អាចមានរបៀបដឹកនាំបែបគាបសង្កត់តិចជាងលោក ហ៊ុន សែន ហើយអាចទទួលយកការអំពាវនាវរបស់ប្រទេសបច្ចឹមលោក ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ ​ថា លោក ហ៊ុន ម៉ាណែត ​មិន​បាន​បង្ហាញ​ភស្តុតាង​ដែល​ថា​លោកអាច​នឹង​បើក​ចំហ​ជាង​នេះ​ទេ។ នេះបើតាម BBC។

រីឯសារព័ត៌មាន ASIA TIMES មានមូលដ្ឋាននៅហុងកុង បានដាក់ចំណងជើងថា «តើ ហ៊ុន ម៉ាណែត នឹងស្តារទំនាក់ទំនងជាមួយលោកខាងលិចទេ?»។ ជាអត្ថបទសរសេរដោយលោក Davit Hutt ដែលធ្លាប់សរសេររិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន បានចុះផ្សាយថា ទីបំផុតទីក្រុងភ្នំពេញ អាចនឹងកែប្រែទំនាក់ទំនងជាមួយបស្ចិមប្រទេស តាមរយៈការដកស្រង់សម្តីរបស់អ្នកវិភាគ។ អ្នកវិភាគបានប្រាប់ ASIA TIMES ថា ការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត នឹងចង់ឲ្យភាពល្អប្រសើរជាមួយលទ្ធិប្រជាធិបតេយ្យបស្ចិមប្រទេស បើទោះបីជាមិនសូវផ្តោតលើបញ្ហាសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យក៏ដោយក្តី។

គួរកត់សម្គាល់ថា ការប្រកាសពីការត្រៀមឡើងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីកម្ពុជា​ ក៏រំជួលដល់ក្រសួងការបរទេសអាមេរិកដែលត្រូវចាប់អារម្មណ៍។ នៅក្នុងសន្និសីទព័ត៌មានមួយ មានអ្នកសារព័ត៌មានបរទេសបានចោទសួរទៅមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក ថា អាមេរិកបានត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហើយឬនៅ?។ ចម្លើយរបស់អ្នកនាំពាក្យ គឺ មិនឆ្លើយឲ្យចំន័យឡើយ ដោយគ្រាន់តែប្រាប់ថា អាមេរិកមានការរំខានចិត្តចំពោះការបោះឆ្នោតដែលមិនសេរី និងយុត្តិធម៌។ តែសម្រាប់រដ្ឋាភិបាលថ្មីនេះ គឺអាមេរិកលើកឡើងថា នៅមានឱកាសដើម្បីស្រោចស្រង់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ