អានតួអត្ថបទ

លោក ​ហ៊ុន សែន ​ថា​ការ​ដាក់​កែវភ្នែក​សិប្បនិម្មិត​ជប៉ុន​ជា​លទ្ធផល​នៃ​សង្គ្រាម

លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅថ្ងៃ​អង្គារ​នេះ ​ដើម្បី​ឲ្យ​ជប៉ុន​ផលិត​កែវភ្នែក​សិប្បនិម្មិត​បន្ថែមទៀត ​ក្រោយ​លោក​ប្រើប្រាស់​កែវភ្នែក​ជប៉ុន​អស់រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។ នៅក្នុង​សំណេរ​តាម​ហ្វេសប៊ុក​របស់​លោក ​លោក ​ហ៊ុន សែន​ រំលេចថា ​ការ​ប្រើប្រាស់​កែវភ្នែក​ ដែល​ជប៉ុន​ជួយ​ផលិត​ឲ្យនេះ ​គឺជា​លទ្ធផល​នៃ​ប្រទេស​មាន​សង្គ្រាម ​ដែល​ពេលនេះ​លោក​ត្រូវតែ​រក្សា​ឲ្យបាន​នូវ​សន្តិភាព​។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា © SHS
ផ្សាយពាណិជ្ជកម្ម

អមដោយ​រូបភាពនៅក្នុង​យន្តហោះទំនើប​ខ្នាតតូច ​ដែល​រួមដំណើរដោយ​ក្រុមគ្រួសារ​លោក​ផងនោះ ​លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏មានឥទ្ធិពល ​និងជា​អតីត​នាយករដ្ឋមន្ត្រី​ បាន​សរសេរនៅលើ​ហ្វេសប៊ុក​របស់លោក​ថា លោកកំពុង​ធ្វើដំណើរទៅ​ទីក្រុង​តូក្យូ ​ប្រទេសជប៉ុន ​ដើម្បី​ផលិត​កែវភ្នែក​សិប្បនិមិ្មត ​ដែលលោក​បានប្រើប្រាស់​អស់រយៈពេល ​៣៤ឆ្នាំមក​ហើយ(​១៩៩០-២០២៤)​។

លោក ​ហ៊ុន សែន ​ដែលពិការ​ភ្នែក​ម្ខាង ខាង​ឆ្វេង បានសរសើរ ​និង​អរគុណ​ជប៉ុនថា​រយៈពេល ៣៤​ឆ្នាំកន្លងទៅនេះ ​ការប្រើកែវភ្នែក​សិប្បនិម្មិត​ជប៉ុនមិនដែល​ធ្វើឲ្យលោក​ឈឺភ្នែក ឬ​ឈឺក្បាល​អ្វីឡើយ ​ខុសពីកែវភ្នែក ដែល​លោក​ប្រើអំឡុងឆ្នាំ​១៩៧៥ ​ដល់ឆ្នាំ​១៩៩០​ ដែល​តែងតែ​ធ្វើឲ្យលោកឈឺភ្នែក​ និង​ឈឺក្បាល​។

លោកថា ​កាលពីឆ្នាំ ​២០១៧ ​រដ្ឋាភិបាលជប៉ុន​បានជួយផលិត​កែវភ្នែកជា​ជំនួយចំនួន​ ៥គ្រាប់ ​លើកនេះ​ភាគី​ជប៉ុន នឹងជួយផលិត​ចំនួន ៥​គ្រាប់ទៀត​ ដែលអាច​ប្រើបានរយៈពេល​១០ឆ្នាំ​ទៀត​ ពោលគឺ​មួយឆ្នាំ​ប្រើមួយគ្រាប់​។

តាមរយៈ​ការបំពាក់កែវភ្នែក​សិប្បនិម្មិត​របស់ជប៉ុន​ប្រកបដោយ​សុវត្ថិភាព​ដូច្នេះ ​លោក ហ៊ុន សែន ​ក៏បានភ្ជាប់​សារនយោបាយ​មួយឃ្លាថា ​វាជាលទ្ធផល​នៃ​ប្រទេស​ ដែលមាន​សង្គ្រាម ដូចនេះ​បានជា​លោកដឹកនាំ​ស្វែងរក​សន្តិភាព ​និង​រក្សាសន្តិភាព​។

សូមរំលឹកថា ​លោក ហ៊ុន សែន ​បានជួបគ្រោះថ្នាក់​ពិការភ្នែក​ខាងឆ្វេង​នៅថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​១៩៧៥ អំឡុងពេល​ដែលលោកធ្វើជា​កងទ័ព និង​មានការប្រយុទ្ធគ្នា​នៅក្នុង​សមរភូមិ​។ នេះបើតាម​ការលើកឡើង​របស់​លោក​ជាបន្តបន្ទាប់​កន្លងមក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ