អានតួអត្ថបទ

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ថា​សវនាការ​សំណុំរឿង​លោក​ កឹម សុខា ​នឹង​ចាប់ផ្តើម​ឆាប់​ៗ​នេះ

លោក ​ចាន់ ចេន ​សហមេធាវី​មួយរូប​ការពារ​សិទ្ធិ​លោក​ កឹម សុខា​ បានលើកឡើង​ថា​រឿងក្តី​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​គឺ​ជា​រឿង​នយោបាយ ​ហើយ​ការពន្យាពេល​សវនាការ​សាលាឧទ្ធរណ៍​នៃ​សំណុំរឿង​នេះ ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​របស់លោក​។ តែ​បញ្ហានេះ​ត្រូវបាន​ឆ្លើយតប​ដោយ​មន្ត្រី​សាលា​ឧទ្ធរណ៍ថា ​តុលាការ​កំពុង​ធ្វើការ​ ហើយនឹង​អាច​ចាប់ផ្តើម​ក្នុងពេល​ឆាប់​ៗ​ខាងមុខ​។

គំនូរស្តីពីសវនាការលោក កឹម សុខា
គំនូរស្តីពីសវនាការលោក កឹម សុខា © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណេរខ្លី​លើហ្វេសប៊ុករបស់​លោក ចាន់ ចេន ​សហមេធាវី​មួយរូប ​ក្នុងចំណោម​មេធាវីទាំង​៤​រូបការពារ​សិទ្ធិ​ឲ្យលោក ​កឹម សុខា បាន​បញ្ជាក់ថា ​ការពន្យាពេល​គ្មានកំណត់​(លើសំណុំរឿង​លោក​ កឹម សុខា) ​វារំលោភ​លើសិទ្ធិទទួលបាន​នូវការជំនុំជម្រះ​ដោយយុត្តិធម៌ ​និង​ឆាប់រហ័ស ​ដែលមានចែង​ក្នុងច្បាប់ជាតិ ​និង​កតិការសញ្ញា​អន្តរជាតិ​។

តាមរយៈ​ការរៀបរាប់ថា​រឿងក្តី​លោកកឹម សុខា ​ជារឿងនយោបាយ ​ដោយលោកជាប់ឃុំ​នៅ«ម៣»(ពន្ធនាគារ​ត្រពាំងផ្លុង)​ ជាង១ឆ្នាំ ​និងក្នុងផ្ទះ ​២៧ឆ្នាំ តាម​សាលក្រម​ដោយអយុត្តិធម៌ ​ដែលមិនអាច​ថ្លែងបាន ​លោកមេធាវី​បន្ថែមថា​លោក កឹម សុខា​ ជាប់ឃុំដោយ​អយុត្តិធម៌ ដោយសារ​លោកស្មោះត្រង់នឹង​ជាតិ ស្មោះត្រង់​នឹងម្ចាស់ឆ្នោត ​រក្សាគោលជំហរ​ដើម ឧត្តមគតិ​ដើម​មិនប្រែប្រួល​។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ លោក ឃុន លាងម៉េង ​បានបញ្ជាក់ថា​សុំរឿងលោក​ កឹម សុខា ​នឹងត្រូវលើកមក​ជំនុំជម្រះនៅពេល​ឆាប់ៗនេះ ខណៈដែល​ក្រុមប្រឹក្សាជំនុំជម្រះ​កំពុងធ្វើ​របាយការណ៍ ​និង​សេចក្តីសន្និដ្ឋាន ​ដោយសារ​សំណុំរឿងនេះ មានភាព​ស្មុគ្រស្មាញ និង​មានឯកសារច្រើន​។

សូមរំលឹកថា​ លោក កឹម សុខា​ ប្រធានអតីត​គណបក្សសង្គ្រោះជាតិ​ត្រូវបាន​សាលាដំបូងរាជធានី​ភ្នំពេញផ្តន្ទាទោសកាល​ពីថ្ងៃទី៣ ខែមីនា ​ឆ្នាំ២០២៣ ដាក់​ពន្ធនាគាររយៈពេល​២៧ឆ្នាំ ពីបទ​សន្ទិដ្ឋិភាពជាមួយ​បរទេស តាមមាត្រា​៤៣៩ និងមាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។​ ក៏ប៉ុន្តែលោក កឹម សុខា ​ត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅក្នុងផ្ទះ​។ តុលាការ​ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​លោក​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ ​ឬ​ចូលរួម​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​​មាត្រា​​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ក៏ប៉ុន្តែ​ចាប់តាំងពីចុងខែ​មីនា ឆ្នាំ២០២៣​មក សំណុំរឿង​លោក កឹម សុខា ​ត្រូវបានអូសបន្លាយ​ជាច្រើនខែរហូតមក​ដល់បច្ចុប្បន្ន​នេះ ដោយក្នុងនោះ​ក៏បានឆ្លងកាត់​ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ​នីតិកាលទី៧ដែរ ​ដែលក្រុម​មេធាវីការពារ​សិទ្ធិលោក កឹម សុខា​ តែងធ្វើអត្ថាធិប្បាយ​ថាជាការរំលោភ​លើសិទ្ធិកូនក្តី​របស់​ពួកគេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ