អានតួអត្ថបទ

ការ​ប្រារព្ធ​ខួប​១៣​ឆ្នាំ ​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ​នៅសល់​តែ​ចំហាយ​តាម​ហ្វេសប៊ុក

នៅថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​នេះ ​គឺជា​ខួប​១៣​ឆ្នាំ​នៃ​ការ​ស្លាប់​យ៉ាង​អាណោចអាធម​របស់​ពលរដ្ឋ​ខ្មែរជាង៣០០នាក់ ​នៅលើ​ស្ពានពេជ្រ​។​ ព្រឹត្តិការណ៍​ដ៏​មហា​សោកសៅ​នេះ ​ហាក់​ថយ​ឥទ្ធិពល​បន្តិច​ម្តង​ៗ​ ដោយ​នៅថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ ​មិនមាន​ពិធី​សូត្រមន្ត ​បង្សុកូល ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​ជន​រងគ្រោះ​កោះពេជ្រ​ដូចឆ្នាំ​កន្លង​ទៅ​ទេ​។

ស្បែកជើងជនរងគ្រោះបន្សល់ទុកនៅលើស្ពានពេជ្រ
ស្បែកជើងជនរងគ្រោះដែលបានស្លាប់នៅលើស្ពានពេជ្រ © FB
ផ្សាយពាណិជ្ជកម្ម

ពិធី​សាសនា​ផ្សេងៗ ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ជាង​៣០០​នាក់​ ដែលបាន​បាត់បង់​ជីវិត​នៅលើ​ស្ពានពេជ្រ​កាលពី​១៣​ឆ្នាំ​មុន មិនត្រូវបាន​រៀបចំ​ធ្វើដូចឆ្នាំ​កន្លងទៅ​ទេ​។ ទាំង​អាជ្ញាធរ ​ទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ​ហាក់បង្ហាញភាព​ស្ងប់ស្ងាត់ ​ខណៈ​នៅសល់​តែ​៥​ថ្ងៃទៀត​ប៉ុណ្ណោះ​ពិធីបុណ្យ​អុំទូក​ឆ្នាំ២០២៣​នេះ​នឹងត្រូវ​ចាប់ផ្តើម​។

ការរំលឹក​ភាពសោកសៅ​នេះ ត្រូវបាន​ជំនួស​ពីការ​ប្រតិបត្តិ​ផ្ទាល់​មកបណ្តែត​សារ​ និង​រូបភាព​នៅលើ​បណ្តាញ​សង្គមជាពិសេស​ហ្វេប៊ុក។ ​អមដោយ​រូបភាពជន​រងគ្រោះ​ហាក់នៅ​ស្រស់ៗ​ប្រជ្រៀងគ្នា​យ៉ាងណែន​ដូចគេ​គ្រីប​ នៅលើ​ស្ពាន​ដ៏អប្រិយ​ ដែលមាន​ពន្លឺ​ចម្រុះ​ដូច​ឆព្វណ្ណរង្សី ​ពលរដ្ឋខ្មែរ​មួយចំនួន​បាន​បង្ហោះសារ​រំលឹកដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅទីនោះ​ដោយ​សរសេរថា​«ថ្ងៃនេះ​ជាថ្ងៃទី​២២ ​ខែ​វិច្ឆិកា ​សូមរំលឹក​ខួប ​និង​ការគោរព​ដល់វិញ្ញាណក្ខន្ធ​បងប្អូន​ខ្មែរ​ ដែលស្ថិតនៅ​ក្នុង​សោកនាដកម្ម​ដ៏សោកសៅ​ស្លាប់នៅលើ​ស្ពានពេជ្រ​ អស់រយៈពេល ​១៣ឆ្នាំ​កន្លងទៅ​»។ ​គណនី​ហ្វេសប៊ុកខ្លះ​ទៀត​ បានបង្ហោះ​រូបភាព ​វីដេអូ​ឃ្លីប ​ដែល​បន្សល់ទុក​នូវ​ស្បែកជើង​ជន​រងគ្រោះ​រាយប៉ាយ​លើ​ស្ពានពេជ្រ ​និង​ទិដ្ឋភាព​សោក​សង្រេងផ្សេងៗ​ទៀត ​ដោយ​មិនមាន​អត្ថាធិប្បាយ​អ្វី​ទាំងអស់​។

សូមរំលឹកថា​កាលពី​រាត្រីថ្ងៃទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១០ ​គឺជា​ថ្ងៃទី​៣ ​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក ​ពលរដ្ឋ​ខ្មែរភាគច្រើន​ជាយុវជន​បានប្រជ្រៀត​គ្នា​ឆ្លងកាត់​ស្ពានពេជ្រ ​ធ្វើឲ្យ​ពួកគេ​ជាប់គាំង​នៅក្នុង​ក្រុម​មនុស្ស​ដ៏ច្រើន​សន្ធឹកសន្ធាប់​បណ្តាលឲ្យ​ស្លាប់​ជាង​៣៥០​នាក់ ​និង​របួសជាង​៤០០​នាក់​។ ​ព្រឹត្តិការណ៍នេះ​ មិនមាន​អ្នកទទួល​ខុសត្រូវ​ទេ​រហូតមកទល់​ពេលនេះ ​ខណៈមានការ​លើកឡើង​ចម្រុះ​មតិ​ថា​បណ្តាល​មកពី​ឆក់​អគ្គិសនី​ ការ​ថប់ដង្ហើម ​ការ​ធ្វេសប្រហែល​របស់​អាជ្ញាធរ ​និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​កោះពេជ្រ​។

ក៏ប៉ុន្តែ​ទាំងអស់នេះ ​គ្រាន់តែ​ជាការ​លើកឡើង ​និង​មិនមាន​ដំណោះស្រាយ ​ឬ​សំណងណាមួយ​ដែលធ្វើឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​អស់ចិត្ត​នោះទេ​។ ទោះយ៉ាងណា ​អាជ្ញាធរ​ក៏ដូចជា​សប្បុរសជន​នានា ​ក៏បាន​ផ្តល់ថវិកា​រាប់ម៉ឺនដុល្លារ​ដែរ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​នីមួយៗ ​និង​មានការ​ចាត់ចែង​ដឹកជញ្ជូន​សព​ដល់លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាមប្រពៃណី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ