អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជានាំមុខគេក្នុងការកាត់បន្ថយការបន្ទោបង់ពាសវាលពាលកាល

រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​កំណើន​នៃ​ការ​ទទួល​បាន​សេវា​អនាម័យ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដោយ​ជា​មធ្យម​មាន​អត្រា​៥%​ក្នុង​មួយ​ឆ្នាំ​។​ កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​ថា​ ជា​ប្រទេស​នាំ​មុខ​ក្នុង​ការ​ពន្លឿន​អត្រា​គ្រប់​ដណ្តប់​អនា​ម័យ ​និង ​ការ​កាត់​បន្ថយ​ការ​បន្ទោ​បង់​ពាស​វាល​ពាល​កាល​ នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​សារ​លិខិត​អបអរ​ទិវា​ជាតិ​អនាម័យ​ជន​បទ​លើក​ទី​១៤​ នៅ​ថ្ងៃ​ទី១៣​វិច្ឆិកា​។

សិស្សសាលាខ្លះដែលទទួលបានទឹកស្អាត
សិស្សសាលាខ្លះដែលទទួលបានទឹកស្អាត © FB
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បច្ចុប្បន្ន​នេះ ​អត្រា​គ្រប​ដណ្តប់​អនាម័យ​កើន​ដល់​៨៥% ​ខណៈ​ខេត្ត​ចំនួន​៦ បាន​បញ្ចប់​នូវ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ គឺ​ខេត្តស្វាយ​រៀង ព្រៃវែង កណ្តាល និង​កំពង​ស្ពឺ​ កំពង់​​ឆ្នាំង និង​កែប​។ ​ជាមួយ​គ្នា​នេះដែរ​ គឺ​មាន​ភូមិ​ចំនួន​៧៣៩៧ ​និង​ឃុំ​ចំនួន​៦៥៤​ រួម​ទាំង​ស្រុក​៥៦​ ក៏​បាន​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នេះ​ដែរ​។

ទោះជា​មាន​ការ​វិវត្តន៍​យ៉ាង​នេះ​ក្តី​ ក៏​ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​ចេញផែន​ការ​ឲ្យ​ក្រសួង​ជំនាញ​ត្រូវ​ពន្លឿន​អត្រា​គ្រប​ដណ្តប់​អនាម័យ ​និង​ទឹក​ស្អាត​ជន​បទ​បន្ថែម​ទៀត​ ដើម្បី​សម្រេច​គោលដៅកម្ម​វិធី​នយោបាយ​ឆ្នាំ​២០២៣ដល់​២០២៨​។​ គឺ​ជា​ផែន​ការ​ដែល​កម្ពុជា​ត្រូវសម្រេច​ឲ្យ​បាន​នូវ​អត្រា​ផ្គត់​ផ្គង់​ទឹក​ស្អាត​៩០%​នៅ​ឆ្នាំ​២០២៣​ និង​១០០%​នៅ​ឆ្នាំ​២០៣០​ ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

អង្គការ​យូនី​សេហ្វ ​បាន​ទទួស្គាល់​ថា ​កម្ពុជា ​កំពុង​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ជា​បណ្តើរៗ​ ប៉ុន្តែ​វឌ្ឍន​ភាព​ទាំង​នេះពុំទាន់​គ្រប់​គ្រាន់​ ដើម្បី​បំពេញ​ទៅតាម​ចំណុច​ដៅ​ផ្នែក​អនាម័យ ​ និង​ទឹក​ស្អាត​ឡើយ។​  បើ​តាម​អង្គការ​នេះ ​កម្ពុជា ​គឺជា​ប្រទេស​ដែល​មាន​អត្រា​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ខ្ពស់​ជាង​គេនៅ​ក្នុង​តំបន់​ ពោល​គឺ​ក្នុង​ចំណោមប្រជា​ជន​នៅជន​បទ​នៅ​មាន​ជីវភាព​ក្រីក្រ​ជាង​គេ ​១០នាក់ ​មាន​៨នាក់​ទៅ​ហើយ ​ដែល​នៅបន្ទោរ​បង់​ក្នុង​ប្រភពទឹក​ចំហ ឬបន្ទោរបង់​ដោយ​មិន​ប្រើប្រាស់​បង្គន់​។ ​ទម្លាប់​បែបនេះ​ បន្ត​ជា​បញ្ហា​ប្រឈម​ដ៏សែន​គ្រោះថ្នាក់​មួយ ព្រោះថា​លាមក​របស់​មនុស្ស​ដែល​នៅជិត​ផ្លូវ​ទឹក​ និង​ផ្ទះសម្បែង ​នាំ​ឲ្យមាន​ការ​សាយភាយ​ជំងឺ​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​ឲ្យ​កុមារ​ និង​គ្រួសារ​របស់​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​។

ប្រជា​ពលរដ្ឋ​កម្ពុជា​ម្នាក់​ ក្នុង​ចំណោម​បី​នាក់​ ប្រើប្រាស់​ទឹក​ពី​ប្រភព​ដែល​ពុំ​ត្រូវ​បាន​កែ​លម្អ ​។​ក្នុង​ចំណោម​សា​លាមត្តេយ្យ​សិក្សា​ចំនួន​១០​ មាន​ ៧​សាលា​ ដែល​ពុំ​មាន​បរិក្ខារ​អនាម័យ ​ និង​ទឹក​ស្អាត ​ទេ ​ហើយ​ក្នុង​ចំណោមមណ្ឌល​សុខភាព​នៅ​តំបន់​ជនបទ​ចំនួន​ពីរ​ មាន​មួយ​កន្លែង​ពុំ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ប្រើប្រាស់​ពេញ​មួយ​ឆ្នាំ​ដែ​។ ​ទាំង​នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​អង្គការ​យូនីសេហ្វ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ