អានតួអត្ថបទ

សង្គមស៊ីវិលស្នើពន្លឿនការផ្សព្វផ្សាយខណៈការបំបៅដោយទឹកដោះម្ដាយធ្លាក់ចុះគួរឲ្យបារម្ភ

អង្គការសង្គមស៊ីវិលមួយចំនួន បានជំរុញឲ្យរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយនានា បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យស្ត្រីបំបៅដោះកូនដោយទឹកដោះខ្លួន​ឯង ខណៈការបំបៅដោះកូនដោយទឹកដោះម្ដាយនេះ មានការធ្លាក់ចុះគួរឲ្យបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

សង្គមស៊ីវិលស្នើពន្លឿនការផ្សព្វផ្សាយខណៈការបំបៅដោយទឹកដោះម្ដាយធ្លាក់ចុះគួរឲ្យបារម្ភ
សង្គមស៊ីវិលស្នើពន្លឿនការផ្សព្វផ្សាយខណៈការបំបៅដោយទឹកដោះម្ដាយធ្លាក់ចុះគួរឲ្យបារម្ភ © FB
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសព័ត៌មាននៅក្នុងសប្ដាហ៍ពិភពលោកបំបៅដោះកូនដោយទឹកដោះម្ដាយ នៅថ្ងៃទី២១ខែកញ្ញា ការបំបៅដោះកូនដោយទឹកដោះតែមួយមុខគត់ បានធ្លាក់ចុះពី៧៤%ក្នុងឆ្នាំ២០១០មកនៅត្រឹម៦៥%ក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម៥០%នៅឆ្នាំ២០២១-២០២២។

នៅចំពោះមុខការការធ្លាក់ចុះអត្រាបំបៅដោះកូនដោយទឹកដោះតែមួយមុខគត់នេះ នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានផ្ដល់អនុសាសន៍ឲ្យមានការផ្សព្វផ្សាយព័ត៌មាន ស្ដីពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងតម្រូវការសម្រាប់បង្កើតគោលនយោបាយ ព្រមទាំងកម្មវិធីគាំទ្រដល់គម្រោងនេះ។ តាមលោកស្រី ការផ្សព្វផ្សាយនេះទៀតសោត នឹងរួមចំណែកលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ ការយល់ខុសអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ហើយជំនួយមកវិញ ដោយការយល់ដឹងពីសារៈសំខាន់នៃទឹកដោះ។

ទន្ទឹមនេះ លោកស្រី​ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កត្តាចលករដ៏សំខាន់ ដើម្បីជួយគាំទ្រនិងលើកទឹកចិត្តដល់ម្ដាយក្នុងការបំបៅដោះកូនដោយទឹកដោះម្ដាយ នោះ គឺជាសមាជិកគ្រួសារ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបន្ថែមថា ស្ត្រីដែលត្រូវត្រឡប់ទៅធ្វើការវិញ ពួកគេអាចបន្តបំបៅដោះកូនដោយទឹកដោះម្ដាយបានដដែល តាមរយៈការច្របាច់ទឹកដោះទុកឬបង្កើតបន្ទប់បំបៅដោះនៅកន្លែងធ្វើការ។ ដូច្នេះហើយលោកស្រីថា កន្លែងធ្វើការគួររៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្ត្រីក្នុងការបំបៅដោះកូននេះ។

ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកស្រី ហួយ មុំ រស់នៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បានអះអាងកាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០២៣ថា​ កូនទាំង២នាក់របស់អ្នកស្រីបានបៅទឹកដោះម្ដាយ រហូតដល់ពួកគេមានអាយុ១ខួប៦ខែ។ មិនតែប៉ុណ្ណោះ តាមគម្រោងកូនទី៣ អាយុ៣ខែរបស់អ្នកស្រី ក៏អាចនឹងបន្តបៅដល់អាយុ១ខួប៦ខែដូចកូនពីរនាក់មុនដែរ។ នេះក៏ដោយសារតែអ្នកស្រីទទួលបានការអនុគ្រោះនិងភាពយល់យោគពីថ្នាក់ដឹកនាំជាបុរស នៅកន្លែងការងារ ទើបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំបៅដោះកូននេះ។

សូមបញ្ចាក់ថា យោងតាមអង្គការសុខភាពពិភពលោកនិងអង្គការយូនីសេហ្វ ការបំបៅដោះកូនដោយទឹកដោះម្ដាយ ជាមធ្យោបាយមានប្រសិទ្ធិភាពបំផុតមួយក្នុងការទប់ស្កាត់បញ្ហាកង្វះអាហាររូបត្ថម្ភ ធានាដល់ការលូតលាត់និងការអភិវឌ្ឍប្រកបដោយសុខភាពល្អ។ ទឹកដោះម្ដាយពោរពេញទៅដោយសារធាតុចិញ្ចឹមនិងអង្គបដិប្រាណចាំបាច់ទាំងអស់ដែលទារកត្រូវការដើម្បីលូតលាស់។ មិនតែប៉ុណ្ណោះប្រយោជន៍នៃការផ្ដល់ទឹកដោះទៅឲ្យកូនជួយឲ្យម្ដាយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់និងមហារីកដៃស្បូនថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ