អានតួអត្ថបទ

ក្រសួងចំនួន២ ព្រមានពីគ្រោះថ្នាក់នៃការផ្សព្វផ្សាយ និងសេពគ្រឿងស្រវឹង

ក្រសួង​ព័ត៌​មាន​បាន​ចេញ​បម្រាម ​ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ផ្តល់​រង្វាន់ ​និង​ប្រើ​ប្រាស់​ស្ត្រី​ និង​អនីតិជន​អាយុ​ក្រោម​១៨ឆ្នាំ ឲ្យផ្សាយ​គ្រឿង​ស្រវឹង ខណៈក្រសួង​សុខាភិបាល​បានចេញការព្រមានពីគ្រោះ​ថ្នាក់​ដល់សុខភាព​ដោយសារតែ​ការ​ពិសារគ្រឿង​ស្រវឹង។ ការ​ចេញ​បម្រាម​នេះ​ធ្វើ​ឡើង ​បន្ទាប់ពីមានប្រតិកម្ម​រិះគន់​ថ្មីៗនេះ លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​​កញ្ចក់​ទូរទស្សន៍ ដោយ​ប្រើ​ឲ្យ​យុវជន​ក្មេងៗ​សេពគ្រឿង​ស្រវឹង​ដើម្បី​យក​រង្វាន់។

យុវជនមួយចំនួនដែលត្រូវបានគេប្រើឲ្យផ្សាយគ្រឿងស្រវឹង
យុវជនមួយចំនួនដែលត្រូវបានគេប្រើឲ្យផ្សាយគ្រឿងស្រវឹង © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ចេញ​ថ្ងៃ៨មករា២០២៤ រដ្ឋមន្ត្រី​ក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់​ថា ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ផ្តល់​រង្វាន់ គឺជា​សកម្ម​ភាព​អូសទាញ​ពលរដ្ឋ​ឲ្យ​សេព​គ្រឿង​ស្រវឹង ពិសេសយុវជន។ ចំណែកការ​ប្រើប្រាស់ស្ត្រី និងអនីតិជន​អាយុ​ក្រោម​១៨ឆ្នាំ ឲ្យផ្សាយ​គ្រឿង​ស្រវឹង ត្រូវបាន​ក្រសួងព័ត៌មាន ចាត់ទុកថា គឺ​ប៉ះពាល់ដល់​សិទ្ធិ​ និង​សេចក្តី​ថ្លៃថ្នូរបស់​ស្ត្រី។

​ការ​ចេញ​បម្រាបរបស់​ក្រសួងព័ត៌មាន ដោយសារតែ​សង្កេត​ឃើញថា ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង និង​ផ្តល់​រង្វាន់​សន្ធឹក​សន្ធាប់ ដែលនេះជាការអូសទាញ​ឲ្យ​យុវជនសេព​គ្រឿង​ស្រវឹង។ ករណីនេះ​ ក្រសួងចាត់ទុកថា ជាការ​ពង្វក់​យុវជន​ឲ្យធ្លាក់​ក្នុង​គ្រោះ​ថ្នាក់​នៃគ្រឿង​ស្រវឹង និង​ខូចអានាគតទំពាំងស្នងឬស្សីថែមទៀតផង។

បន្ថែមពី​ការ​ចេញបម្រាម​របស់​ក្រសួងព័ត៌មាន ក្រសួង​សុខា​ភិបាល​នៅថ្ងៃទី៩មករា២០២៤ ក៏បាន​ចេញ​ការ​ព្រមាន​ពីផលប៉ះពាល់​នៃការ​សេព​គ្រឿង​ស្រវឹងនេះដែរ។

បើតាម​ក្រសួង​​សុខាភិបាល ការ​សេពគ្រឿង​ស្រវឹង​នឹងបង្ក​ឲ្យកើត​ជំងឺ ​ក្រិន​ថ្លើម ជំងឺមហារីក មាត់ បំពង់ករ ពោះវៀនធំ ធ្វើ​ឲ្យ​ប្រព័ន្ធរាងកាយចុះខ្សោយ ក្លាយជាមនុស្សញៀនគ្រឿង​ស្រវឹង អសមត្ថភាព​ផ្លូវភេទ ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល និងបញ្ហាសុខភាពផ្លូវចិត្ត។

ក្រសួង​សុខាភិបាល បានអំពាវនាវឲ្យ​ស្ថាប័នពាក់​ព័ន្ធចូល​រួម​ទប់​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង និង​ជំរុញ​ឲ្យ​ផ្លាស់​ប្តូរឥរិយាថបបុគ្គលសេពគ្រឿង​ស្រវឹងទាំងនៅតាមគ្រួសារ សហគមន៍ និង​សាលារៀន ខណៈការ​សេពគ្រឿង​ស្រវឹងក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរនៅពេល​បើក​បរ។

 

យោងតាមរបាយការណ៍របស់ Wisevoter  កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។   

ក្រុមអ្នកធ្វើតស៊ូមតិធ្លាប់លើកឡើងថា រដ្ឋាភិបាលគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាទើបល្អ ជាពិសេសកំណត់អាយុផឹកស្រា ពីព្រោះការផឹកស្រាក៏ជាចំណែកមួយធ្វើឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យខាតទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ