អានតួអត្ថបទ

អ្នក​ជំនាញ​សុខភាព៖ក្រសួងសុខាភិបាល​គួរ​ស៊ើប​អង្កេត​ទីតាំង​ផ្សេង​ៗដែល​កំពុង​លក់​អាហារ​បំប៉ន់​សុខភាព

អ្នកជំនាញ​ផ្នែក​សុខភាពសាធារណៈ​សាទរ​ដែល​ក្រសួងសុខាភិបាល​សម្រេច​បិទទីតាំង​លក់​ផលិតផលជំនួយ​សុខភាព​ពីរ​កន្លែង​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០២៣ ក្នុង​ថ្ងៃ​តែ​មួយ។ ទីតាំង​ទាំងពីរ​មាន​ឈ្មោះ​ថា ឱសថស្ថាន​គ្រួសារ​កក់ក្ដៅ និង​កន្លែង​លក់​ឱសថ​បុរាណ​របស់​លោក ស៊ូ សេងហួរ។

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ​ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ជីវសាស្ត្រ​ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជាថ្លែង​នៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ២០២៣ថា ការផ្សព្វផ្សាយ​ផលិតផល​ចេញ​ពីទីតាំង​ទាំងពីរ​កន្លង​មក​ខុស​ពីការ​ពិត​ទាំង​ស្រុង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈគួរឲ្យបារម្ភ។

បន្ថែមពី​លើការ​អបអរសាទរ​អ្នកជំនាញ​រូបនេះ​ស្នើ​សុំ​ក្រសួង​សុខាភិបាល​ធ្វើ​កិច្ចការងារ​ទាំងនេះ​ឲ្យ​ភាព​សុក្រិត្យ​ជាង​នេះ​ទៀត ហើយជា​ការល្អ​ប្រសិន​បើ ក្រសួងសុខាភិបាល​មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ទីតាំង​ផ្សេងទៀត​ដែល​ជ្រក​ក្រោម​យីហោ​លក់​អាហារ​បំប៉ន់​សុខភាព​ខុស​ច្បាប់។ មួយវិញទៀត! ការតាមដាន និងអង្កេត​មើល​សុខភាព​ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ផលិតផល​របស់​ទីតាំង​ទាំងពីរ​ក៏​ជា​រឿង​សំខាន់​សម្រាប់ផល​រំខាន​រយៈ​ពេល​យូរ។ នេះ​ជា​យោបល់​របស់​លោកវេជ្ជ​បណ្ឌិត នុត​ សម្បត្តិ។

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០២៣​នេះ​បាន​បញ្ជាក់​ថា មុន​សម្រេច​ចិត្ត​បិទ​កន្លែង​លក់​ឱសថ​បុរាណរ​បស់​លោក ស៊ូ សេងហួរ ក្រសួង​ធ្លាប់​ទុក​ឱកាស​ឲ្យ​លោក​ម្នាក់​នេះកែ​ខ្លួន​ដែរ​តែ​មិន​ស្ដាប់។ នាយកដ្ឋាន​ឱសថ ចំណីអាហារបរិក្ខារពេទ្យ និង​គ្រឿង​សំអាង​នៃ​ក្រសួង​សុខាភិបាល​និង​មន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ធ្លាប់​បាន​ចុះទៅអប់​រំ​និង​ផាក​ពិន័យ​លោក ស៊ូ សេងហួរ ពីរដង​រួច​ហើយ នៅ​រវាង​ខែ​មីនា​និងឧសភា​ឆ្នាំ​២០២៣ ក្នុង​សំណុំរឿង​ផ្សព្វផ្សាយ​ការ​ព្យាបាល​ជំងឺ ចែកចាយនិង​លក់​ឱសថ​បុរាណ​ដោយ​គ្មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​បើក​ទីតាំង​អគារ​ឱសថបុរាណថ្មី​ដោយ​គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។

ជាការកត់​សម្គាល់​សេចក្ដី​សម្រេច​របស់​ក្រសួងសុខាភិបាល​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​មតិ​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​មួយ​ចំនួន​ទទូច​ឲ្យ​មាន​ចំណាត់​ការ​លើ​លោក ស៊ូ សេងហួរ បន្ទាប់​ពី​បុគ្គល​រូបនេះ​បង្កើត​មាតិកា​និងបញ្ចេញ​វិដេអូ​មិនសមរម្យ​ដែល​គេ​ចាត់​ទុក​ថា បំពុល​សង្គម។

បន្ថែមលើនេះ​ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងការ​សម្រេច​ចិត្ត​ទទួល​ការព្យាបាល​ដោយ​មន្ដអាគម ឬឱសថ បុរាណ​ដែល​ខុស​ច្បាប់ និង​កុំជឿ​ការ​ឃោសនា​ភូតកុហក​បោក​ប្រាស់ទាំង​នោះ តាម​បណ្តាញ​សង្គម ឃ្លីប​វីដេអូ ឬការផ្សព្វផ្សាយ​តៗគ្នា ដែល​នាំ​ឱ្យ​ខាត​បង់ប្រាក់ ពេល​វេលា ប៉ះពាល់ដល់​សុខភាព និង​អាចបណ្តាល​ឱ្យគ្រោះ​ថ្នាក់ដល់ អាយុជីវិតជាយថាហេតុ។

ចំណែក​ការបិទ​ទីតាំង​លក់​ឱសថ​គ្រួសារ​កក់ក្ដៅវិញ! ក្រសួងសុខាភិបាល​តាមរយៈ​សេចក្ដីប្រកាសព័ត៌​មានដោយ​ឡែក​អះអាងថា ក្រុមហ៊ុននេះ​មិនគោរព​និង​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​ចុះ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​ឆ្នាំ២០២៣ បង្គាប់​ឲ្យ​លុបចោល​បញ្ជិកា​ចរាចរ​ផលិផល​បំប៉ន​សុខភាពGINSENG PRO​ ដែល​មាន​ផ្ទុក​សារធាតុជាតិសកម្ម DEXAMETHASONE និង PREDNISLON។​

ក្រសួងបានអំពាវនាវ​ឲ្យសាធារណៈជន​បញ្ឈប់ការ​ទិញ​ឬ​ប្រើប្រាស់​ផលិតផល​បំប៉ន់​សុខភាព​របស់​គ្រួសារកក់ក្ដៅ​ព្រោះ​អាហារ​បំប៉ន់​របស់​ក្រុមហ៊ុន​នេះ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ក្នុង​រយៈពេលយូរ​ដូច​ជាៈប៉ះពាល់​ប្រព័ន្ធ​រំលាយអាហារ អាច​ដំបៅ​ឬ​ធ្លាយ​ក្រពះខ្សោយ​តម្រង់​នោម លើស​ឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាព​ស៊ាំ​សារពាង្គ​កាយ​ជាដើម។  បន្ថែមពីលើនេះ​ទៀតក្រសួងសុខា​ភិបាល​បាន​ព្រមាន​ចាត់វិធាន​ការច្បាប់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ តំណាង​ចែកចាយ និង​អ្នកពាក់ព័ន្ធ បើ​នៅ​តែ​បន្ត​លក់​ផលិតផលបំប៉ន់សុខភាព​ដែល​បាន​ឃាត់​នេះ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ