អានតួអត្ថបទ

ក្រសួងសុខាភិបាលព្រមានការប្រើវ៉ាក់សាំង Qdenga ដែល  WHO មិនទាន់ទទួលស្គាល់

នៅថ្ងៃទី២៤  មករា  ក្រសួងសុខាភិបាលកម្ពុជា បានដាស់តឿនឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមមួយប្រភេទឈ្មោះថា  Qdenga។ តាមក្រសួង វ៉ាក់សាំងប្រភេទនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) នៅឡើយទេ។ 

រូបតំណាង
រូបតំណាង AP - Rick Bowmer
ផ្សាយពាណិជ្ជកម្ម

 

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៥ ខែមករានេះ  វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមប្រភេទ Qdenga កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងចំណោមដំណាក់កាលសិក្សាសរុប៤នៅឡើយ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអះអាងដោយយោងតាមការព្រមានរបស់អង្គការសុខភាពពិភពលោកថា វ៉ាក់សាំងនេះ ដើរតួនាទីជាអ្នកចម្លងជំងឺគ្រុនឈាមលើកទី១ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាម  និងដែលអាចវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរនៅពេលកើតជំងឺគ្រុនឈាមលើកទី២បាន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដដែលបានបន្ថែមថា ក្រៅពីមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) វ៉ាក់សាំង Qdenga នេះ នៅមិនទាន់ត្រូវបានទទួលស្គាល់ពីនាយកដ្ឋានចំណីអាហារ  និងឱសថ  (FDA) របស់សហរដ្ឋអាមេរិក  និងក៏នៅមិនទាន់ត្រូវបានកម្ពុជាចុះក្នុងបញ្ចិកាផងដែរ។

ការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលកម្ពុជាពេលនេះ ធ្វើឡើង បន្ទាប់ពីក្រសួងសង្កេតឃើញថា  វ៉ាក់សាំង Qdengaនេះ ត្រូវបានផ្សព្វផ្សាយឲ្យប្រើប្រាស់នៅតាមបណ្ដាញទំនាក់ទំនងសង្គម និងដោយបុគ្គលមួយចំនួន។

គួររម្លឹកថា វ៉ាក់សាំងQdenga ធ្លាប់ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយក្រុមអ្នកប្រឹក្សាយុទ្ធសាស្រ្តនៃការចាក់ថ្នាំបង្ការហៅកាត់  (SAGE) របស់អង្គការសុខភាពពិភពលោក  កាលពីខែកញ្ញា  ឆ្នាំ២០២៣។ មួយវិញទៀត  អត្ថបទព័ត៌មានមួយចុះផ្សាយដោយ  Reuters បានឱ្យដឹងថា Qdengaនេះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងសហភាពអឺរ៉ុប កាលពីខែធ្នូ  ឆ្នាំ២០២២ដែរ។

សូមជម្រាបថា វ៉ាក់សាំង  Qdenga គឺផលិតផលមួយរបស់ក្រុមហ៊ុនTakeda Pharmaceutical ដែលមកពីប្រទេសជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ