អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត៖ ពលរដ្ឋនឹងទទួលបានសេវាសុខាភិបាលកាន់តែប្រសើរ

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​លោក ​ហ៊ុន ​ម៉ាណែត​ មាន​សុទិ​ដ្ឋិ​និយម​ថា​ ប្រ​ជា​ពល​រដ្ឋ​ នឹង​ទទួល​បាន​សេវា​សុខា​ភិបាល​កាន់​តែ​ល្អ​ប្រ​សើរ​ បន្ទាប់ពី​មន្ទីរ​ពេទ្យ​ថ្មី​ដែល​ដាក់​ឈ្មោះថា​«តេជោសន្តិភាព​»​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅថ្ងៃ​អង្គារ​នេះ​។ ​នេះ​គឺ​ជា​មន្ទីរ​ពេទ្យ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ​ដែល​បាន​ចាប់​ផ្តើម​សាង​សង់ ​កាល​ពី​ថ្ងៃទី​២៨​ ខែ​មីនា ​ឆ្នាំ​២០២២​ នៅ​លើ​ផ្ទៃដី​ ៧.៥៨​ហិកតា ​ជាប់​វិថី​ឈ្នះឈ្នះ​ ក្នុង​សង្កាត់​គោក​រកា ​ខណ្ឌ​ព្រែក​ព្នៅ​។

មន្ទីរពេទ្យ តេជោសន្តិភាព
មន្ទីរពេទ្យ តេជោសន្តិភាព © FB
ផ្សាយពាណិជ្ជកម្ម

មន្ទីរ​ពេទ្យ​ជាតិ​ដែល​មាន​ចំនួន​១១​អគារ​នេះ ​មាន​គ្រែ​សរុប​ចំនួន​ ៩,៤៩៦​គ្រែ ​ក្នុងនោះ​គ្រែ​សម្រាកព្យាបាល​មាន​ចំនួន​សរុប​ ៩,២៤៤​គ្រែ ​គ្រែសម្រាប់​គ្រូ​ពេទ្យ​ប្រចាំ​ការ​ចំនួន​ ៤៦​គ្រែ ​និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ។

បើ​តាម​លោកនា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ាណែត ​មន្ទីរ​ពេទ្យ​របស់​កម្ពុជា​នេះ​ គឺ​មាន​លក្ខណៈ​ទំនើប​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ ដោយលោក​មាន​សុទិដ្ឋិ​និយម​ថា ​ប្រជា​ពលរដ្ឋ ​នឹង​ទទួល​បាន​សេវា​សុខា​ភិបាល​កាន់​តែ​ល្អ​ប្រ​សើរ​។​លោក​ថ្លែងថា​ ការ​រៀប​ចំ​មន្ទីរ​ពេទ្យ​ជាតិ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ផ្តល់​សេវា​ពហុព្យាបាល​ដល់​ប្រជាពល​រដ្ឋ ​និង​ជាការ​គិត​គូរ​យូរ​អង្វែង​ ដើម្បី​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​ទៀត​។

សម្រាប់ ​លោក ​ហ៊ុន ​ម៉ាណែត ​ការ​ដែល​មាន​មន្ទីរ​ល្អ​គឺ​ជា​រឿង​មួយ​ តែ​លោក​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ពេទ្យ​ និងបុគ្គលិក​សុខា​ភិបាល​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ឱ្យបាន​ខ្ពស់​ចំពោះ​អ្នក​ជំងឺ​ នៅ​គ្រប់​កន្លែង​ដោយ​គ្មាន​ការរើស​អើង​។

លោក​ប្រមុខ​រដ្ឋាភិបាល​នៅថ្ងៃនេះ ​ក៏​បាន​ប្រកាស​ដាក់​ចេញ​គោល​ដៅ​ពង្រីក​វិសាលភាព​ មូល​និធិសម​ធម៌សុខា​ភិបាល​ ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​ ខណៈ​មូល​និធិនេះ​មាន​អាយុ​កាល​២៣ឆ្នាំ​មក​ហើយ​។

គិត​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ២០២៣ ​មាន​មូលដ្ឋាន​សុខា​ភិបាល​សាធារណៈ​ចំនួន​១ ៣៦០​កន្លែង​កំពុង​អនុវត្ត​មូលនិធិ​នេះ​។ ​នេះ​បើ​តាម​លោក​ ឈាង ​រ៉ា។​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​រូបនេះ ​ថ្លែងថា​ មូលនិធិ​នេះ ​បាន​ពង្រីកការ​គ្រប់​ដណ្ដប់​លើ​គោល​ដៅប្រជាជន​ក្រីក្រ ​ចំនួន​៧៧៩ ៥១៤​គ្រួសារ ​ស្មើនឹង​ជាង​ ៣​លាន​ ២​សែន​នាក់​។

ក្នុង​ចំណោម​អ្នក​ទទួល​សេវា​នេះ​ គឺ​មាន​ក្រុម​កម្មករ​ក្រៅ​ប្រព័ន្ធ ​សមាជិក​សមាគម​ម៉ូតូឌុប​ រ៉ឺម៉ក់​ ស៊ីក្លូ ​និង​កង់បី ​មាន​ចំនួន​៧៨ ៣០១​នាក់​ ប្រជាជន​ផ្ទុក​មេរោគ​អេដស៍ ​មាន​ចំនួន ​១៧ ៥៩៣នាក់​ និង​កម្មករ​និយោ​ជិកក្នុង​វិស័យ​កំសាន្ត​ទេសចរណ៍​ក្រៅ​ប្រព័ន្ធ​ ​ប្រមាណ​២ ៧៨១​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ