អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត ទទួល​បាន​ងារ​ជា​សម្ដេច​ជាមួយ​ស្នូទះ​ដៃ​និង​រលក​រិះគន់

«សម្តេច​មហា​បវរ​ធិបតី»​ជា​ងារ​ថ្មី​ដែល​លោក ហ៊ុន ម៉ាណែត បន្ថែម​ពី​លើ​ងារ​មាន​ស្រាប់​ជា​កត្តិទេសាភិបាល​បណ្ឌិត។ ងារ​ជា​សម្តេច​មហាបវរធិបតី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួល​បាន​នៅ​ពេល​នេះ​តាមរយៈ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២​ខែ​កញ្ញា​ឆ្នាំ​២០២៣។ ក្រៅពី​លោក ហ៊ុន ម៉ាណែត លោកស្រី ឃួន សុដារី ក៏​ទទួល​បាន​ងារ​ជា​សម្ដេច​ដែរ«សម្តេច​មហារដ្ឋសភាធិការ​ធិបតី»។  ជា​ការ​កត់​សម្គាល់លោក​ ហ៊ុន ម៉ាណែត​  និងលោកស្រី ឃួន សុដារី បាន​រង​ការ​រិះគន់​ទន្ទឹម​នឹង​ការ​អបអរ​សាទរ​ក្រោយ​បាន​ងារ​ជាស​ម្ដេច។

គណៈរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត
គណៈរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត © HMN
ផ្សាយពាណិជ្ជកម្ម

លោកស្រី ចក សុភាព នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើកឡើង​លើ​បណ្ដាញ​សង្គម​ថា កាល​ពី​ជំនាន់មុន​ងារ​មន្ត្រី​សំខាន់ៗ​ត្រូវ​បាន​តែង​តាំង​ដោយ​សារ​ស្នាដៃ​ការងារ​។ តែសម័យនេះ​ ងារ​ជា​ច្រើន​អាច​លែង​មាន​តម្លៃ​ ព្រោះ​អ្នក​ណា​ក៏​អាច​ទទួល​បាន​ ទោះ​មិន​ទាន់​បាន​បញ្ចេញ​ឬ​បន្សល់​ស្នាដៃ​អ្វី​ ដោយ​សារតែ​ សែគ្រួសារ​បក្សពួក​ ឬគ្រាន់​តែ​ចុះ​ចូល។

លោក គង់ រ៉ៃយ៉ា​ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​លើក​ឡើង​ស្រដៀង​នេះ​ដែរ​ថា លោក ហ៊ុន ម៉ាណែត ទទួល​បានងារ​ថ្មី​ទាំង​មិន​ទាន់​ឃើញ​ធ្វើ​សមិទ្ធផល​សម្រាប់​ជាតិ​មួយ​ផង។

ចំណែក លោក សេង សារី ដែលជា​អ្នក​វិភាគ​នយោបាយ​បាន​បង្ហាញ​សារ​បញ្ឈិត​បញ្ឆៀង​ថា ពូជ​ពង្ស​រាស្រ្ត​ឡើងធ្វើ​ស្តេច​មិន​មែន​ជា​រឿង​ថ្មី​ទេ​ក្នុង​ប្រវត្តិសាស្រ្តខ្មែរ ហើយ​អ្នក​ជិតខាង​នៅ​តែ​មាន​ឥទ្ធិល​ក្នុង​ប្រព័ន្ធ​នយោបាយ​ខ្មែរដដែល។ លោក សេង សារី បាន​គូស​រំលេច​ថា ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ (១៣២៣-១៣៤០​) គឺជា​ភស្តុ​តាង​ប្រវត្តិ​សាស្រ្តនៃ​ការ​បញ្ចប់​រាជ​វង្សសែ“វរ្ម័ន”។ ៧០០ ឆ្នាំ​ក្រោយ​មក​ សន្តតិវង្ស​ថ្មី​មួយ កំពុង​តែប​ញ្ចប់​រាជវង្ស​សែ​ ”ត្រសក់​ផ្អែម” បណ្តើរៗ​ហើយ។

ផ្ទុយពី​លោក សេង សារី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើក​ឡើង​ថា ជាទូទៅ«សម្តេច» គឺជា​គោរមងារ​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តមមួយ​នៅ​ក្នុង​ប​ណ្តា​ប្រទេស​ដែល​ប្រកាន់​របប​រាជានិយម។ ដោយឡែក នៅកម្ពុជា ការៀប​ផ្សារ​ភ្ជាប់​គោរមងារ«សម្តេច» ទៅ​នឹង​តំណែង​កំពូល​ខ្ពង់ខ្ពស់ ជាការ​មួយ​សមរម្យ ដ្បិត​វា​ស្រប​ទៅ​នឹង​ប្រពៃណី​បរមបុរាណ​របស់​ប្រទេសកម្ពុជា។  នៅ​ប្រទេស​កម្ពុជា តាំង​ពី​បុរាណ​កាល​មក គោរមងារ​មួយ​ចំនួន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មុខ​តំណែង​សំខាន់ៗ ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ»។ល។ ក្នុង​ន័យ​នេះ ការ​តភ្ជាប់​គោរមងារ«សម្តេច»ទៅនឹង​មុខ​តំណែង ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ឬ នាយករដ្ឋមន្ត្រី គឺ​ជា​ការ​វិលត្រឡប់​ទៅ​រក​ប្រពៃណី​ជាតិ​មួយ​ដ៏​រឹង​មាំ​និង​ដ៏​គង់​វង្សយូរ​អង្វែង​នៃ​របប​រាជានិយម​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ