អានតួអត្ថបទ

រដ្ឋាភិបាល​ព្យាករ​កំណើន​សេដ្ឋកិច្ច​២០២៣ ​ប្រហាក់ប្រហែល​នឹង​WB ​តែ​ខុសគ្នា​ឆ្នាំ​២០២៤

នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣ ​ដែលរៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI)​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បានថ្លែងថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៣ ​ត្រូវរំពឹងថា​នឹង​មាន​ ៥,៦% ​និង​៦,៦% ​នៅ​ឆ្នាំ​២០២៤​។ ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដូច្នេះ ​គឺ​ប្រហាក់ប្រហែល​នឹង​ការព្យាករណ៍​របស់​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ ​ក៏ប៉ុន្តែ​ខុសគ្នា​នៅ​ឆ្នាំ​២០២៤​។

ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ
ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភ្នំពេញ © NS
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថាកំណើនសេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ ២០២៣នេះ​ ត្រូវបានរំពឹងថា ​៥,៦% ហើយនឹងមាន​សន្ទុះកាន់តែលឿននៅឆ្នាំ​ ២០២៤ខាងមុខរហូត​ដល់ ៦,៦%។​ ក៏ប៉ុន្តែនៅក្នុង​ការព្យាករណ៍របស់​ធនាគារពិភពលោក​(World Bank) កាលពី​ថ្ងៃពុធកន្លងទៅ ​កំណើនសេដ្ឋកិច្ច​កម្ពុជាឆ្នាំ​២០២៣ គឺមាន​កំរិតទាប​ជាងការ​រំពឹងទុក​បន្តិច គឺ​៥,៤% និង​ឆ្នាំ២០២៤​ ៥,៨% ​ហើយបន្ត​មានកំណើនដល់​ ៦,១% រហូតដល់​ឆ្នាំ២០២៥ ​ឯណោះ​។

ក៏ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ថា​ទស្សនវិស័យនៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏អាច​ប្រឈមនឹងហានិភ័យ​មួយចំនួនក្នុងពេលដែល​ស្ថានភាពបច្ចុប្បន្ន​មានភាពមិនប្រាកដប្រជា​ខ្ពស់នៅឡើយ​ ដែលប្រទេសកម្ពុជា​ចាំបាច់ត្រូវប្រកាន់​យកស្មារតីនៃការកែទម្រង់​ជាប្រចាំ ​ដោយព្យាយាម​កសាងឲ្យបាននូវ​ភាពធន់ និង​ជំរុញពិពិទ្ធកម្ម​សេដ្ឋកិច្ច​។

ជាមួយគ្នានេះ ​ធនាគារពិភពលោក​ក៏បានលើកឡើង​ដែរថា ទោះជា​មានការវិនិយោគ​ច្រើនទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​កន្លងមកក្តី ​ផ្នែកដឹកជញ្ជូន និង​ប្រព័ន្ធឡូជីស្ទិក​ដែលសមត្ថភាពនៅ​មានកម្រិត​ និងការផ្គត់ផ្គង់​ថាមពល​ដែលពិបាកទុកចិត្ត​បាន នៅតែបន្ត​ជាបន្ទុកខ្ពស់​លើចំណាយថ្លៃដើម​របស់ធុរកិច្ច​ និងរបស់អ្នក​ប្រើប្រាស់ទូទៅ​។ នៅក្នុង​រយៈពេលមធ្យម ​វិបត្តិខាងក្រៅ ​ដែលមាន​ក្នុងពេលតែមួយ​រួមមាន ​ការរាតត្បាត​ជំងឺជាសកល ​សង្គ្រាមឈា្លនពាន​របស់រុស្ស៊ី​លើអ៊ុយក្រែន ​និងអត្រាខ្ពស់​របស់ការប្រាក់​លើទីផ្សារ​អន្តរជាតិ​ ត្រូវបានរំពឹងថា​នឹងនៅតែ​បន្តធ្វើជា​ឧបសគ្គដល់​កំណើនសេដ្ឋកិច្ច​។ នេះបើតាម​ World Bank​។

តាមលោក ​ហ៊ុន ម៉ាណែត ​រដ្ឋាភិបាល​អាណត្តិទី៧​ បានដាក់ចេញ​នូវយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ​ដោយកំណត់យក​អាទិភាពគន្លឹះ​ចំនួន៥ ​រួមមាន ​មនុស្ស ​ផ្លូវ ទឹក ភ្លើង​ និង​បច្ចេកវិជ្ជា។ ​រយៈពេល៣ខែ​កន្លងទៅនេះ ​រដ្ឋាភិបាល​បានដាក់ចេញ​នូវកម្មវិធីចំនួន​៥រួចហើយ ​ក្នុងនោះមាន​យុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​(២០២៣-២០២៨)​ ការពង្រឹង​វិសាលភាពមូលនិធិ​សមធម៌​សុខាភិបាល ដល់គ្រួសារ​ងាយរងហានិភ័យ​ ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ​និង​បច្ចេកទេសដល់​យុវជនមកពី​គ្រួសារក្រីក្រ ​និង​ងាយរងគ្រោះ ​ការពង្រីក​របបសន្តិសុខសង្គម​ផ្នែកថែទាំសុខភាព​ដល់បុគ្គល​ស្វ័យនិយោជន៍ ​កម្មវិធី​ហិរញ្ញប្បទានសំដៅដល់​ផលិតផលកសិកម្ម​ និងការដាក់​ពង្រាយមន្ត្រី​កសិកម្មទៅគ្រប់​ឃុំសង្កាត់​។ នេះបើតាម​លោក ហ៊ុន ម៉ាណែត​។

ក្រៅពីនេះ ​លោកនាយក​រដ្ឋមន្ត្រីក៏បាន​បញ្ជាក់ដែរថា​គណៈកម្មការជាតិ​ចំនួន៣ត្រូវបាន​បង្កើតឡើងទាក់ទង​ទៅនឹងកំណែទម្រង់​រដ្ឋបាលសាធារណៈ ​វិស័យអប់រំ ​សុខាភិបាល ​រួមនឹងកិច្ចដំណើរ​ការរបស់​អាជ្ញាធរជាតិ​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ។​ លោកក៏បានរំលឹកដែរ​ ពីការកែទម្រង់​ស៊ីជម្រៅ ដើម្បី​បង្កបរិយាកាស​ងាយស្រួល​ជិត២០០ ​ដល់ការធ្វើ​ធុរកិច្ច​នៅកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ