អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន នៅតែក្តាប់អំណាចពេញដៃ ទោះរដ្ឋាភិបាលថ្មីដឹកនាំបាន១០០ថ្ងៃ

លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅតែក្តាប់អំណាចយ៉ាងពេញដៃ បើទោះបីជាមានរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្តី។ ការលើកឡើងនេះ ធ្វើឡើងនាគ្រាដែលរដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកាន់ចង្កូតកម្ពុជា បានចំនួនជិត១០០ថ្ងៃ រាប់ចាប់ពីការចាប់ផ្តើមពីថ្ងៃទី២២សីហាមក។

លោក សម រង្ស៊ី (ឆ្វេង) លោក ហ៊ុន ម៉ាណែត (ស្តាំ)
លោក សម រង្ស៊ី (ឆ្វេង) លោក ហ៊ុន ម៉ាណែត (ស្តាំ) © RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈអត្ថបទ នៅលើ The Diplomat កាលពីថ្ងៃពុធ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំង បានសរសេរថា រយៈពេល១០០ថ្ងៃដំបូងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបង្ហាញថា ជាការដឹកនាំកម្ពុជា ដោយគ្មានចក្ខុវិស័យសម្រាប់អនាគត ហើយការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត ក៏មិនទាន់មានប្រសិទ្ធភាព។

ក្រោមចំណងជើងថា ១០០ថ្ងៃដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការផ្ទេរអំណាចពិតប្រាកដមិនទាន់មកដល់ លោក សម រង្ស៊ី បានចំអកដល់លោក ហ៊ុន ម៉ាណែត ថា ភាពមិនច្បាស់ការណ៍ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក បានបង្ហាញតាមរយៈសុន្ទរកថា ដែលលោកថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ថា ការបោះឆ្នោតនាខែកក្កដាកន្លងទៅនោះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងអាចទុកចិត្តបាន។ តាមលោក សម រង្ស៊ី គឺលោក ហ៊ុន ម៉ាណែត គ្មានអាណត្តិនៃប្រជាធិបតេយ្យ ដោយបានធ្វើឲ្យខ្លួនអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ចំពោះទង្វើដែលខ្លួនបានអះអាង។

ដោយបានលើកឡើងពីបញ្ហាមួយចំនួន តួយ៉ាងដូចជា ការកាត់ទោសមេដឹកនាំអតីតបក្សប្រឆាំងលោក កឹម សុខា ការជម្លៀសប្រជាជនចេញពីតំបន់អង្គរ បញ្ហាបំណុលរបស់ប្រជាពលរដ្ឋ ជាដើមនោះ លោក សម រង្ស៊ី ថា លោក ហ៊ុន ម៉ាណែត ពុំបានធ្វើអ្វីដើម្បីជួយសម្រាលបញ្ហាប្រជាពលរដ្ឋសោះឡើយ។ ផ្ទុយមកវិញ លោក ហ៊ុន ម៉ាណែត មានតែការអះអាងអំពី ការបោះគោលដៅសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០ តែប៉ុណ្ណោះ។ នេះបើតាមលោក សម រង្ស៊ី។

ប្រធានស្តីទីនៃអតីតបក្សប្រឆាំងរូបនេះ បានអះអាងទៀតថា ៤៥ឆ្នាំ នៅក្រោយការដួលរលំនៃរបបខ្មែរក្រហមមកនេះ គឺកម្ពុជានៅតែជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍតិចតួច ខណៈដែលប្រជាពលរដ្ឋកំពុងជួបបញ្ហានឹងបំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ តាមលោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានធ្វើអ្វី ក្រៅតែពីការនាំពាក្យជំនួសលោក ហ៊ុន សែន ដែលជាឪពុករបស់ខ្លួនប៉ុណ្ណោះ។

ទោះយ៉ាងណា ការចំអកឡកឡាយរបស់លោក សម រង្ស៊ី បែបនេះ លោក ហ៊ុន ម៉ាណែត នៅថ្ងៃនេះ បានតបវិញថា ការលើកឡើងនោះ គឺផ្ទុយទាំងស្រុង។ ពោលជាង១០០ថ្ងៃក្នុងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអះអាងថា ប្រជាពលរដ្ឋកម្ពុជារស់នៅដោយភាពរីករាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ