អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនត្រៀមសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្ស

គណបក្សភ្លើងទៀន ត្រៀមស្នើសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយាលើលិខិតចុះបញ្ជីគណបក្សនៅឯក្រសួងមហាផ្ទៃ ដើម្បីអាចឲ្យបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោតពេលក្រោយៗ។ ជំហរបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះ គឺបញ្ជាក់តាមរយៈអ្នកនាំពាក្យ ក្រោយពេលដែលក្រសួងមហាផ្ទៃបានយល់ព្រមឲ្យតំណាងបក្សភ្លើងទៀន ចូលជួបនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក្នុងការជជែកពីលិខិតចុះបញ្ជីរបស់គណបក្សដែលបានបាត់។

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។ © AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីជម្រាបរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ គឺ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៥នាក់ ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី២១កញ្ញា ខាងមុខ ដើម្បីជជែកពីបញ្ហាលិខិតចុះបញ្ជីគណបក្សរបស់គណបក្សភ្លើងទៀនដែលបានបាត់បង់។

ជំនួបនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានអះអាងថា បក្សប្រឆាំងនឹងបន្តទាមទារក្រសួងមហាផ្ទៃ  ចេញលិខិតទុតិយតាលើលិខិតលេខ១៩៣។ លិខិតលេខ១៩៣ ដែលជាលិខិតចុះបញ្ជីគណបក្សភ្លើងទៀននៅឯក្រសួងមហាផ្ទៃ។

លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថា គណបក្សភ្លើងទៀននៅតែបន្តរក្សាជំហ ឲ្យក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីអាចចូលរួមការបោះឆ្នោតពេលខាងមុខ។ បើតាមលោក គីមសួរ ភីរិទ្ធិ លោកជឿជាក់ថា លិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្ស នឹងអាចជួយគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោត។

គួរបញ្ជាក់ថា គណបក្សភ្លើងទៀន បានបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កន្លងទៅនេះ ដោយសារតែបក្សបានបាត់លិខិតច្បាប់ដើមនៃការចុះបញ្ជីគណបក្ស។ ក្រុមមន្ត្រីបក្សភ្លើងទៀន បញ្ជាក់ថា លិខិតនោះបានបាត់នាអំឡុងពេលដែលទីស្នាក់ការនៃអតីតបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរចូលបង្ក្រាបកាលពីឆ្នាំ២០១៧។

យ៉ាងណាមិញ ក្រសួងមហាផ្ទៃ កាលពីដើមខែមិថុនាបានចេញលិខិតបញ្ជាក់មួយជូនដល់គណបក្សភ្លើងទៀន ថាជាគណបក្សស្របច្បាប់ ដើម្បីចុះឈ្មោះចូលរួមការបោះឆ្នោត ក៏ប៉ុន្តែលិខិតនោះមិនអាចជួយអ្វីជាដុំកំភួនដល់បក្សប្រឆាំងមួយនេះឡើយ។ ពោលគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមការបោះឆ្នោតរបស់គណបក្ស ត្រូវតែមានលិខិតចុះបញ្ជីច្បាប់ដើម។

ក្រោយបាត់បង់ឱកាសចូលរួមប្រកួតជាមួយបក្សកាន់អំណាច តាមរយៈការបោះឆ្នោត គណបក្សភ្លើងទៀន ក៏ព្យាយាមសុំជួបខាងតំណាងក្រសួងមហាផ្ទៃ ជាញឹកញយ ដើម្បីឲ្យស្ថាប័នជាអាណាព្យាបាលគណបក្សនយោបាយមួយនេះ ជួយអន្តរាគមន៍។ បើតាមអ្នកនាំពាក្យ គណបក្សភ្លើងទៀនសង្ឃឹមរហូតដល់៩០% ​ថា បញ្ហាលិខិតចុះបញ្ជីរបស់គណបក្សនឹងអាចដោះស្រាយបាន ប្រសិនបើដំណើរការតាមនិតិវិធីច្បាប់។ តែផ្ទុយមកវិញ វាក៏លំបាក មិនអាចទៅរួច ប្រសិនបើជារឿងនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ