អានតួអត្ថបទ

ក្រសួងសុខាភិបាល៖ ​ពលរដ្ឋមានរោគសញ្ញាភ្នែកក្រហមត្រូវសម្រាកពីកន្លែងធ្វើការឬសាលារៀន

 ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ឱ្យដឹងថា ករណីជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឱ្យកត់សម្គាល់​ ក្នុងបណ្តាខេត្តមួយចំនួន​នៅប្រទេស​កម្ពុជា។ ប្រឈមនឹងបញ្ហានេះ ក្រសួងសុខាភិបាលអំពាវនាវដល់​ពលរដ្ឋដែលមានរោគសញ្ញាភ្នែកក្រហមនេះ ត្រូវសម្រាកពីកន្លែងធ្វើការ ឬ សាលារៀន ដើម្បីទប់ស្កាត់ការឆ្លង​បន្តក្នុងសហគមន៍​។

រូបតំណាង៖ ជំងឺឆ្លងភ្នែកក្រហម
រូបតំណាង៖ ជំងឺឆ្លងភ្នែកក្រហម © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី​១៩តុលា​នេះ បានបញ្ជាក់ពីការ​ឆ្លើយតបជាបន្ទាន់ ដើម្បី​ទប់ស្កាត់ការឆ្លងជំងឺឆ្លងភ្នែកក្រហមបន្តក្នុងសហគមន៍ នៅខណៈដែល​រកឃើញថា ជំងឺឆ្លងភ្នែកក្រហមនេះ​ កំពុងកើតថ្មីគួរ​ឱ្យកត់សម្គាល់​ក្នុងបណ្តាខេត្តមួយចំនួន​នៅប្រទេសកម្ពុជា។​

ប្រឈមនឹងបញ្ហានេះ ក្រសួងសុខាភិបាលបា​នអំពាវនាវឱ្យពលរដ្ឋដែលមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬ សាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត។ អាការៈ​ឬរោគសញ្ញាជំងឺឆ្លងភ្នែកក្រហមនេះ​ រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៍ផ្កាឈូក ឬ ពណ៍ក្រហម ហើយត្របកភ្នែក ជាពិសេស​នៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍​ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាម​ភ្នែក មានអាចន៍ភ្នែក អាចជាខ្ទុះ ឬពណ៍បាយទឹក ឈឺគ្រាប់ភ្នែក ។ល។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ ក្រសួងសុខាភិបាល​បានអះអាងថា ​​ក្រសួងសុខាភិបាលនិងស្ថាប័​នពាក់ព័ន្ធ​បានចុះ​អង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំ​បង្ការ​ការឆ្លងរាលដាលជំងឺឆ្លងភ្នែកក្រហមនេះ។ ជំងឺ​ឆ្លងភ្នែកក្រហមនេះ បានឆ្លងដំបូងកាលពីថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន​៨ករណី ចេញពីភូមិ​ប៉ក់តូចនៃខេត្តរតនៈគីរី ដែលជាប់ព្រំប្រទល់នឹងទឹកដីវៀតណាម។ នេះបើតាម​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)។

គួរដឹងថា ករណីភាគច្រើននៃជំងឺឆ្លង​ភ្នែកក្រហមនេះ ងាយឆ្លងជាទីបំផុត ពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ យ៉ាងណាមិញ ករណី​ភាគច្រើននៃ​ជំងឺឆ្លងភ្នែកក្រហមនេះ គឺស្រាល ដែលជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃ ដោយមិនតម្រូវឲ្យមានការព្យាបាលនិងមិនមានផលវិបាករយៈពេលវែងឡើយ។

ទោះជាយ៉ាងណា ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល២ទៅ៣សប្តាហ៍ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ចំណែក វិធីព្យាបាលរួមមាន ការ​សំអាតអនាម័យភ្នែកដែលឈឺ​ជាប់ជាប្រចាំ ការប្រើថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ដែលជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ