អានតួអត្ថបទ

លោក ​ហ៊ុន សែន៖​ ខ្ញុំបន្ត​រស់​រហូត​កំចាត់​ពួក​ជ្រុលនិយម​អស់​ទើប​លាចាក​លោក

អតីត​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​មករា​ម្សិលមិញ​ថា​ លោកនៅមាន​សុខភាព​ អាចរស់​បាន​រហូត​កំចាត់​ក្រុមជ្រុល​និយម​អស់។ ​ការបញ្ជាក់​របស់លោក ​ហ៊ុន សែន គឺ​បន្ទាប់ពី​មានការលើកឡើង​របស់​សកម្មជន​ប្រឆាំង​មួយចំនួន​ថា​សុខភាពរបស់​លោក​មិនល្អ ​ហើយមិនដឹង​ថា​អាចវិល​ត្រលប់​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជាវិញ​បាន ​ឬ​អត់​នោះទេ​។

លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

នៅក្នុងដំណើរ​វិលត្រលប់ពី​ប្រទេសជប៉ុន​មកកម្ពុជាវិញ ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ​បានឆ្លៀតឆ្លើយតប​ទៅនឹង​សកម្មជន​ប្រឆាំងថា​សុខភាព​របស់លោក​អាចបន្តរស់​រហូតកំចាត់ចោល​ពួកជ្រុលនិយម​អស់ពីកម្ពុជា​ទើបលាចាក​លោកទៅ។ ​ផ្ទុយទៅវិញ​លោក ហ៊ុន សែន ​បានផ្តល់យោបល់​ដល់អ្នករិះគន់​ពីសុខភាពលោក ​ឲ្យការពារ​សុខភាពពួកគេ​ប្រសើរជាង​គិតពីសុខភាព​របស់លោក​។

ការឆ្លើយតប​បែបឌឺដង​របស់លោក ​ហ៊ុន សែន ​តាមរយៈសំណេរ​លើហ្វេសប៊ុក ​គឺបន្ទាប់ពី​សកម្មជន​ប្រឆាំង ដែល​លោក ​ហ៊ុន សែន ​ថា​ជាក្រុមប្រឆាំង​ជ្រុលនិយម បាន​បំផុសដំណឹងថា​សុខភាពរបស់លោក​មិនល្អ ដោយមក​លាងឈាម​នៅជប៉ុន ​មិនដឹងថា​ត្រឡប់ទៅប្រទេស​វិញ​បាន ឬអត់ទេ​។

ទោះយ៉ាងណា​អតីតនាយករដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់តាម​សំណេរថា ​ក្រោយម៉ោង ២​ល្ងាច ថ្ងៃទី១២ ​មករា ​ឆ្នាំ២០២៤ ​លោកនឹង​មានវត្តមាននៅ​កម្ពុជាវិញ ​ហើយប្រាប់​ពួកជ្រុលនិយម​កុំឲ្យ​បារម្ភពី​លោក ​គិតពី​ខ្លួនឯង​ល្អជាង​។

សូមរំលឹកថា​កាលពី​ថ្ងៃអង្គារ​ដើមសប្តាហ៍នេះ ​លោក​ ហ៊ុន សែន ​អមដោយ​សមាជិកគ្រួសារ​មួយចំនួន​បានធ្វើដំណើរ​ទៅកាន់​ប្រទេសជប៉ុន ​ដើម្បីផលិត​កែវភ្នែក​សិប្បនិម្មិត​ចំនួន៥​គ្រាប់​បន្ថែម ​សម្រាប់​ប្រើប្រាស់រយៈពេល​១០ឆ្នាំ​ទៅមុខ ​នៅលើ​ភ្នែកខាងឆ្វេង​របស់​លោក ​ដែល​ពិការ​ដោយសារ​សង្គ្រាម។​ លោក ​ហ៊ុន សែន​ ថាអស់រយៈពេល​៣៤​ឆ្នាំ ​លោក​ប្រើប្រាស់​កែវភ្នែក​សិប្បនិម្មិត ​ដែលផលិតនៅ​ជប៉ុន ​មិនធ្វើឲ្យ​លោក​ឈឺភ្នែក ​ឬ​ឈឺក្បាល​អ្វីឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ