អានតួអត្ថបទ

កម្ពុជា៖ក្រសួងសុខាភិបាលបញ្ជាក់ពីការរកឃើញជំងឺអុតស្វាដំបូងលើពលរដ្ឋខ្មែរ

នៅថ្ងៃពុធ ទី១៣ ធ្នូ ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញករណីអុតស្វាដ៏កម្រលើបុរសវ័យ២៨ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ នេះជាការរកឃើញជំងឺអុតស្វាដំបូងលើពលរដ្ឋខ្មែរ ក្រោយពីជំងឺមួយនេះធ្លាប់បានរកឃើញលើជនជាតិនីហ្សេរីយ៉ាក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន។

រូបតំណាងនៃជំងឺអុតស្វា
រូបតំណាងនៃជំងឺអុតស្វា © WHO
ផ្សាយពាណិជ្ជកម្ម

លទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃអង្គារទី១២ខែធ្នូបានបង្ហាញថា បុរសជនជាតិខ្មែរវ័យ២៨ឆ្នាំម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺអុតស្វា ឬmpox។ នេះបើតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣ធ្នូដោយបញ្ជាក់ថា ជាការរកឃើញប្រមាណ២សប្ដាហ៍ ក្រោយអ្នកជំងឺ ផ្ដើមមានរោគសញ្ញាកាលពីចុងខែវិច្ឆិកាកន្លងមក។ ជាការកត់សម្គាល់ នេះជាការរកឃើញជំងឺអុតស្វាដំបូងលើពលរដ្ឋខ្មែរ ក្រោយក្នុងប្រទេសកម្ពុជា ធ្លាប់មានតែជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញមានជំងឺនេះក្នុងឆ្នាំ២០២២។ 

តាមក្រសួងសុខាភិបាលដដែល  ក្រោយរកឃើញថាមានវិជ្ជមានអុតស្វា អ្នកជំងឺត្រូវបានដាក់សម្រាកព្យាបាលឲ្យនៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ ខណៈបច្ចុប្បន្នក្រសួងកំពុងស្រាវជ្រាវរកអ្នកដែលអាចពាក់ព័ន្ធទាំងអស់។ ក្រសួងបានឲ្យដឹងថា អ្នកជំងឺមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបន្ថែមថា ជាទូទៅ អ្នកជំងឺអុតស្វា មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើខ្លួនប្រាណ គ្រុនក្ដៅ ឈឺសាច់ដុំឈឺខ្នង ឈឺក្បាល អស់កម្លាំង និងហើមកូនកណ្ដុរជាដើម។ ការចម្លងជំងឺនេះ អាចធ្វើឡើងតាមរយៈការប៉ះពាល់ស្និទ្ធនឹងអ្នកជំងឺ និងការមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកមានវិជ្ជមានជំងឺនេះជាដើម។ ក្រៅពីនេះ ស្រ្តីដែលមានផ្ទៃពោះ ក៏អាចចម្លងជំងឺទៅកូនផងដែរ បើរកឃើញថាមានជំងឺអុតស្វានេះ អំឡុងពេលមានផ្ទៃពោះ។

យោងតាមអង្គការសុខភាពពិភពលោក(WHO) ក្នុងករណីជាច្រើន អ្នកជំងឺអាចជាសះស្បើយពីជំងឺអុតស្វាក្នុងរយៈពេលពី២ទៅ៤សប្ដាហ៍។ ទោះជាយ៉ាងណា  និងបើទោះជាហានិភ័យនៃការស្លាប់ក្នុងចំណោមអ្នកជំងឺអុតស្វាស្ថិតក្នុងកម្រិតទាបក្ដី ការផ្ទុះឡើងនៃជំងឺនេះក្នុងឆ្នាំ២០២២ ធ្លាប់ត្រូវបានWHO ប្រកាសជាភាពអាសន្នសុខភាពសាធារណៈមួយនៃការព្រួយបារម្ភជាអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ